ខេត្តបាត់ដំបង៖ បេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងនៅព្រឹកថ្ងៃសុក្រទី១៧ ខែមិថុនា ឆ្នាំ២០២២នេះថា៖ មនុស្សចំនួន ០៣នាក់ ត្រូវបានកម្លាំងនគរបាល ចាប់ឃាត់ខ្លួនពាក់ពន្ធ័ករណីគ្រឿងញៀន រួមនិងដកហូតកាំភ្លើងកែឆ្នៃចំនួន០១ដើម ព្រមទាំងគ្រាប់ជាច្រើនផងដែរ។
របាយការណ៍ដដែលបន្តថា លោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកភ្នំព្រឹក កាលពីព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ បានដឹកនាំកម្លាំងផ្នែកជំនាញផ្នែកប្រឆាំងគ្រឿងញៀន រួមជាមួយកម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំព្រឹក ចុះប្រតិបត្តិការបង្រ្កាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ចំនួន០១ ករណីក្នុងបទល្មេីសជាក់ស្តែងនៅចំណុចភូមិភ្នំព្រឹក ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដោយមាននការសម្របសម្រួលលេីនីតិវិធីពីឯឧត្ត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ផងនោះ។
ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានចាប់និងឃាត់ខ្លួន ជនសង្ស័យចំនួន ០៣នាក់គឺ៖
១-ឈ្មោះ សួន ពុត ភេទប្រុស អា យុ ២០ឆ្នាំ មានទីលំនៅភូមិអូរប្រយុទ្ធ ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។
២-ឈ្មោះផល ភារម្យភេទប្រុសអាយុ ២៧ឆ្នាំរស់នៅភូមិ ពេជ្រចិន្ដា ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹកខេត្តបាត់ដំបង។
៣-ឈ្មោះ លេង ចន្នី ភេទប្រុស អាយុ៣១ ឆ្នាំ រស់នៅភូមិភ្នំអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង។
-*វត្ថុតាងចាប់យកបានរួមមាន៖
-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិចពណ៌សថ្លាចំនួន ១៧ កញ្ចប់ សង្ស័យជាសារធាតុញៀន ។
-ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន០១ គ្រឿង
-គ្រាប់កាំភ្លើងចំនួន៦៩គ្រាប់ ( គ្រាប់វ៉ាន់ឡុុងចំនួន ៦៣គ្រាប់-គ្រាប់M16 ចំនួន ០៤គ្រាប់-គ្រាប់K54 ចំនួន ០១គ្រាប់ -គ្រាប់AK ចំនួន ០១គ្រាប់ ។
-កាំភ្លើងកែឆ្នៃចំនួន០១ ដើម
-សម្ភារសម្រាប់វេចខ្ចប់និងប្រើប្រាស់គ្រឿងញៀនមួយចំនួន។
-ទូរស័ព្ទដៃចំនួន០៣គ្រឿង
-ម៉ូតូចំនួន០៣គ្រឿង
បច្ចុប្បន្នសមត្ថកិច្ចនគបាលស្រុកកំពុងកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញអនុវត្តបន្តតាមនីតិវិធីច្បាប់ ៕
ដោយ៖អារុណរះ