ភ្នំពេញ៖ លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងឱ្យដឹងនៅថ្ងៃចន្ទទី១៣ ខែមិថុនា ឆ្នាំ២០២២នេះថា៖ កំណើនទំហំពាណិជ្ជកម្ម បានឆ្លុះបញ្ចាំងឱ្យឃេីញនូវអត្ថប្រយោជន៍នៃការបើកសេដ្ឋកិច្ចឡើងវិញ ក្រោមការយកចិត្តទុកដាក់ខ្ពស់ ក្នុងការទប់ស្កាត់ជំងឺកូវីដ ១៩ របស់រាជរដ្ឋាភិបាល និងការបង្ហាញឱ្យឃើញនូវកិច្ចសហប្រតិបត្តិការលើការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងទីផ្សារអន្តរជាតិ កាន់តែមានភាពល្អប្រសើរ។
លោក ប៉ែន សុវិជាតិ បានថ្លែងបន្តថា៖ នៅក្នុងកំឡុងនៃការរីករាលដាលខ្លាំង បន្ទាប់ពីវិបត្តិជំងឺកូវីដ ១៩ បានផ្ទុះឡើង ការធ្វើពាណិជ្ជកម្មអន្តរជាតិ កម្ពុជានៅតែបន្តនាំចេញជាធម្មតា ដោយសារកម្ពុជានៅទទួលបានការបញ្ជាទិញគឺគ្មានការប្រែប្រួលទៅរកទីផ្សារថ្មី ដោយទីផ្សាររដែលធ្លាប់នាំចេញ បានបន្តធ្វើពាណិជ្ជកម្មជាធម្មតា ទោះបីនៅក្នុងវិបត្តិនោះ មានការរឹតបណ្តឹង និងការធ្វើចត្តាឡឺស័កក៏ដោយ ។
លោកអ្នកនាំពាក្យ បានបញ្ជាក់ទៀតថា ចាប់ពីដើមឆ្នាំ២០២២ រាជរដ្ឋាភិបាលប្រកាសបើកឡើងវិញ ទំហំពាណិជ្ជកម្មមានការកើនឡើង ដែលការកើនឡើងនេះ បានឆ្លុះបញ្ចាំងឱ្យឃើញនូវអត្ថប្រយោជន៍ នៃការបើកសេដ្ឋកិច្ចឡើងវិញ ក្រោមការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ជាទីបំផុតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងការបង្ហាញឲ្យឃើញនូវកិច្ចសហប្រតិបត្តិការ លើការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងទីផ្សារអន្តរជាតិ កាន់តែមានភាពល្អប្រសើរ និងប្រព្រឹត្តទៅដោយរលូន។
គួរបញ្ជាក់ថា៖ ជុំវិញការធ្វើពាណិជ្ជកម្ម រាជរដ្ឋាភិបាល ប៉ាន់ស្មានថា ក្នុងឆ្នាំ ២០២២នេះ ការនាំចេញ រំពឹងក្នុងរង្វង់ជាង ២៣ ពាន់លានដុល្លារ ខណៈឆ្នាំ ២០២១ មានត្រឹមជាង ១៩ ពាន់លានដុល្លារ។ ចំណែកការនាំចូលវិញ មានទំហំជិត ៣១ ពាន់លានដុល្លារ កើនឡើងពីឆ្នាំ ២០២១ ដែកមានត្រឹមជាង ៣០ ពាន់លានដុល្លារ៕
ដោយ៖សហការី