កិច្ចពិភាក្សាអំពីវឌ្ឍនការងារបច្ចេកវិទ្យានៃគម្រោងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ (Port EDI) ដើម្បីត្រៀមលក្ខណៈឆ្ពោះទៅរកការត្រៀមដាក់ឱ្យប្រើប្រាស់នៅអំឡុងត្រីមាសទី៣ ឆ្នាំ២០២២

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ បានឱ្យដឹងនៅព្រឹកថ្ងៃ​ព្រហស្បតិ៍​ទី​១៦​ ខែមិថុនា​ ឆ្នាំ​២០២២នេះ​ថា៖​ លោក​ រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ (Port EDI) បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពីការគ្រប់គ្រងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ (Port EDI) កាលពីរសៀលថ្ងៃទី១៥ ខែមិថុនាម្សិលមិញ​នេះ នៅទីស្តីការក្រសួង។

ក្នុងកិច្ចប្រជុំនេះដែរ​ ដោយមានការចូលរួមពីសមាជិកសមាជិកាគណៈកម្មការ ដែលរួមមាន៖ លោក ម៉ក់ ស៊ីដេត អគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ លោក​ សួន វ៉ានស ប្រធាននាយកដ្ឋាននាវាជំនួញសមុទ្រ លោក ហ៊ាង សុទ្ធាយុត្តិ ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ និងមន្ត្រីជំនាញពាក់ព័ន្ធ។

កិច្ចប្រជុំនេះផ្តោតជាសំខាន់លើការត្រៀមលក្ខណៈផ្នែកបច្ចេកវិទ្យា ដើម្បីចាប់ផ្តើមអនុវត្តការប្រើប្រាស់ ប្រព័ន្ធ Port EDI ដែលក្នុងនោះរួមមាន៖ ការទទួលខុសត្រូវលើការធានាដំណើរការប្រព័ន្ធ ការរៀបចំឯកសារពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងការប្រមូលចំណូលពីការបង់កម្រៃសេវាសាធារណៈ និងការត្រៀមលក្ខណៈផ្នែកបច្ចេកទេសដើម្បីដាក់ដំណើរប្រព័ន្ធនេះនៅក្នុងអំឡុងត្រីមាសទី៣ ឆ្នាំ២០២២ តាមការគ្រោងទុក។

លោករដ្ឋលេខាធិការប្រធានអង្គប្រជុំ បានថ្លែងនូវការកោតសរសើរ ដល់ភាគីជប៉ុនតំណាងដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និងបណ្តាអង្គភាពជំនាញពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមអនុវត្តគម្រោងចាប់តាំងពីពេលដែលគម្រោងត្រូវបានចាប់ផ្តើមសិក្សា រហូតប្រព័ន្ធត្រូវបានរៀបចំរួច រាល់ស្ទើរតែទាំងស្រុង។

បន្ថែមពីលើនេះ លោករដ្ឋលេខាធិការ​រូបនេះ​ បានក្រើនរំលឹកឱ្យគ្រប់ភាគីពាក់ព័ន្ធត្រៀមលក្ខណៈឱ្យបានសព្វជ្រុងជ្រោយ ដើម្បីធ្វើយ៉ាងណាឱ្យប្រព័ន្ធអាចដំណើរការបានដោយរលូន ដើម្បីផ្តល់ជាប្រយោជន៍ដល់ភាគីនាវាកំពង់ផែ គយ និងសុខាភិបាល និងជាពិសេស ដើម្បីចូលរួមជំរុញសេដ្ឋកិច្ចជាតិឱ្យកាន់តែមានការរីកចម្រើនថែម ទៀតតាមរយៈការធ្វើទំនើបកម្មនីតិវិធីក្នុងការផ្តល់សេវាសាធារណៈ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print