ភ្នំពេញ : អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិភាក្សារបាយការណ៍ស្តីពីលទ្ធផល នៃការចុះអង្កេតស្រាវជ្រាវ អំពីភាពមិនប្រក្រតីក្នុងប្រតិបត្តិការបង្ក្រាបឱសថក្លែងក្លាយ នៅឱសថស្ថានមួយកន្លែង។ នេះបើយោងតាមប្រភពពី ៖ អគ្គាធិការដ្ឋាន នៃក្រសួងមហាផ្ទៃ ដែលអង្គភាព មជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត” ទទួលបាននៅរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២។
សូមបញ្ជាក់ថា, នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែមិថុនា ឆ្នាំ២០២២ នៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន លោក អ៊ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សារបាយការណ៍ ស្តីពីលទ្ធផលនៃការចុះអង្កេតស្រាវជ្រាវករណីលោកឧត្តមសេនីយ៍ទោមួយរូប មានតួនាទីជាអនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ក្រសួងមហាផ្ទៃ អំពីភាពមិនប្រក្រតីក្នុងប្រតិបត្តិការបង្ក្រាបឱសថក្លែងក្លាយនៅឱសថស្ថានមួយកន្លែង ដែលលោកឧត្តមសេនីយ៍ទោរូបនេះ ជាប្រធានក្រុមដឹកនាំកម្លាំងប្រតិបត្តិការ។
កិច្ចប្រជុំនេះ មានការចូលរួមពី អគ្គាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្រ្តីពាក់ព័ន្ធផងដែរ៕
ដោយ : សិលា