ភ្នំពេញ : នៅព្រឹកថ្ងៃពុធ ទី០៨ ខែមិថុនា ឆ្នាំ២០២២ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាព្រះស្ថាបនិកមូលនិធិ មុទិតា នាំយកព្រះរាជអំណោយដ៏ថ្លៃថ្លា សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ រួមមាន៖
– អាវសិស្ស ចំនួន ៦០០អាវ
– សំពត់សិស្ស ចំនួន ៣០០សំពត់
– ម៉ាស់ ចំនួន ២កេស
ប្រទានដល់តំណាងកូនចៅ ចៅទួត សិស្សានុសិស្ស នៅក្នុងសហគមន៍ផ្ទះគម្រូស្ត្រីរបស់អង្គការមូលនិធិកុមារកម្ពុជា។
សូមបញ្ជាក់ថា, ឆ្លៀតក្នុងឱកាសនោះដែរ សម្តេចរាជបុត្រីព្រះអនុជបាននាំនូវព្រះរាជបណ្តាំសួរសុខទុក្ខ និងព្រះរាជហឫទ័យផ្តាំផ្ញើនឹករលឹកបន្ថែមដល់កូនចៅ ចៅទួតពីសំណាក់ ហ្លួងម៉ែ សម្តេចយាយ សម្តេចយាយទួត និង ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជូនកូនចៅ ប្រជានុរាស្ត្ររបស់ព្រះអង្គដែលមានវត្តមាននៅក្នុងកម្មវិធីខាងលើនេះផងដែរ។
ម្យ៉ាងមួយវិញទៀតដោយគោរពដង្ហែតាមព្រះរាជសកម្មភាពមនុស្សធម៌ដ៏ឧត្តុង្គឧត្តមរបស់ព្រះអង្គ មូលនិធិមុទិតា បាននាំយកនូវអង្ករ ចំនួន ២តោន និងសាប៊ូកម្ចាត់មេរោគ ចំនួន ២កេស ព្រមទាំងក្រម៉ា និងនំមួយចំនួន ចែកជូនបន្ថែមដល់ សិស្សានុសិស្ស និងអាណាព្យាបាល ព្រមទាំងប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍ផ្ទះគម្រូស្ត្រីខាងលើផងដែរ ៕
ដោយ : សហការី