មន្រ្តី​ក្រសួង​បរិស្ថាន​ កំពុងស្រាវជ្រាវរកជនសង្ស័យលួចដាំបង្គោលរបងនៅតំបន់ការពារធម្មជាតិ​ យកមកផ្តន្ទាទោសតាមច្បាប់

ចែករំលែក៖

ខេត្ត​កំពង់ស្ពឺ​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​ក្រសួង​បរិស្ថាន​ បានឱ្យដឹងនៅព្រឹក​ថ្ងៃព្រហស្បតិ៍្ត​ទី​១៦​ ខែមិថុនា​ ឆ្នាំ​២០២២នេះថា​៖​ មន្រ្តីឧទ្យានុរក្សការិយាល័យឧទ្យានជាតិគិរីរម្យ នៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ​ បានចុះបង្រ្កាបការលួចដាំបង្គោលរបងចំនួន២ទីតាំង នៅភូមិសាស្ត្រស្រុកភ្នំស្រួច ដោយដកបង្គោលរបងថ្មចំនួន៣៥បង្គោល និងបង្គោលរបងឈើ ចំនួន១០០បង្គោល។

ជាមួយគ្នានោះ​ ក្រុមការងារបានដកកម្ទេចចោលនៅនឹងកន្លែង និងកំពុងតាមដានស្រាវជ្រាវរកជនសង្ស័យមកផ្តន្ទាទោសតាមនីតិវិធីច្បាប់ស្តីពីតំបន់ការពារធម្មជាតិ។

សូមជម្រាបថា​​ នាពេលកន្លងទៅ​ មន្ត្រីបរិស្ថាន ធ្លាប់ប្រាប់អាជ្ញាធរមូលដ្ឋានឱ្យធ្វើកិច្ចសន្យាបញ្ឈប់ការបញ្ជាក់លិខិតទិញលក់ដីរដ្ឋផ្ទេរសិទ្ធិ ឬបញ្ជាក់លើប្លង់បង្ហាញទីតាំងដីនៅក្នុងដែនឧទ្យានជាតិ ព្រះសុរាម្រិតកុសមៈគីរីរម្យ និងឧទ្យានជាតិ ព្រះមុនីវង្សបូកគោ។ បន្ទាប់ពី​មានរឿងរ៉ាវដីព្រៃរបស់រដ្ឋជាច្រើនហិកតាទាក់ទង​ និងមន្ត្រីមូលដ្ឋាន ដែលបានចេញលិខិតបញ្ជាក់ដោយមិនមានឯកសារណាច្បាស់លាស់ នាំឱ្យមានការខាតបង់ប្រាក់ខាតទាំងពេលវេលាចំពោះប្រជាពលរដ្ឋ ដោយសារតែការចុះហត្ថលេខាគ្មានហេតុផលត្រឹមត្រូវតាមច្បាប់។ ជាក់ស្តែងការកាន់កាប់ដីព្រៃ ក្នុងតំបន់ការពារមួយចំនួន គឺជាការរំលោភដីរដ្ឋដោយខុសច្បាប់ ដោយការអះអាងផ្ទុយពីផ្លូវច្បាប់របស់លោកមេឃុំ-មេភូមិ។ល។ ជាហេតុនាំឲ្យដីរដ្ឋមានការបាត់បង់។

គួររម្លឹកថា​ មន្ត្រីជំនាញបរិស្ថាន កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១កន្លងទៅ​ បានអញ្ជើញលោកមេឃុំ-មេភូមិ មកធ្វើកិច្ចសន្យាឱ្យធ្វើកិច្ចសន្យាបញ្ឈប់ការបញ្ជាក់លិខិតទិញលក់ដីរដ្ឋផ្ទេរសិទ្ធិ ឬបញ្ជាក់លើប្លង់បង្ហាញទីតាំងដី នៅក្នុងដែនឧទ្យានជាតិ ព្រះសុរាម្រិតកុសមៈគីរីរម្យ និងឧទ្យានជាតិ ព្រះមុនីវង្សបូកគោ។

ឧទ្យានជាតិសុរាម្រិតកុសុមៈគិរីរម្យ និងឧទ្យានជាតិមុនីវង្សបូកគោ គឺជាតំបន់ការពារធនធានធម្មជាតិ ដែលបានបង្កើតឡើងដោយ ព្រះរាជក្រឹត្យលេខ នស/រកក/ចុះថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ១៩៩៣ ហើយត្រូវបានការពារ និងអភិរក្សធនធានធម្មជាតិដើម្បីការពារ គ្រោះធម្មជាតិព្រៃឈើ សត្វព្រៃ ត្រីវាលស្មៅ និងការកម្សាន្ត ដែលបម្រើឲ្យសេចក្ដីត្រូវការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋមូលដ្ឋាន។ ខេត្តកំពង់ស្ពឺ និងមន្ទីរបរិស្ថាន បានខិតខំយកចិត្តទុកដាក់ការពារ និងអភិរក្សតំបន់ការពារធនធានធម្មជាតិនេះ សម្រាប់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានក៏ដូចជាប្រជាពលរដ្ឋកម្ពុជា និងមនុស្សជាតិគ្រប់ជំនាន់។

ដូច្នេះ ប្រជាពលរដ្ឋក៏ដូចជាបងប្អូនមានមុខរបបរកស៊ីទិញ-លក់ដី ពាក់ព័ន្ធនឹងតំបន់ខាងលើច្បាស់ជាត្រូវមោឃភាពតាមកិច្ចសន្យារបស់មន្ត្រីមូលដ្ឋាននេះទាំងអស់ ដោយមិនមានការតវ៉ាឡើយ៕

...

ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print