ទីក្រុងមូស្គូបានប្រតិកម្មយ៉ាងខ្លាំង ប្រសិនបើរុស្ស៊ីរងការវាយប្រហារណាមួយដោយប្រព័ន្ធមីស៊ីលរយៈចម្ងាយឆ្ងាយដែលប្រទេសលោកខាងលិចផ្តល់ឱ្យអ៊ុយក្រែននោះ។
មន្ត្រីជាន់ខ្ពស់រុស្ស៊ីបានឱ្យដឹងថា «យើងបានចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើការផ្តល់អាវុធរយៈចម្ងាយឆ្ងាយពីប្រទេសលោកខាងលិចឱ្យទៅអ៊ុយក្រែន ហើយប្រព័ន្ធមីស៊ីលទាំងនោះអាចគំរាមកំហែងដល់ប្រទេសរុស្ស៊ី ។ យើងសូមបញ្ជាក់ថា ប្រសិនបើអ៊ុយក្រែនប្រើប្រាស់មីស៊ីលទាំងនោះវាយប្រហារទឹកដីរុស្ស៊ីនោះ គឺនឹងទទួលរងការវាយបកវិញយ៉ាងខ្លាំងពុំខាន។
នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានចុះហត្ថលេខាលើក្រឹត្យមួយដើម្បីដាក់ទណ្ឌកម្មលើ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀរ ពូទីន ក៏ដូចជាមន្រ្តីកំពូលៗរបស់រុស្ស៉ីរាប់សិបនាក់ផ្សេងទៀត ក្នុងនោះរួមមានការបង្កកទ្រព្យសម្បត្តិ និងហាមឃាត់ការធ្វើដំណើរចូលក្នុងប្រទេសអ៊ុយក្រែនជាដើម។
មន្រ្តីរុស្ស៉ី ដែលត្រូវរងទណ្ឌកម្មរួមមាននាយករដ្ឋមន្រ្តីរុស្ស៉ី លោក Mikhail Mishustin រដ្ឋមន្រ្តីការបរទេស លោក Sergei Lavrov រដ្ឋមន្រ្តីការពារជាតិលោក Sergei Shoigu និងអ្នកនាំពាក្យរបស់លោក ពូទីន គឺលោក Dmitry Peskov ផងដែរ។
បើតាមរដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន លោក Dmytro Kulebaបានបញ្ជាក់ថា ដោយសារតែរុស្ស៉ីហាក់ដូចជាមានបំណងចង់ប្រយុទ្ធនៅអ៊ុយក្រែនរហូតដល់ ដំណាក់កាលចុងក្រោយ ដូច្នេះវាពិតណាស់សម្ពាធតាមរយៈទណ្ឌកម្មគឺត្រូវតែបង្កើនឡើង។
នៅក្នុងដំណាក់កាលដំបូងនៃសង្រ្គាម លោក ហ្សេលេនស្គី បានជំរុញឱ្យមានជំនួបដោយផ្ទាល់ជាមួយលោក ពូទីន ប៉ុន្តែ វិមានក្រឹមឡាំងបានរិះគន់នូវគំនិតនេះ ដោយលើកឡើងថាមានការចរចាសន្តិភាពជាច្រើនដែលបានធ្វើឡើងរវាងគណៈប្រតិភូនៃប្រទេសរៀងៗ ខ្លួនរួចទៅហើយ៕ ដោយធីរីណា
រូបថត : Reuters