ភ្នំពេញ : សេចក្តីជូនដំណឹងស្តីពីការព្យាករធាតុអាកាស របស់ក្រសួងធនធានទឹកនិងឧតុនិយម នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ បានបញ្ជាក់អោយដឹងថា, ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ។
ក្រសួងធនធានទឹកនិងឧតុនិយម បានបន្តថា, ព្រះរាជាណាចក្រកម្ពុជា ទទួលរងឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប ដែលអូសបន្លាយ នៅលើភាគខាងជើងប្រទេសថៃ ប្រទេសឡាវ និងប្រទេសវៀតណាម ជាមួយនឹងខ្យល់មូសុងនិរតីបក់ក្នុងល្បឿនពីមធ្យមទៅបង្គួរ។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖
១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ៖
សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C និងសីតុណ្ហភាពអតិបរមា មានពី ៣៥-៣៧°C។
នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីតិចទៅបង្គួរ ជាមួយគ្នានោះបណ្តាផ្នែកខ្លះនៃខេត្តនិងរាជធានីអាចមានភ្លៀងធ្លាក់ច្រើនដោយអន្លើ លាយឡំទៅដោយផ្គររន្ទះ និងខ្យល់កន្ត្រាក់។
២-បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន៖
សីតុណ្ហភាពអប្បបរមាមានពី២៣-២៥°C និងសីតុណ្ហភាពអតិបរមា មានពី៣៤-៣៦°C។
នឹងអាចមានភ្លៀងនៅក្នុងកម្រិតពីតិចទៅមធ្យម នឹងមានលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដោយអន្លើ។
៣-តំបន់មាត់សមុទ្រ ៖
សីតុណ្ហភាពអប្បបរមាមានពី ២៤-២៦°C និង សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦ °C។
នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ព្រមទាំងរលកសមុទ្រ ក្នុងកម្រិតមធ្យម ។
យោងលើស្ថានភាពធាតុអាកាស ដូចបានជម្រាបជូនខាងលើសូមសាធារណជនជ្រាបជាព័ត៌មាន៕
ដោយ : សុខ ខេមរា