ភ្នំពេញ : សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក៏បានយកឱកាសនេះ ខ្ញុំគួរយកពេលនេះ អរគុណចំពោះប្រជាជនកម្ពុជា ជាង 80% នៃ អ្នកដែលបានចុះឈ្មោះបោះឆ្នោត ហើយបានទៅបោះឆ្នោត ប្រកបដោយភាពស្ងាត់ស្ងៀម អព្យាក្រឹត្យភាពខាងនយោបាយ សេរី និងយុត្តិធម៌។ សម្ដេចតេជោបានលើកឡើងថា, ទោះបីអ្នកណាថាមេច ក៏ថាទៅ ! ប៉ុន្តែការជាក់ស្ដែងវាបានបង្ហាញមកអញ្ចឹង, កម្ពុជាហែរក្បួន អត់មានប៉ះទង្គិច គប់គ្នា វ៉ៃគ្នា ជេរបញ្ចោរគ្នាក៏អត់មាន ! ពិតហើយនៅល្ងាច ពេលបិទហែរក្បួន មានការបោះគ្រាប់បែកឆ្ងាយមួយ នៅឯទីរួមខេត្តសៀមរាប! ខ្ញុំសួរទៅសីហាថា, ម៉េចអាហ្នឹង ? ឥឡូវចាប់បាន គ្រាន់តែរឿងគំនុំជាមួយគ្នាសោះ ទៅច្នៃគ្រាប់បែកបោះដាក់គ្នា ធ្វើឲ្យផ្ទុះ ប៉ុន្តែវាអត់មានឥទ្ធិពល ទំនាក់ទំនងស្អីទៅលើការបោះឆ្នោតនេះទេ។
សម្ដេចតេជោបានមានប្រសាសន៍បន្តថា, បើទោះបីវាមិនបោះឆ្នោតក៏ រឿងហ្នឹងវាកើតដែរ តែវាអត់មានស្លាប់នឹងរបួសអ្នកណាទេ ហើយក្នុង 17 គណបក្ស សុទ្ធតែបានទទួលសន្លឹកឆ្នោតទាំងអស់ ទោះតិចក្តី ទោះច្រើនក្តី ។
សម្ដេចបន្តថា, ខ្ញុំសូមអរគុណបងប្អូនប្រជាពលរដ្ឋដែលបាន ចូលរួមអនុវត្តសិទ្ធិរបស់ខ្លួន នោះគឺសិទ្ធិជ្រើសរើស មេដឹកនាំដែលខ្លួនពេញចិត្ត , ខ្ញុំសូមអរគុណ និងសូមកោតសរសើរៗចំពោះគណៈកម្មធិការរៀបចំជាតិរៀបចំការបោះឆ្នោត ការពារសន្តិសុខការបោះឆ្នោត ដែលដឹកនាំដោយសម្ដេចក្រឡាហោម សខេង ដែលបានធ្វើកិច្ចការដ៏ល្អ សម្រាប់ដំណើរការនៃការបោះឆ្នោត កម្លាំងរបស់យើង ស្ថិតនៅក្រោមការបញ្ជានិងចាត់ចែងរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត យើងទៅបម្រើឲ្យគេ ឲ្យឈរនៅទីណា នៅប៉ុន្មានម៉ែត្រ យើងត្រូវគោរពបែបបទ របស់គេ យើងធ្វើបានល្អ។
សម្ដេចថ្លែងបញ្ជាក់ថា, ចំណុចនេះ ជាចំណុចបង្ហាញឲ្យឃើញ អំពីភាពចាស់ទុំខាងនយោបាយ នៃដំណើរការប្រជាធិបតេយ្យជាទៀងទាត់ របស់កម្ពុជា ព្រោះកម្ពុជាកំណត់មិនតិចជាង 6 ខែ ដែលខ្ញុំចុះហត្ថលេខាលើអនុក្រឹត្យ ព្រោះច្បាប់កំណត់ថា, បោះឆ្នោតឃុំសង្កាត់ត្រូវប្រកាសមុន យ៉ាងតិច 6 ខែ ចឹងគណបក្សនយោបាយនានាបានត្រៀម ខ្លួនរួចរាល់អស់ហើយ សម្រាប់ចូលរួមការបោះឆ្នោតរយៈពេល 6 ខែ ។
សម្តេចតេជោ ហ៊ុនសែន បានថ្លែងបែបនេះ ខណៈនៅព្រឹកថ្ងៃចន្ទ ១៤កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញប្រគល់សញ្ញាបត្រជូនសិស្សសាលាភូមិន្ទរដ្ឋបាលជាង២ពាន់នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យ។
សម្ដេចបានបញ្ជាក់ទៀតថា, ប្រទេសកម្ពុជាខុសពីប្រទេសដទៃ សូមមើលអោយច្បាស់ បើគេមិនទាន់យល់ គេគួរតែស្វែងយល់ឱ្យច្បាស់ តើប្រទេសនេះដំណើរការប្រជាធិបតេយ្យ យ៉ាងម៉េច ! បើនិយាយពីប្រទេសនានាវិញ នាយករដ្ឋមន្ត្រីមានសិទ្ធិរំលាយសភា មុនអាណត្តិ នៅពេលធ្វើការស្ទង់មតិដឹងថានាយករដ្ឋមន្ត្រី គណៈបក្សរបស់ខ្លួនឡើងសំឡេង ប្រកាសរំលាយសភា គណបក្សដទៃត្រៀមខ្លួនអត់ទាន់ផង ប៉ុន្តែសម្រាប់កម្ពុជាគេបាន ដឹងមុនរួចជាស្រេចហើយ នូវពេលវេលានៃការបោះឆ្នោត សម្រាប់ថ្នាក់ជាតិ ដឹងតាំងពីបោះឆ្នោតរួច៥ឆ្នាំ គេដឹងថា5ឆ្នាំក្រោយទៀតគេបោះថ្ងៃណា ព្រោះគេចែកអញ្ចេះ ! រៀងរាល់ 5 ឆ្នាំម្ដង នៅថ្ងៃអាទិត្យនាសប្តាហ៍ទី 4 ក្នុងខែកក្កដា ត្រូវធ្វើការបោះឆ្នោត ចឹងគណបក្សនយោបាយទាំងអស់មានពេលវេលា រៀបចំខ្លួន រយៈពេល 5 ឆ្នាំដើម្បីធ្វើការបោះឆ្នោត។ ឯការបោះឆ្នោតឃុំសង្កាត់ គឺត្រូវធ្វើ ហើយក៏គណបក្សនយោបាយនានាបានដឹងខ្លួនមុន យ៉ាងតិច 6 ខែមុនដើម្បី ត្រៀមរៀបចំខ្លួនសិន ក្នុងការចូលរួមបោះឆ្នោត៕
ដោយ : សុខ ខេមរា