ខ្សែការពារសញ្ជាតិព័រទុយហ្គាល់ Joao Cancelo និងខ្សែបម្រើស្លាប Goncalo Guedes បានស៊ុតបញ្ចូលទី ក្នុងតង់ទីមួយជួយឲ្យក្រុមនេះយកឈ្នះលើសាធារណរដ្ឋឆេកក្នុងលទ្ធផល ២-០ ក្នុងការប្រកួតពានរង្វាន់ UEFA Nations League ពូល A2 កាលពីថ្ងៃព្រហស្បតិ៍។
Cancelo បានរកគ្រាប់បាល់នាំមុខឱ្យក្រុមជើងឯកឆ្នាំ២០១៩ នៅនាទីទី៣៣ នៃការប្រកួត League A Group 2 ដោយបានស៊ុតផុតអ្នកចាំទី Jindrich Stanek របស់ប្រទេសឆេក មុនពេលខ្សែបម្រើ Guedes វាយបករកបាន១គ្រាប់ទៀតនៅនាទីទី៣៨។ក្រុមព័រទុយហ្គាល់ដែលដឹកនាំដោយលោក Fernando Santos បានកាន់កាប់លើកំពូលតារាងក្នុងពូលជាមួយនឹង៧ពិន្ទុពីការប្រកួត៣លើក។ ព័រទុយហ្គាល់ធ្វើដំណើរទៅកាន់ប្រទេសស្វីសនៅថ្ងៃអាទិត្យ ដែលធ្លាប់យកឈ្នះនៅក្នុងទឹកដីព័រទុយហ្គាល់ម្តងរួចហើយក្នុងលទ្ធផល ៤-០ ក្នុងការជួបគ្នាកាលពីជើងទី១។ចំណែកគ្រាប់បាល់ដំបូងរបស់កីឡាករ Pablo Sarabia បានធ្វើឱ្យក្រុមជម្រើសជាតិអេស្ប៉ាញឈ្នះ ១-០ នៅប្រទេសស្វីសកាលពីរាត្រីថ្ងៃព្រហស្បតិ៍ ទី៩ មិថុនា ដែលជាជ័យជម្នះលើកដំបូងរបស់ពួកគេក្នុងពានរង្វាន់ UEFA Nations League ឆ្នាំនេះ។ក្រុមចុងក្រោយកាលពីឆ្នាំមុនបានគ្រប់គ្រងការប្រកួតតាំងពីដើមដំបូង ប៉ុន្តែអាចស៊ុតបញ្ចូលទីបានតែម្តងគត់ នៅពេលដែល Sarabia ស៊ុតពីចម្ងាយនៅនាទីទី១២បន្ទាប់ពីការបញ្ជូនបាល់ដោយ Marcos Llorente ។ជ័យជម្នះនេះធ្វើឲ្យក្រុមអេស្ប៉ាញមាន៥ពិន្ទុពីការប្រកួតបើកឆាកក្នុងពូល A2 ចំនួន៣ប្រកួតដើម្បីឈរពីក្រោយក្រុមកំពូលតារាងព័រទុយហ្គាល់ពីរពិន្ទុ និងនាំមុខក្រុមលេខ៣សាធារណរដ្ឋឆេក២ពិន្ទុ។ ចំណែកស្វីសបានរងបរាជ័យបីលើកជាប់ៗគ្នា ហើយមិនឈ្នះសោះក្នុងការប្រកួត៥លើកចុងក្រោយរបស់ពួកគេចាប់តាំងពីការជម្រុះសម្រាប់ World Cup ឆ្នាំនេះ។
ក្រុមអេស្បាញធ្វើជាម្ចាស់ផ្ទះទទួលក្រុមឆេកនៅម៉ាឡាហ្គានៅថ្ងៃអាទិត្យខាងមុខនេះ។ លោក Luis Enrique គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញបានធ្វើការផ្លាស់ប្តូរចំនួន៨នាក់នៅក្នុងក្រុមចាប់ផ្តើមដែលពិបាកក្នុងការប្រកួតក្នុងលទ្ធផលស្មើ ២-២ ជាមួយសាធារណរដ្ឋឆេកកាលពីប្រកួតមុន ហើយពេលនេះក្រុមអេស្ប៉ាញទទួលបានលទ្ធផលល្អ ដោយបន្តឈរលេខ២ក្នុងពូលពី៣ប្រកួតកន្លងមកគឺស្មើ២ និងឈ្នះ១៕ (រូបភាព ៖ BBC Sport/Reuters/CNA)