តុលាការប្រទេសបូឡាវី នៅថ្ងៃទី ១០ខែមិថុនា (ពេលវេលាក្នុងតំបន់) បានប្រកាសសាលក្រមដាក់ទោសអតីតប្រធានាធិបតីបណ្តោះអាសន្ន លោកស្រី Jeanine Anez ជាប់គុក១០ឆ្នាំពីបទធ្វើរដ្ឋប្រហារកាលពីឆ្នាំ២០១៩ នៅក្នុងប្រទេសនេះ។
សារព័ត៌មានរ៉យទ័រ បានផ្សាយថា អតីតប្រធានាធិបតីស្រី បូឡាវី ត្រូវកាត់ទោសជាប់គុក១០ឆ្នាំ ពីបទ ចេញបទបញ្ជាផ្ទុយពីច្បាប់រដ្ឋធម្មនុញ្ញ និងមិនបំពេញភារកិច្ចបានល្អ ។ ចៅក្រមបានឱ្យដឹងថា លោកស្រី Jeanine Anez ក្នុងពេលលោកស្រីនៅជាសមាជិកព្រឹទ្ធសភានៃគណបក្សប្រឆាំង បានបំពានច្បាប់ សណ្តាប់ធ្នាប់ ប្រជាធិបតេយ្យ និង រដ្ឋធម្មនុញ្ញ ក្នុងពេលបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំ២០១៩ក្នុងប្រទេសបូឡាវី។
មេធាវីរបស់លោកស្រី បានលើកឡើងថា នឹងអំពាវនាវដល់ សហគមន៍អន្តរជាតិជួយស្វែងរកយុត្តិធម៌ដល់អ្នកនយោបាយស្រីរូបនេះ ។ ជាមួយគ្នានេះដែរ ក្រុមប្រឆាំងក៏បានឡើងគម្រោង ដង្ហែក្បួនបាតុកម្ម ដើម្បីប្រឆាំងសាលក្រមខាងលើ។
ប្រទេសបូឡាវី ធ្លាក់ក្នុងវិបត្តិនយោបាយចាប់តាំងពីលោក Morales ជាប់ឆ្នោតប្រធានាធិបតីអាណត្តិទី៤ នៅខែតុលាឆ្នាំ២០១៩ បង្កឱ្យមានបាតុកម្មទ្រង់ទ្រាយធំមនុស្សរាប់សិបនាក់ស្លាប់។ ក្រោយពេលប្រធានាធិបតី Morales បញ្ចប់តំណែងនៅខែវិច្ឆិកាឆ្នាំ២០១៩ ហើយបានភៀសខ្លួនទៅកាន់ប្រទេសម៉ិចស៊ីកូ និងក្រោយមកគឺទៅអាហ្សង់ទីន ដើម្បីភៀសខ្លួននយោបាយ ក្រោយ១៤ឆ្នាំកាន់អំណាច៕ ដោយធីរីណា
រូបថត : The Sun Daily