ភ្នំពេញ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា ចំនួនគោលដៅសរុប ១៣៨គោលដៅ មានយានយន្តចូលគោលដៅចំនួន ៣.៥៥០គ្រឿង ម៉ូតូ ២.៤៣៩គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ៥០៩គ្រឿង មានម៉ូតូចំនួន ៤១២គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
ដោយឡែកក្នុងរយៈពេល១៥ថ្ងៃ(ថ្ងៃទី០១-១៥ខែមិថុនា) ការរឹតបន្ដឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក យានយន្តចូលគោលដៅមានចំនួន ១៨.៥១៩គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ២.១៨៨គ្រឿង ម៉ូតូមានចំនួន ១.៨៥៩គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែលបានវាយតម្លៃរយៈពេល១៥ថ្ងៃនៃខែមិថុនានេះ ឃើញថា ការអនុវត្តតាមអនុក្រឹត្យ ការផាកពិន័យយានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ដោយ៖សហការី