ខេត្តកណ្តាល ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែងបន្ទាប់ពីជិះម៉ូតូធុនធំ មួយគ្រឿង ត្រូវរថយន្តម៉ាស្តារមួយគ្រឿងទៀត ពាក់ផ្លាកលេខរដ្ឋបុកពេញទំហឹង កាលពីវេលាម៉ោង ៩និង ១០នាទីយប់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ នៅត្រង់ចំណុចមុខរោងចក្រដែកមួយកន្លែង តាមបណ្តោយផ្លូវជាតិលេខ២ ស្ថិតនៅក្នុងភូមិព្រះពុទ្ធ ឃុំព្រះពុទ្ធ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
សពជនរងគ្រោះឈ្មោះសុង សុខលី ភេទប្រុស អាយុ២០ឆ្នាំ រស់នៅឃុំចំប៉ា ស្រុកព្រៃកប្បាស់ ខេត្តតាកែវ។
បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តម៉ាស្ដារមួយគ្រឿង ពណ៌ស ពាក់ផ្លាកស្លាកលេខរដ្ឋ10-2-6871 មានគ្នា៥នាក់ បើកបរតាមបណ្តោយផ្លូវជាតិលេខ២ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ បានជ្រុលទៅបុកជាមួយម៉ូតូធុនធំមួយគ្រឿងម៉ាកM slah ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1HX-7494ជិះដោយយុវជនម្នាក់បញ្ច្រាសទិសដៅគ្នា ពីជើងទៅត្បូង ពេញទំហឹង បណ្ដាលឲ្យជនរងគ្រោះដួលបោកទៅថ្នល់ស្លាប់នៅនិងកន្លែងកើតហេតុភ្លាមៗ។ ចំណែកតៃកុងរថយន្តត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗផងដែរ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនឹងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការរដ្ឋាននគរបាលខេត្តកណ្ដាល រងចាំធ្វើការដោះស្រាយគ្នាតាមច្បាប់។ដោយឡែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ រួចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យនៅស្រុកកំណើតតាមប្រពៃណី៕ដោយ ៖ ភារ៉ា ដង្កោ