ខេត្តកំពង់ចាម៖ យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលប្រកបរបរកត់ឆ្នោតខុសច្បាប់មួយចំនួននៅខេត្តកំពង់ចាមបានបង្ហេីបប្រាប់អង្គភាពកាសែតនគរវត្ត និងនគរដ្រេហ្គននៅព្រឹកថ្ងៃសុក្រទី១៧ ខែមិថុនា ឆ្នាំ២០២២នេះថា៖ បច្ចុប្បន្ននេះមានក្រុមមេឆ្នោតវៀតណាមដ៏ល្បីឈ្មោះម្នាក់ហៅយាយណារិន្ទ ដែលមានវេបសាយឆ្នោតផ្ទាល់ខ្លួនយីហោ”minhngoc0.com” កំពុងធ្វើព្យុះធ្វើភ្លៀងក្នុងខេត្តកំពង់ចាម ខណៈដែលក្រុមមេឆ្នោតទាំងនោះបានដេីរគំរាមកំហែងដល់កូនកញ្ច្រែងកត់ឆ្នោត នៅតាមភូមិ ឃុំ ស្រុកទាំងអស់ក្នុងមូលដ្ឋានខេត្តកំពង់ចាមមកឱ្យកត់ឆ្នោតរបស់ខ្លួនវិញ។ រហូតដល់មានពាក្យដែលអាចជឿទុកចិត្តនិយាយថា បេីមិនដូច្នេះទេ មេឆ្នោតយាយ ណារិន នឹងបញ្ជាឱ្យសមត្ថកិច្ចកងរាជអាវុធហត្ថការិយាល័យព្រហ្មទណ្ឌនៃទីបញ្ជាការកងរាជអាវុធហត្ថមូលដ្ឋានខេត្តកំពង់ចាម និងលោកសុធា ពិសិដ្ឋ ព្រះរាជអាជ្ញារងខេត្តកំពង់ចាម ចុះចាប់ទីតាំងកត់ឆ្នោតណាដែលមិនព្រមកត់ឱ្យ។ បើដូច្នោះមែន ហាក់ដូចរដ្ឋបាលដែនដី គ្មានច្បាប់ ?
ប្រភពដដែលបន្តថា ហេតុដែលមេឆ្នោតយាយ ណារិន្ទ ហ៊ានធ្វើបែបនេះគឺដោយសារតែមានលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារងខេត្តកំពង់ចាមនៅពីក្រោយខ្នង និងធ្លាប់ហៅក្រុមកូនកញ្ច្រែងកត់ឆ្នោតជាច្រើនមកជួបដេីម្បីបញ្ចុះបញ្ចូលមកកត់ឱ្យយាយណារិន្ទវិញ ដោយបានគំរាមថា ប្រសិនបើម្ចាស់ទីតាំងទាំងអស់មិនព្រមកត់ឱ្យយាយណារិន្ទទេនោះ នឹងចុះបង្រ្កាបទាំងអស់។ ប៉ុន្តែធាតុពិត អង្គភាពយើងរង់ចាំការបកស្រាយ គ្រប់ម៉ោងធ្វើការ។
ជាក់ស្ដែងយោងតាមរយៈរូបភាពវីដេអូក្នុងកាមេរ៉ាសុវត្ថិភាពមួយ កាលពីពេលថ្មីៗនេះបានបង្ហាញមុខមនុស្សមួយក្រុម ដែលជាកូនចៅជំនិតរបស់មេឆ្នោតយាយ ណារិន្ទ បាននាំគ្នាចុះទៅអុកឡុកអ្នកកត់ឆ្នោតផ្សេងៗដេីម្បីបញ្ចុះបញ្ចូលមកកត់ឆ្នោតឱ្យពួកគេវិញផងដែរ។
សូមជម្រាបថា កាលពីវេលាម៉ោង ៤រសៀលថ្ងៃព្រហស្បតិ៍ទី១៦ ខែមិថុនា ឆ្នាំ២០២២ម្សិលមិញនេះ កងរាជអាវុធហត្ថការិយាល័យព្រហ្មទណ្ឌនៃទីបញ្ជាការកងរាជអាវុធហត្ថមូលដ្ឋានខេត្តកំពង់ចាម បានបេីកប្រតិបត្តិការចុះបង្រ្កាបទីតាំងកត់ឆ្នោតមួយកន្លែងស្ថិតនៅចំណុចភូមិទំព្រង ឃុំត្រប់ ស្រុកបាធាយ ខេត្តកំពង់ចាម ដោយឃាត់ខ្លួនស្រ្តីម្នាក់ជាអ្នកកត់ឆ្នោតឈ្មោះ ចែពៅ អាយុប្រហែល៥០ឆ្នាំ យកមកសាកសួរដេីម្បីចាត់ការតាមច្បាប់។ ប៉ុន្តែក្រោយបង្រ្កាបនិងឃាត់ខ្លួនស្រ្ដីជាអ្នកកត់ឆ្នោតរួច ពេលនោះមានអ្នកជិតខាងរត់ទៅប្រាប់ម្តាយស្រ្តីជនសង្ស័យដែលមានវ័យ៨៧ឆ្នាំ រស់នៅក្បែរកន្លែងកេីតហេតុ មានការភិតភ័យរហូតធ្វេីឱ្យគាត់គាំងបេះដូងស្លាប់ផងដែរ។
ជុំវិញករណីចោទប្រកាន់លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារងខេត្តកំពង់ចាមថាជាអ្នកនៅពីក្រោយខ្នងមេកត់ឆ្នោតឈ្មោះ យាយរិន្ទនេះ លោកក៏បានថ្លែងឱ្យដឹងតាមរយៈទូរស័ព្ទនៅរសៀលថ្ងៃសុក្រទី១៧ ខែមិថុនា ឆ្នាំ២០២២នេះថា៖ “ក្នុងនាមលោកជាព្រះរាជអាជ្ញាដែលគេចោទថាជាអ្នកទាក់ទាញក្រុមអ្នកកត់ឆ្នោតមួយចំនួនមកកត់ឆ្នោតឱ្យឈ្មោះ យាយរិន្ទ នោះ គឺមិនពិតប្រាកដទេ ព្រោះគាត់ជាព្រះរាជអាជ្ញាគឺជាអ្នកអនុវត្តច្បាប់ក្នុងការបង្រ្កាបរាល់បទល្មេីស ជាក់ស្ដែងប្រសិនបេីមន្រ្តីនគរបាលយុត្តិធម៌មានដូចជា៖ មន្រ្តីនគរបាល,មន្រ្តីកងរាជអាវុធហត្ថខេត្ត ឬគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ស្នេីសុំមកស្ថាប័នរបស់លោក គឺលោកធ្វេីការបង្រ្កាបទាំងអស់។
ដោយឡែកមេឆ្នោតឈ្មោះ ណារិន្ទ ហៅយាយរិន្ទ ដែលគេអះអាងថាជាមេឆ្នោតវៀតណាមខុសច្បាប់ដ៏ល្បីឈ្មោះនៅខេត្តកំពង់ចាម អង្គភាពយេីងមិនមានលេខទូរស័ព្ទដេីម្បីទំនាក់ទំនងនោះទេ៕ដោយ៖អរុណរះ