ខេត្តស្វាយរៀង៖ លោកសុក រ៉ាដូ ប្រធានសភាពាណិជ្ជកម្មខេត្តស្វាយរៀងនិង Sudirman Haseng ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា និងក្រុមការងារនៅព្រឹកថ្ងៃទី១៦ខែមិថុនាឆ្នាំ២០២២នេះ បានចុះបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃ ដោយចាប់គិតពីថ្ងៃទី ១៥ដល់ថ្ងៃទី១៧ខែមិថុនា ដើម្បីស្វែងយល់ពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគបន្ថែមទៀតរវាងឥណ្ឌូនេស៊ី និងកម្ពុជា ជាពិសេសធ្វើការវិនិយោគជាមួយខេត្តស្វាយរៀង ។
លោកសុក រ៉ាដូ បានឲ្យដឹងថា សភាពាណិជ្ជកម្មខេត្តស្វាយរៀងបានដឹកនាំក្រុមការងារស្ថានទូតនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជាចុះបំពេញទស្សនកិច្ចក៏ដូចជានាំអ្នកវិនិយោគឥណ្ឌូណេស៊ីមកបណ្ដាក់ទុនរកស៊ីនៅខេត្តស្វាយរៀងបន្ថែមទៀត ។ក្នុងនោះបានបំពេញទស្សនកិច្ចនៅរោងចក្រកង់ក្នុងតំបន់សេដ្ឋកិច្ចពិសេសមេនហាធេននិងរោងចក្រផលិតគ្រឿងអគ្គិសនី ក្នុងតំបន់សេដ្ឋកិច្ចពិសេសតាយសេង ផ្សាររួចពន្ធ ព្រមទាំងចុះសិក្សាស្វែងយល់អំពីពាណិជ្ជកម្មព្រំដែនកម្ពុជា-វៀតណាមដែរ។
លោកបានបន្ថែមថាក្នុងជំនួបពិភាក្សាជាមួយក្រុមហ៊ុនរោងចក្រនិងស្ថានទូតឥណ្ឌូណេស៊ីក៏បានលើកឡើងចំណុចសំខាន់ៗ ពាក់ព័ន្ធទៅនិងវត្ថុធាតុដើម ការដំឡើងកង់និងផលិតគ្រឿងអគ្គិសនីព្រមទាំងទីផ្សារនាំចេញផងដែរ។ជាមួយគ្នានេះ ទូតឥណ្ឌូណេស៊ីក៏បានចុះសួរសុខទុក្ខជាមួយជនជាតិឥណ្ឌូនេស៊ីដែលកំពុងបម្រើការងារនៅតាមក្រុមហ៊ុនរោងចក្រ កាស៊ីណូមួយចំនួននៅក្រុងបាវិតផងដែរ។
លោក Sudirman Haseng ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងនូវការកោតសរសើរដល់សភាពាណិជ្ជកម្មខេត្តស្វាយរៀងអាជ្ញាធរដែនដីដែលបានផ្ដល់ឱកាសឲ្យស្ថានទូតឥណ្ឌូនេស៊ីចុះសិក្សាស្វែងយល់អំពីវិស័យវិនិយោគនៅខេត្តស្វាយរៀងហើយក្នុងនាមលោកជាឯកអគ្គរាជទូតនិងនាំអ្នកវិនិយោគឥណ្ឌូនេស៊ីមកបណ្ដាក់ទុនរកស៊ីនៅខេត្តស្វាយរៀងបន្ថែមទៀតដែលឆ្លុះបញ្ចាំងឲ្យឃើញពីការទំនាក់ទំនងដ៏ល្អរវាងប្រទេសឥណ្ឌូនេស៊ីនិងកម្ពុជា។
សូមបញ្ជាក់ថាវិស័យវិនិយោគឯកជននៅខេត្តស្វាយរៀង មានតំបន់សេដ្ឋកិច្ចពិសេស ១២កន្លែង កំពុងដំណើរ ៩កន្លែង មានរោងចក្រ សហគ្រាស ក្រុមហ៊ុនឯកជន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សរុបចំនួន ២៤៨កន្លែង ដែលបានបង្កើតការងារធ្វើ ជូនពលរដ្ឋ បានប្រមាណ ៩៧.០០០នាក់។