នាយឧត្តមសេនីយ៍ គន់ គីម៖​ គុណបំណាច់របស់អតីតយុទ្ធជនគឺមិនត្រូវបោះបង់ចោលនោះទេ ពោលគឺមានការយកចិត្តទុកដាក់ខ្ពស់បំផុតពីរាជរដ្ឋាភិបាល

ចែករំលែក៖

ខេត្ត​កំពង់ចាម​៖​ លោកនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងពិធីខួបលើកទី១៥ ទិវាអតីតយុទ្ធជនកម្ពុជា២១ ខែមិថុនា ឆ្នាំ២០២២ នាសាលប្រជុំសាលាខេត្តកំពង់ចាម។

លោកនាយឧត្តមសេនីយ៍ អគ្គលេខាធិការ បានរំលឹកអំពីវីរភាព និងគុណបំណាច់ដ៏ធំធេងរបស់អតីតយុទ្ធជនចំពោះជាតិមាតុភូមិនិងប្រជាជនកម្ពុជា ហើយថាការប្រារព្ធទិវាអតីតយុទ្ធជនកម្ពុជា ២១មិថុនា ជារៀងរាល់ឆ្នាំ ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យប្រជាជនទូទាំងប្រទេសបានយល់ដឹងកាន់តែទូលំទូលាយបន្ថែមទៀតអំពីអតីតយុទ្ធជន។ លោក​នាយឧត្តមសេនីយ៍​បានបន្ថែមថា ភាពខ្លោចផ្សានៃប្រទេសកម្ពុជាដែលបានឆ្លងកាត់នូវសង្គ្រាមជាច្រើន ជាពិសេសក្នុងរបបប្រល័យពូជសាសន៍ប៉ុលពតដែលបានបន្សល់ទុកនូវអតីតយុទ្ធជន ដែលជាជនពិការ និវត្តន៍ជន និងជនបាត់បងសមត្ថភាពការងារ ព្រមទាំងគ្រួសារ យុទ្ធជនពលី មរណៈជាច្រើន។ ក្រោយពីប្រទេសជាតិទទួលបានសុខសន្តិភាព រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាច្រើនក្នុងការលើកកម្ពស់សុខុមាលភាពនិងជីវភាព រស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។

លោក​នាយឧត្តមសេនីយ៍​ គន់​ គីម​ ក៏បានគូសបញ្ជាក់ថា គុណបំណាច់របស់អតីតយុទ្ធជន គឺមិនត្រូវបោះបង់ចោលនោះទេ ពោលគឺមានការយកចិត្តទុកដាក់ខ្ពស់បំផុតពីរាជរដ្ឋាភិបាលឱ្យស័ក្តិសមទៅនឹងអ្វីដែលបងប្អូនជាអតីតយុទ្ធជនបានលះបង់ពលីទាំងកម្លាំងកាយចិត្តក្នុងការការពារបូរណភាពទឹកដី និងប្រជាជនកម្ពុជា។

លោកនាយឧត្តមសេនីយ៍ គន់ គីម បានបន្តថា សម្រាប់ទិវានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ក៏បានចេញនូវសារលិខិតមួយច្បាប់ដើម្បីអបអរសាទរចំពោះទិវាអតីតយុទ្ធជនកម្ពុជាខួបលើកទី១៥នេះផងដែរ ដោយសម្តេចបានលើកឡើងពីពលិកម្មប្រកបដោយស្មារតីស្នេហាជាតិរបស់អតីតយុទ្ធជន យុទ្ធនារី និងប្រជាពលរដ្ឋកម្ពុជានៅគ្រប់ដំណាក់កាលនៃប្រវត្តិសាស្ត្រ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការពារបូរណភាពទឹកដី ក្នុងការកសាងសុខសន្តិភាព និងស្ថិរភាពសង្គមសម្រាប់ព្រះរាជាណាចក្រកម្ពុជា សំដៅធានាឱ្យមានការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ជាតិមាតុភូមិ និងប្រជាជនកម្ពុជា។
ក្នុងសារលិខិតនេះសម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា បច្ចុប្បន្ននេះអតីតយុទ្ធជនចំនួន១០៣,៩៧៩នាក់ ព្រមទាំងអ្នកនៅក្នុងបន្ទុកចំនួន១៥០,៥៣៩នាក់ កំពុងទទួលបានប្រាក់របបគោលនយោបាយពីរដ្ឋដែលប្រាក់របបនេះត្រូវបានកែសម្រួលជាបន្តបន្ទាប់ ស្របតាមកំណើនសេដ្ឋកិច្ចជាតិ, ការដំឡើងប្រាក់បៀវត្សមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធផងដែរ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានអំពាវនាវចំនួន៧ចំណុច ខួបលើកទី១៥ នៃទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០២២នេះ។

នាយឧត្តមសេនីយ៍ អគ្គលេខាធិការ ក៏បានជំរុញឱ្យថ្នាក់ដឹកនាំសមាគមគ្រប់ថ្នាក់ត្រូវបន្តជំរុញសកម្មភាពឆ្ពោះទៅអតីតយុទ្ធជនដែលកំពុងរស់នៅតាមភូមិ ឃុំ សង្កាត់ ដោយត្រួវបែងចែកភារកិច្ចគ្នាចុះជួបសំណេះសំណាល ផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយបងប្អូនតាមគ្រួសារ តាមខ្នងផ្ទះនីមួយៗ។

នាឱកាសដ៏មានអត្ថន័យនេះដែរ បងប្អូនអតីតយុទ្ធជនដែលចូលរួមក្នុងពិធីត្រូវបានទទួលការឧបត្ថម្ភពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងម្នាក់ៗទទួលបានថវិការចំនួន១០០.០០០រៀល, អង្ករចំនួន២៥គ.ក្រ. សារុងចំនួន១ ឆ្លើយតបទៅតាមការសំណូមពរ លោកនាយឧត្តមសេនីយ៍ គន់ គីម បានផ្តល់ផ្ទះចំនួន៣៥ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

...

ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print