ម៉ូតូពីរគ្រឿងបុកគ្នានៅត្រង់ចំណុចផ្លូវបំបែកជាបួនពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់ស្រាល៥ នាក់

ចែករំលែក៖

ភ្នំពេញ ៖ បុរសបីនាក់ជិះម៉ូតូមួយគ្រឿងឌុបគ្នាជ្រុលទៅបុកជាមួយម៉ូតូមួយគ្រឿងទៀតជិះគ្នាពីរនាក់នៅត្រង់ចំនុចផ្លូវបំបែកជាបួនពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់២ នាក់និងស្រាល៣ នាក់។

       ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង ១០នាទីយប់ថ្ងៃទី ១៧ខែមិថុនា ឆ្នាំ ២០២២ នៅត្រង់ចំណុចផ្លូវបំបែកជាបួន  តាមបណ្តោយផ្លូវ ៣៣៦ កែងផ្លូវ ២៥៥ ស្ថិតក្នុងសង្កាត់បឹងសាឡាង  ខណ្ឌទួលគោក រាជធានីភ្នំពេញ។

       បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុឃើញបុរស៣នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ ២០២១ ពណ៌ខ្មៅ  ពាក់ផ្លាកលេខកំពង់ធំ1J-7613 ធ្វើដំណើរតាមបណ្តោយផ្លូវ២៥៥ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន លុះដល់ចំណុចកើតហេតុខាងលើ ដោយខ្វះការប្រុងប្រយ័ត្នក៍ជ្រុលទៅបុកជាមួយម៉ូតូឌ្រីមសង់ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅពាក់ស្លាកលេខកំពង់ចាម1L-0065ជិះដោយបុរសពីរនាក់ ធ្វើដំណើរតាមបណ្តោយផ្លូវ ៣៣៦ ទិសដៅពីលិចទៅកើត ពីចំហៀងពេញទំហឹង បណ្ដាលឲ្យដួលបោកទៅថ្នល់រងរបួសធ្ងន់ពីរនិងរងរបួសស្រាលម្នាក់ ខាងម៉ូតូហុងដាឌ្រីមស៊េរីឆ្នាំ២០២១ រីឯខាងភាគីម៉ូតូហុងដាឌ្រីម ស៊េរីឆ្នាំ២០១៤ រងរបួស​ស្រាល​​ ពីរនាក់។ ចំណែកម៉ូតូរងការខូចខាតរៀងខ្លួនយ៉ាងដំណំ។

      ក្រោយកើតហេតុ អ្នករងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗចំណែកម៉ូតូត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ដោយ ៖ភារ៉ា ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print