លោក ប៉ាន សូរស័ក្តិ៖ កម្ពុជាបន្តគាំទ្រ និងឱ្យតម្លៃខ្ពស់ចំពោះប្រព័ន្ធពាណិជ្ជកម្មពហុភាគីដោយយកមូលដ្ឋានច្បាប់ជាចម្បង

ចែករំលែក៖

ប្រទេសស្វីស៖​ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នារសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ម្សិលមិញនេះ​ បានចូលរួមថ្លែងសុន្ទរកថាបើកសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១២ (12th Ministerial Conference – MC12) របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។​ នេះបេី​យោង​តាមប្រភពព័ត៍មានពី​ក្រសួង​ពាណិជ្ជកម្ម​ បានឱ្យដឹងនៅព្រឹកថ្ងៃ​ចន្ទ​ទី​១៣​ ខែមិថុនា​ ឆ្នាំ​២០២២។

ជាកិច្ចចាប់ផ្តើម លោករដ្ឋមន្ដ្រី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលកាហ្សាស្ថាន រដ្ឋាភិបាលនៃទីក្រុងហ្សឺណែវ និងអង្គការ WTO ដែលបានសហការរៀបចំកិច្ចប្រជុំសន្និសីទ MC12 នេះឡើង។ លោករដ្ឋមន្ដ្រី បានលើកឡើងថា ក្នុងរយៈពេល ៥ឆ្នាំមកនេះ ពិភពលោកបាននឹងកំពុងប្រឈមនឹងបញ្ហាសកលរួមទាំងវិបត្តិជំងឺឆ្លងរាតត្បាតកូវីដ-១៩ ដែលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចពិភពលោក ហើយប្រទេសកម្ពុជាក៏ដូចប្រទេសនានាជុំវិញពិភពលោកផងដែរ។ យ៉ាងណាមិញ ដោយមានយន្តការឆ្លើយតបជាបន្តបន្ទាប់ និងការគាំទ្រយ៉ាងពេញទំហឹងពីរាជរដ្ឋាភិបាលបានទាន់ពេលវេលាជូនប្រជាពលរដ្ឋ ជាមួយនឹងទស្សនៈវិស័យជាយុទ្ធសាស្ត្រនៃការចាក់វ៉ាក់ជូនប្រជាជនជាមធ្យោបាយប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនោះ កម្ពុជាអាចគ្រប់គ្រងបានស្ថានការណ៍ទាំងស្រុង និងធានាការការពារអាយុជីវិតរបស់ប្រជាពលរដ្ឋឱ្យបានដូចស្ថានដើមវិញ។

លោករដ្ឋមន្ដ្រី បានបញ្ជាក់ថា អត្រាការចាក់វ៉ាក់សាំងរបស់កម្ពុជា គឺស្ថិតក្នុងចំណោមប្រទេសដែលមានការចាក់វ៉ាក់ខ្ពស់បំផុតក្នុងពិភពលោក ដែលអនុញ្ញាតឱ្យប្រទេសកម្ពុជាអាចបើកសកម្មភាពសង្គមសេដ្ឋកិច្ចឡើងដោយពេញលេញតាំងពីខែកុម្ភៈឆ្នាំនេះ។ លើសពីនេះ ជាមួយនឹងវឌ្ឍនភាពជាវិជ្ជមានទាំងនេះ សេដ្ឋកិច្ចរបស់កម្ពុជាត្រូវបានរំពឹងទុកថានឹងមានកំណើនឡើងវិញក្នុងចន្លោះ ៥.៦% ក្នុងឆ្នាំ២០២២ និងខ្ពស់បំផុតត្រឹម ៦.៥% ក្នុងឆ្នាំ២០២៣។

លោក​ ប៉ាន​ សូរស័ក្ដិ​ បានលើកឡើងពីបញ្ហាដែលប្រព័ន្ធពាណិជ្ជកម្មពហុភាគីកំពុងជួបនឹងវិបត្តិ ហើយការមិនទទួលបានលទ្ធផលពីសន្និសីទថ្នាក់រដ្ឋមន្ត្រីមុនៗបានចោទជាសំណួរចំពោះប្រសិទ្ធភាពនៃអង្គការ WTO។ កម្ពុជា ក្នុងនាមជាប្រទេសអភិវឌ្ឍន៍តិចតួច តែងតែគាំទ្រនិងផ្តល់តម្លៃខ្ពស់លើប្រព័ន្ធពាណិជ្ជកម្មពហុភាគី។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី​ បន្តថា កម្ពុជាចង់ឱ្យ MC12 នេះ ប្រកបទៅដោយរលូន និងទទួលបាននូវលទ្ធផលជាផ្លែផ្កា ហើយសមាជិកគួរប្រើសន្និសីទនេះ ជួយពង្រឹងប្រព័ន្ធពាណិជ្ជកម្មពហុភាគីឡើងវិញ ដើម្បីឆ្លើយតបទៅនឹងការកើនឡើននូវនៃបញ្ហាការសម្រេចចិត្តដោយឯកតោភាគី និងបញ្ហាដែលប្រទេសតូចត្រូវបានដាក់ឱ្យនៅដោយឡែក។ លោក​ ប៉ាន​ សូរស័ក្ដិ​ គូសបញ្ជាក់ថា លទ្ធផលនៃការចរចាកិច្ចព្រមព្រៀងស្តីពីការឧបត្ថម្ភធនជលផល នឹងក្លាយជាលទ្ធផលដ៏សំខាន់បំផុតសម្រាប់អង្គការ WTO ដែលបញ្ហានេះគឺបានអូសបន្លាយពេលជាង២០ឆ្នាំមកហើយ។ ក្នុងនោះផងដែរ កម្ពុជាក៏ចង់ឃើញនូវការសម្រេចបន្ថែមលើការចរចាធ្វើកំណែទម្រង់កសិកម្ម ហើយកម្ពុជានឹងចូលរួមយ៉ាងសកម្មជាមួយសមាជិកផ្សេងទៀត ក្នុងការដោះស្រាយបញ្ហាសន្តិសុខស្បៀង និងកំណែទម្រង់អង្គការWTO ព្រមទាំង ការលើកលែងពាក់ព័ន្ធនឹងកិច្ចព្រមព្រៀង TRIPs (TRIPs Waiver)។

ជាចុងបញ្ចប់ លោករដ្ឋមន្ដ្រី បានបញ្ជាក់ថា កម្ពុជាបន្តគាំទ្រ និងឱ្យតម្លៃខ្ពស់ចំពោះប្រព័ន្ធពាណិជ្ជកម្មពហុភាគីដោយយកមូលដ្ឋានច្បាប់ជាចម្បង។ សមាជិកទាំងអស់ត្រូវធានាថា អង្គការ WTO នៅតែសកម្មតាមរយៈការធ្វើកំណែទម្រង់ មានតម្លាភាព និងជាវេទិកាប្រកបដោយបរិយាបន្នដែលអនុញ្ញាតឱ្យប្រទេសអភិវឌ្ឍន៍តិចតួច បានក្លាយជាចំណែកមួយក្នុងការសម្រេចចិត្ត និងបានលើកឡើងពីបញ្ហារបស់ពួកគេ។ ក្នុងសន្និសីទ MC12 នេះ កម្ពុជាប្តេជ្ញាចិត្តយ៉ាងពេញលេញក្នុងការធ្វើការងារជាមួយសមាជិកផ្សេងទៀត ដើម្បីសម្រេចបាននូវលទ្ធផលនិងអត្ថប្រយោជន៍ជាអតិបរមាសម្រាប់សមាជិកទាំងអស់៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print