លោក វេង សាខុន អញ្ជើញក្នុងពិធីបូកសរុបលទ្ធផលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ កាលពីថ្ងៃទី៥ ខែមិថុនា កន្លងមក

ចែករំលែក៖

ខេត្តត្បូងឃ្មុំ : នាព្រឹកថ្ងៃសៅរ៍ ១២កើត ខែជេស្ឋ ឆ្នាំខាល ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០ ២២ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកតំបែរ បានរៀបចំពិធីបូកសរុបលទ្ធផលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ កាលពីថ្ងៃទី៥ ខែមិថុនា កន្លងមក។ ពិធីនេះ ស្ថិតក្រោមអធិបតីភាពលោក វេង សាខុន ប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជន ចុះជួយស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម ព្រមជាមួយ លោកសមាជិកសភា លោកជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកតំបែរ លោកប្រធានក្រុមប្រឹក្សាខេត្ត លោកស្រីប្រធាន-អនុប្រធានក្រុមការងារ និងសហការី ចុះឃុំទាំង ៧ នៃស្រុកតំបែរ លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុក អាជ្ញាធរស្រុក ឃុំ យុវជន សសយក និងបងប្អូនជាសមាជិកបក្សសរុបចំនួន ២៩០នាក់។

លោកប្រធានក្រុមការងារ បានរំលេចអំពីដំណើរដ៏វែងឆ្ងាយនៃការសម្រេចបាននូវភាពជោគជ័យដ៏ធំធេងនេះគឺពិតជាកើតឡើងដោយសារយើងទាំងអស់គ្នាបានខិតខំប្រឹងប្រែង យកអស់កម្លាំងកាយ ចិត្ត ឈរលើស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការចូលរួមសហការបំពេញកាតព្វកិច្ចជាមន្រ្តីបម្រើប្រជាពលរដ្ឋនៅមូលដ្ឋានតាមរយ:ការចុះផ្សព្វផ្សាយគោលនយោបាយអភិវឌ្ឍជាតិ គោលនយោបាយគណបក្ស គោលនយោបាយភូមិឃុំមានសុវត្ថិភាព វេទិការសាធារណ: គោលនយោបាយ ក៣ ការផ្តល់ជំនួយឧបត្ថម្ភដល់ចាស់ជរាគ្មានទីពឹង ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដូចជា ផ្លូវ សាលារៀន មណ្ឌលសុខភាព រួមទាំងវិស័យពុទ្ធចក្រផងដែរ។ល។ ជ័យជម្នះដ៏ធំធេងនេះ លោកបានបញ្ជាក់ថាពិតជាមិនអាចកាត់ផ្តាច់បានពីការ ចូលរួមចំណែកយ៉ាងសំខាន់ពីថ្នាក់ដឹកនាំ សមាជិក សមាជិក និងសកម្មជនគណបក្សទាំងអស់ ដែលបានលះបង់ពេលវេលា និងធនធាន ចូលរួមគាំទ្រដល់បុព្វហេតុចំបងរបស់គណបក្សប្រជាជនកម្ពុជាគឺរក្សាសុខសន្តិភាព ការអភិវឌ្ឍន៍ និងរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈ។ លោកបានគូសបញ្ជាក់ថា សកម្មភាពយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ពិតជាបានប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ ស្ថិតក្រោមបរិយាកាសស្ងប់ស្ងាត់ សុខសន្តិភាព មានសណ្តាប់ធ្នាប់ល្អប្រសើរ និងគ្មានអំពើហិង្សា ។ ទិដ្ឋភាពនេះ បានបង្ហាញទៅកាន់មជ្ឈដ្ឋានជាតិ និងអង្គជាតិ ឲ្យឃើញកាន់តែច្បាស់ពីភាពម្ចាស់ការ ព្រមទាំងឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តរបស់គណបក្សប្រជាជនកម្ពុជាក្នុងការអនុវត្តគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

