ភ្នំពេញ : អំពើភេរវកម្ម នៅតែជាបញ្ហាប្រឈមដ៏ស្រួចស្រាល, កងទ័ពមានតួនាទីសំខាន់ក្នុងការប្រឆាំងអំពើភេរវកម្មនេះ។ ជាការថ្លែងរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២។
សូមបញ្ជាក់ថា ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើង បានលើកឡើងថា អំពើភេរវកម្មនៅតែជាបញ្ហាប្រឈមដ៏ស្រួចស្រាវលើផ្នែកសន្តិសុខទាំងក្នុងតំបន់ និងពិភពលោក ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់។ ក្នុងនោះកងទ័ព គឺជាកម្លាំងដ៏ពិសេសមួយសម្រាប់ប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មនេះ។
មេដឹកនាំកងទ័ពកម្ពុជា ដែលទទួលបានការបណ្តុះបណ្តាលពីសហរដ្ឋអាមេរិក ប្រកបដោយបទពិសោធន៍ មានគុណធម៌ លើកឡើងបែបនេះនៅក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញប្រឆាំងភេរវកម្មជំនាន់ទី៥ និងវគ្គហ្វឹកហ្វឺនបំប៉នជំនាញបច្ចេកទេស សង្គ្រោះគ្រោះមហន្តរាយ និងវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញបើក-ជួសជុលអូប័រ និងរបៀបសង្គ្រោះជំនាន់ទី៦ របស់បញ្ជាការដ្ឋានទ័ពពិសេស ដល់កងទ័ពកម្ពុជានៅព្រឹកថ្ងៃសុក្រ ទី១៧ ខែមិថុនា ឆ្នាំ២០២២។
លោកបានណែនាំដល់កងទ័ពដែលទទួលការបណ្តុះបណ្តាលនេះ ឱ្យយកចិត្តទុកដាក់ក្រេបជញ្ជក់ចំណេះជំនាញពីគ្រូ ដើម្បីពង្រឹងសមត្ថភាពចូលរួមប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម ដែលជាកិច្ចការសំខាន់ចាំបាច់ចំពោះមុខរបស់កម្ពុជា ខណៈអំពើភេរវកម្ម នៅតែជាបញ្ហាប្រឈមផ្នែកសន្តិសុខដ៏ស្រួចស្រាវ ទាំងនៅក្នុងតំបន់ និងពិភពលោក។
សូមជម្រាបជូនថា, មេបញ្ជាការជើងគោកវ័យក្មេង និងពេញដោយសមត្ថភាពរូបនេះ បានលើកឡើងថា ប្រតិបត្តិការប្រឆាំងភេរវកម្ម គឺជាប្រភេទមួយនៃប្រតិបត្តិការពិសេសពាក់ព័ន្ធទាំងផ្នែកការទូត ច្បាប់ និងយុទ្ធវិធី ដែលទាមទារឱ្យមានការសម្របសម្រួលដឹកនាំបញ្ជាតាមឋានានុក្រម និងរចនាសម្ព័ន្ធចាត់តាំងច្បាស់លាស់។ ជាពិសេសការហ្វឹកហ្វឺនកម្លាំងប្រតិបត្តិករជំនាញ និងការបន្តការថែទាំសមត្ថភាពរបស់ពួកគេ ត្រូវធ្វើឡើងដោយតឹងរ៉ឹងម៉ឺងម៉ាត់ ដោយរួមជាមួយនឹងការបំពាក់ឧបករណ៍សម្ភារឱ្យបានគ្រប់គ្រាន់ផងដែរ។
លោកបានស្វាគមន៍ចំពោះការបើកវគ្គហ្វឹកហ្វឺនពង្រឹងសមត្ថភាពកងទ័ពលើជំនាញប្រឆាំងភេរវកម្ម ដែលជាផ្នែកមួយនៃការកសាងសមត្ថភាពរបស់បណ្តាយោធភូមិភាគ និងកងពលធំចំណុះកងទ័ពជើងគោក ក្នុងនាមជាកម្លាំងខ្សែត្រៀមទី១ នៅតាមមូលដ្ឋានបំពេញបន្ថែមឱ្យកងកម្លាំងប្រឆាំងភេរវកម្មថ្នាក់ជាតិ។
កន្លងទៅក៏ដូចបច្ចុប្បន្ន លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើង ត្រូវបានប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ។ល។ សូមប្រកាសគាំទ្រទាំងស្រុង ចំពោះប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ដែលបានប្រកាសគាំទ្រ លោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ៕
ដោយ : សិលា