ក្លិបបានប្រកាសកាលពីថ្ងៃចន្ទថា អតីតគ្រូបង្វឹកក្រុម Juventus លោក Andrea Pirlo ត្រូវបានតែងតាំងជាអ្នកចាត់ការទូទៅនៃក្រុមកំពូលរបស់ប្រទេសទួរគី Fatih Karagumruk SK ។
ក្លិបសេះបង្កង់ Juventus បានបណ្តេញលោក Pirlo ក្នុងខែឧសភា ឆ្នាំ២០២១ បន្ទាប់ពីមួយរដូវកាលក្រោយពីគាត់អាចដឹកនាំក្រុមជើងឯក Serie A ត្រឹមចំណាត់ថ្នាក់លេខ៤ក្នុងយុទ្ធនាការ២០២០-២០២១ ដែលជាការបង្ហាញខ្លួនលើកដំបូងរបស់គាត់ក្នុងតួនាទីជាអ្នកគ្រប់គ្រងក្រុមកំពូលមួយនេះ។បុរសវ័យ៤៣ឆ្នាំរូបនេះបានចុះកិច្ចសន្យារយៈពេល១ឆ្នាំជាមួយក្លិបលីកកំពូលទួរគី Super Lig ដែលមានមូលដ្ឋាននៅទីក្រុង Istanbul ដោយចាប់ផ្តើមពីថ្ងៃទី១ ខែកក្កដាខាងមុខ។អតីតកីឡាករជម្រើសជាតិអ៊ីតាលីរូបនេះបាននិយាយនៅលើ Twitter ថា “រីករាយក្នុងការចាប់ផ្តើមដំណើរផ្សងព្រេងថ្មី។ សូមអរគុណ KaragumrukSK”។
ក្រុម Karagumruk ត្រូវបានឡើងទៅលេងនៅលីកកំពូលរបស់ប្រទេសទួរគីក្នុងឆ្នាំ២០២០ ហើយបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៨ ក្នុងក្របខ័ណ្ឌកំពូលរបស់ប្រទេសកាលពីរដូវកាលមុន ៕ (រូបភាព ៖ Reuters/CNA)