ឆ្លៀតយកឱកាសនេះ លោកប្រធានក្រុមការងារបានក្រើនរំលឹកជូនអង្គពិធីថា÷ ជាមួយនឹងជ័យជម្នះដែលយើងកំពុងចូលរួមអបអរសាទរ យើងក៏មិនត្រូវទ្វេសប្រហែស ឬមួយ អសកម្ម ដែលឈានទៅដល់ការបណ្តែតបណ្តោយ ជាមួយមោទនភាពជ្រុល និងមិនយកចិត្តទុកដាក់ការងារនៅមូលដ្ឋាននោះឡើយ ផ្ទុយទៅវិញគឺយើងត្រូវតែបន្តយកចិត្តទុកដាក់ការអំពើល្អ ជាមួយនឹងការផ្តល់សេវាឲ្យកាន់តែប្រសើរ កាន់តែសកម្ម មុតស្រួច និងស៊ីជម្រៅថែមទៀតជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីបន្តអនុវត្តផែនការសកម្មភាពឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៧ នៅឆ្នាំ២០២៣។ ក្នុងនោះ ត្រូវពិនិត្យឡើងវិញលើសមិទ្ធផលដែលយើងបានកសាងកន្លងមកថាតើវាបានជះឥទ្ធិពលវិជ្ជមានលើកម្រិត ជីវភាព សន្តិសុខ សណ្តាប់ធ្នាប់ និងការអភិវឌ្ឍសង្គមក្នុងកម្រិតណា? ការផ្តល់សេវាសាធារណ: ជាមួយការគាំទ្រថវិកាមានប្រសិទ្ធភាពកម្រិតណា? មានចំណុចអវិជ្ជមានអ្វីខ្លះដែរត្រូវធ្វើការកែលម្អ? ត្រូវពង្រឹងសមត្ថភាព និងប្រសិទ្ធភាពការងារ វិជ្ជាជីវ:មន្រ្តីបម្រើប្រជាជន ក្រមសីលធម៌ សុជីវធម៌ និងរបៀបរបបការងារ។ លើកកម្ពស់ភាពម្ចាស់ការលើការ ដឹកនាំ គ្រប់គ្រង និងដោះស្រាយរាល់បញ្ហាប្រឈមនៅមូលដ្ឋានឲ្យកាន់តែល្អប្រសើរ និងមានប្រសិទ្ធភាព រួមទាំងហេដ្ឋារចនាសម្ព័ន្ធសង្គម និងបរិស្ថានផងដែរ។ ដោយឡែក រាល់បញ្ហា ចំណុចខ្វះខាត ភាពអសកម្ម បាតុភាពអវិជ្ជមានដែលបានកើត ឡើងនៅមុនថ្ងៃ និងអំឡុងពេលបោះឆ្នោតកន្លងមក ត្រូវយកមកពិនិត្យ ពិភាក្សា កែលម្អ និងដោះ ស្រាយឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ទុកជាបទពិសោធន៍សម្រាប់ឆ្នាំ២០២៣។

ជាថ្មីម្ដងទៀត លោកប្រធានក្រុមការងារបានថ្លែងអំណរគុណ និងសូមប្រសិទ្ធពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរ ជូនចំពោះថ្នាក់ដឹកនាំ សមាជិក សមាជិកា និងក្រុមការងារគណបក្សគ្រប់ឋានានុក្រមទាំងអស់ សូមទទួលបាននូវពុទ្ធពរទាំងបួនប្រការកុំបីឃ្លៀងឃ្លាតឡើយ។ លោកក៏បានថ្លែង អំណរគុណចំពោះប្រជាពលរដ្ឋទូទាំងស្រុកតំបែរដែលបានបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា ព្រមទាំងបានចូលរួមរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ក៏ដូចជាគោរតាមបទបញ្ជា និងនីតិវិធីនានាជាធរមាន រួមចំណែកធ្វើឲ្យការរៀបចំព្រឹត្តិការណ៍ជាតិ ដ៏មានសារៈសំខាន់នេះប្រព្រឹត្តទៅដោយរលូន សេរី និងយុត្តិធម៌ ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print