អភិបាលខេត្តព្រះសីហនុ៖​ សន្និបាតបូកសរុបលទ្ធផលការងារ របស់មន្ទីរអប់រំខេត្ត បានឆ្លុះបញ្ចាំងឱ្យឃើញនូវការរីកចម្រើន និងស្វែងរកចំណុចខ្វះខាត បញ្ហាប្រឈមក្នុងវិស័យអប់រំ

ចែករំលែក៖

ខេត្តព្រះសីហនុ​៖​ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារមន្ទីរ អប់រំ យុវជន និងកីឡា ខេត្តព្រះសីហនុ ឆ្នាំសិក្សា២០២០-២០២១ និងលើកទិសដៅការងារឆ្នាំសិក្សា២០២១-២០២២។

លោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ បានធ្វើរបាយការណ៍ពីសកម្មភាពអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ មានគ្រឹះស្ថានសិក្សា ១០០សាលា មត្តេយសិក្សា១ បឋមសិក្សា៧២ និងមធ្យមសិក្សា២៧ (អនុវិទ្យាល័យ១៨ និងវិទ្យាល័យ៩) មានសិស្សសរុប ៤២.៩៨១នាក់ ស្រី២១.៤១១នាក់។ លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ មានបេក្ខជនចុះឈ្មោះប្រឡង ១.៣៥២នាក់ ស្រី៧១០នាក់ ជាប់ជាស្ថាពរ ១.០២៣នាក់ ស្រី៥៦២នាក់ ស្មើនឹង ៧៥,៦៧ ភាគរយ ស្រី៧៩,១៥ភាគរយ កើនលើសថ្នាក់ជាតិ ១០ភាគរយ ក្នុងនោះសិស្សទទួលបាននិទ្ទេស A ២០នាក់ ស្រី៩នាក់ និទ្ទេស B ៦៧នាក់ និទ្ទេស C ១៧០នាក់។

ក្នុង​ឱកាស​នោះ​ដែរ​ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំមន្ត្រីរាជការ និងបុគ្គលិកសិក្សា នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ដែលបានខិតខំលះបង់យកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី បំពេញតួនាទី ភារកិច្ចស្របតាមគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ក្នុងបេសកម្មដឹកនាំគ្រប់គ្រង និងបណ្តុះបណ្តាលអភិវឌ្ឍធនធានមនុស្ស ពិសេសក្មួយៗសិស្សានុសិស្ស ជាទំពាំងស្នងឬស្សី ជាសរសរទ្រូងប្រទេសជាតិ ជាកម្លាំងចលករជំរុញកំណើនសេដ្ឋកិច្ចជាតិ។ កើតចេញពីគុណភាព សមត្ថភាពជំនាញ ក្រមសីលធម៌ និងការទទួលខុត្រូវ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ ទីផ្សារការងារប្រកួតប្រជែងនាពេលបច្ចុប្បន្ន។ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកការអភិវឌ្ឍធនធានមនុស្ស ជាអាទិភាពនៃការអនុវត្ត “យុទ្ធសាស្ត្រចតុកោណ” ។

លោកអភិបាលខេត្តបានបញ្ជាក់ថា សន្និបាតបូកសរុបលទ្ធផលការងារ របស់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានឆ្លុះបញ្ចាំងឱ្យឃើញនូវការរីកចម្រើន និងស្វែងរកចំណុចខ្វះខាត បញ្ហាប្រឈម ក្នុងវិស័យអប់រំ ចំពោះចំណុចអសកម្មត្រូវកែលម្អឡើងវិញ និងធ្វើការផ្សព្វផ្សាយចែករំលែក និងទទួលទុកជាបទពិសោធន៍ ស្របតាមកំណែទម្រង់វិស័យអប់រំ ឈានឆ្ពោះទៅមុខប្រកបដោយ ជោគជ័យឆ្នាំសិក្សា២០២១-២០២២។ ព្រមទាំងបានសំណូមពរដល់លោកគ្រូ អ្នកគ្រូខិតខំបំពេញការងារឱ្យបានខ្ជាប់ខ្ជួនប្រកបដោយភាពថ្លៃថ្នូរ ប្រកាន់ភ្ជាប់នូវមនសិកាវិជ្ជាជីវៈ មានឧត្តមគតិខ្ពស់ ជាកម្លាំងចលករថ្មីជួយជំរុញដុសខាត់កែច្នៃវិស័យអប់រំឱ្យមានសន្ទុះទាំងបរិមាណ និងគុណភាព។

លោកអភិបាលខេត្ត បានថ្លែងអំណរគុណដល់មន្ត្រី និងបុគ្គលិកអប់រំ បានចូលរួមចំណែកជាមួយ គណៈបញ្ជាការឯកភាពខេត្ត ក្នុងការប្រយុទ្ធប្រឆាំងទប់ស្កាត់ជំងឺកូវីដ-១៩ ការចុះចែកស្បៀងអាហារ ជូនប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់ និងជួយសម្របសម្រួលក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ដែលធ្វើឱ្យកម្ពុជាបើកប្រទេសឡើងវិញ។ ទន្ទឹមនោះយើងត្រូវបន្តជំរុញការចាក់វ៉ាក់សាំងដូសជំរុញ (ទី៥) ដើម្បីពង្រឹងខឿនសុខមាលភាពសាធារណៈរបស់យើងទាំងអស់គ្នា។

ជាមួយគ្នានោះ​ លោកអភិបាលខេត្ត ក៏បានផ្តល់រង្វាន់ជូនសាលាដែលទទួលបានជ័យលាភីលេខ១ ថវិកា១០លានរៀល លេខ២ ទទួលបាន៧លានរៀល និងលេខ៣ ទទួលបាន៥លានរៀលផងដែរ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print