ក្រុមបានប្រកាសថា ខ្សែប្រយុទ្ធបែលហ្ស៊ិក Romelu Lukaku នឹងខកខានការប្រកួតក្នុងពូល UEFA Nations League នៅថ្ងៃពុធនេះជាមួយក្រុមប៉ូឡូញ ដោយសាររបួសកជើងស្តាំក្នុងការរងបរាជ័យយ៉ាងធ្ងន់ធ្ងរក្នុងទឹកដីខ្លួនឯងក្រោមស្នាដៃក្រុមហូឡង់កាលពីថ្ងៃសុក្រសប្តាហ៍មុន។
Lukaku បានចាប់ផ្តើមការប្រកួតបើកឆាក Nations League របស់បែលហ្សិកទល់នឹងហូឡង់កាលពីថ្ងៃសុក្រ ហើយបានរងរបួសនៅក្នុងការប៉ះទង្គិចជាមួយខ្សែការពារ Nathan Ake មុនពេលចាកចេញពីទីលានតិចជាង៣០នាទីក្នុងការប្រកួតដែលក្រុមរបស់គាត់បានចាញ់ ៤-១ ។សហព័ន្ធបាល់ទាត់បែលហ្ស៊ិកបានសរសេរនៅលើ Twitter កាលពីថ្ងៃអង្គារថា ខ្សែប្រយុទ្ធ Chelsea ដែលបានរងរបួសផងដែរនៅក្នុងការប៉ះទង្គិចគ្នានៅទីលានហ្វឹកហាត់ មុនពេលការប្រកួតជាមួយហូឡង់បានចាប់ផ្តើមព្យាបាល ហើយនឹងខកខានការប្រកួតជាមួយប៉ូឡូញ។ ក្រុមបែលហ្ស៊ិកមិនបានប្រកាសថា តើកីឡាករវ័យ២៩ឆ្នាំរូបនេះនឹងអាចជាសះស្បើយទាន់ពេលសម្រាប់ការប្រកួតរបស់ពួកគេជាមួយនឹងក្រុមវែលនៅថ្ងៃសៅរ៍ ឬការប្រកួតជើងទី២ក្នុងទឹកដីប៉ូឡូញសប្តាហ៍ក្រោយនោះទេ។
គួរបញ្ជាក់ថា ក្រុមជម្រើសជាតិបែលហ្ស៊ិកនឹងត្រូវស្វាគមន៍ក្រុមភ្ញៀវប៉ូឡូញនៅរាត្រីថ្ងៃពុធ ទី៨ មិថុនានេះក្នុងការប្រកួតជម្រុះពូល A4 ដែលមានហុល្លង់, ប៉ូឡូញ និងវែល។ ការប្រកួត១ប្រកួតកន្លងមកក្នុងពូលនេះគឺហុល្លង់កំពុងឈរលេខ១ ដោយទទួលបាន៣ពិន្ទុដូចនឹងក្រុមលេខ២ប៉ូឡូញដែលមាន៣ពិន្ទុដែរក្រោយពីឈ្នះវែល២ទល់១ ៕ (រូបភាព ៖ Reuters/CNA)