រថភ្លើងមួយខ្សែបានធ្លាក់កង់ចេញពីផ្លូវបណ្តាលឱ្យក្រឡាប់នៅព្រឹកថ្ងៃទី៨ ខែមិថុនា បណ្តាលឱ្យមនុស្ស១៧នាក់ស្លាប់ និងជាង ៥០នាក់រងរបួស។
អាជ្ញាធរក្នុងតំបន់បានឱ្យដឹងថា រថភ្លើងដឹកអ្នកដំណើរមួយផ្នែកបានក្រឡាប់ធ្លាក់ផ្លូវនៅភាគខាងកើតប្រទេសអ៉ីរ៉ង់ នាព្រឹកថ្ងៃពុធនេះ ដោយបានបង្កឱ្យមនុស្សយ៉ាងហោចណាស់១៧នាក់ស្លាប់ និង៥០នាក់ទៀតរងរបួស ដោយក្នុងចំណោមនោះមានខ្លះរងរបួសធ្ងន់ធ្ងរផងដែរ។
បើតាមទូរទស្សន៍រដ្ឋអ៉ីរ៉ង់បានបង្ហាញឱ្យឃើញថា ទូរថភ្លើងចំនួន៤ ក្នុងចំណោមទូរថភ្លើងចំនួន៧កំណាត់បានក្រឡាប់ធ្លាក់ផ្លូវ នៅក្នុងភាពងងឹតនាពេលព្រឹកព្រលឹមថ្ងៃពុធនេះ នៅជិតទីក្រុងតាបាស់ (Tabas) ដែលមានចម្ងាយប្រហែល៥៥០គីឡូម៉ែត្រពីភាគអាគ្នេយ៍នៃរដ្ឋធានីតេអេរ៉ង់ (Teheran)។
អភិបាលក្រុង Tabas លោក អាលី អាក់បា រ៉ាហ៉ីមី (Ali Akbar Rahimi) បាននិយាយថា រថភ្លើងក្រឡាប់ធ្លាក់ផ្លូវបានសម្លាប់មនុស្សយ៉ាងហោចណាស់១៧នាក់ និងមនុស្សរាប់សិបនាក់ទៀតបានរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយខ្លះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងតំបន់។ ចំនួនអ្នកស្លាប់និងរងរបួសនេះអាចនឹងកើនឡើង ខណៈដែលរថភ្លើង ត្រូវគេរាយការណ៍ថា មានផ្ទុកអ្នកដំណើរប្រហែល៣៥០នាក់ ។
គ្រោះថ្នាក់នេះ បានកើតឡើងប្រហែល៥០គីឡូម៉ែត្រពីទីក្រុង Tabas នៅលើផ្លូវដែកដែលភ្ជាប់ទៅកាន់ទីក្រុង ហ្សាដ (Yazd)។ រីឯមូលហេតុនៃគ្រោះថ្នាក់នេះ គឺកំពុងស្ថិតក្រោមការស៊ើបអង្កេត ខណៈដែលរបាយការណ៍បឋមបានអះអាងថា រថភ្លើងបានបើកបុកជាមួយអេស្កាវ៉ាទ័រនៅជិតផ្លូវដែក ប៉ុន្តែវាមិនទាន់ត្រូវបានគេដឹងច្បាស់ថា ហេតុអ្វីបានជាមានអេស្កាវ៉ា
ទ័រនៅជិតផ្លូវនៅពេលយប់យ៉ាងដូច្នោះ។ បើតាមមន្ត្រីម្នាក់បានលើកឡើងថា វាអាចស្ថិតក្នុងផ្នែកនៃគម្រោងជួសជុល។
គ្រោះថ្នាក់រថភ្លើងដ៏អាក្រក់បំផុត ក្នុងប្រវត្តិសាស្រ្តសម្រាប់ប្រទេសអ៉ីរ៉ង់ គឺបានកើតឡើងកាលពីឆ្នាំ២០០៤ នៅពេលរថភ្លើងមួយខ្សែ ដែលផ្ទុកប្រេងសាំង ជីកសិកម្ម ស្ពាន់ធ័រ និងកប្បាស បានជួបគ្រោះថ្នាក់នៅក្បែរទីក្រុងណីសាបួរ (Neyshabur) ដោយហេតុការណ៍នោះបានផ្តាច់ជីវិតមនុស្សរហូតដល់៣២០នាក់ និងបង្កឱ្យរបួស៤៦០នាក់ផ្សេងទៀត។ ដោយឡែកគ្រោះថ្នាក់រថភ្លើងកាលពីឆ្នាំ២០១៦ ក៏បានសម្លាប់មនុស្សរាប់សិបនាក់ និងបង្កឱ្យរបួសជាច្រើននាក់ផងដែរ៕ ដោយធីរីណា
រូបថត : AFP