ផ្លូវជាតិលេខ៧១C ចាប់ពីស្រុកត្បូងឃ្មុំ រហូតដល់ស្រុកចំការលើ សរុប១១៤,៦២គីឡូម៉ែត្រ សម្រេចវឌ្ឍនភាពការងារសាងសង់បាន៣៧%ហើយ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ÷លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈ ប្រតិភូក្រសួងអញ្ជើញចុះត្រួតពិនិត្យលក្ខណៈបច្ចេក ទេស និងតាមដានវឌ្ឍនភាពការងារ គម្រោងសាងសង់ផ្លូវជាតិលេខ៧១C ដោយមានការចូលរួមពីមន្ត្រីជំនាញបច្ចេកទេស តំណាងក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនត្រួតពិនិត្យលក្ខណៈបច្ចេកទេស អាជ្ញាធរដែនដី និងភាគីពាក់ព័ន្ធផងដែរ។

ការចុះត្រួតពិនិត្យនេះធ្វើឡើងកាលរសៀលថ្ងៃទី២១ខែ មិថុនា ឆ្នាំ២០២២ ក្នុងគោលបំណងត្រួតពិនិត្យលក្ខណៈបច្ចេកទេស តាមដានវឌ្ឍនភាពការងារសាងសង់ និងពិនិត្យថាតើក្រុមហ៊ុនសាងសង់កំពុងអនុវត្តការងារនីមួយៗត្រឹមត្រូវតាមសៀវភៅបន្ទុក ឬកិច្ចសន្យាដែរឬទេ ដើម្បីធានាគុណភាពផ្លូវថ្នល់រឹងមាំ និងប្រើប្រាស់ជាប់បានយូអង្វែង។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននាឱកាសនោះលោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីលក្ខណៈ បច្ចេកទេសនៃការសាងសង់ផ្លូវនេះដែលក្នុងនោះរួមមាន៖ ការសិក្សាលម្អិតលើស្ថានភាពភូមិសាស្ត្រ ការលើកម្ពស់តួផ្លូវឱ្យផុតពីទឹកនៅរដូវវស្សាពេលមានទឹកជំនន់ធំ ការសាងសង់ស្ពានបើកមុខទឹកប្រវែង៤០០ ម៉ែត្រការពារទឹកហូរបុកដាច់ផ្លូវ និងគ្រឹះផ្លូវ នៅទីប្រជុំជនមានការជីកប្រឡាយទឹក និងដាក់លូបង្ហូរទឹក ដើម្បីជាមូលដ្ឋានជាក់ស្ដែងក្នុងការធានាឱ្យគុណភាពផ្លូវមានភាពរឹងមាំ អាចប្រើប្រាស់បានយូរអង្វែង។

បន្ថែមពីលើនេះ លោកទេសរដ្ឋមន្ត្រី បានផ្ដាំផ្ញើឱ្យក្រុមសាងសង់ និងក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេសសាងសង់យកចិត្តទុកដាក់សាងសង់ដោយឈរលើគោលការណ៍គុណភាពជាចម្បង និងត្រូវស្រោចទឹកឱ្យបានជាប្រចាំ ដើម្បីកុំឱ្យរំខាន និងប៉ះពាល់ដល់សុខភាពអ្នកធ្វើដំណើរ និងបងប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយផ្លូវនោះ។

ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានសំណូមពរដល់ក្រុមហ៊ុនដឹកជញ្ជូនដឹកជញ្ជូន ក៏ដូចជាបងប្អូនប្រជាពលរដ្ឋកុំដឹកទំនិញលើសទម្ងន់កម្រិតកំណត់ដោយច្បាប់ធ្វើឱ្យផ្លូវឆាប់ខូច ដោយ បានលើកឡើងនូវរូបមន្តដូច តទៅនេះ៖ ឧទាហរណ៍ច្បាប់អនុញ្ញាតឲ្យដឹក៣០តោន ប៉ុន្តែយើងដឹក៤០ តោន លើសដប់តោន នោះ គេយក ១០ គុណនឹង ១០ ស្មើនឹង ១០០ យក ១០០ គុណនឹង ១០ ស្មើ ១០០០ យក១០០០ គុណនឹង ១០ ស្មើនឹង១០ ០០០ ដូច្នេះឡានមួយគ្រឿងដែលដឹកទំនិញលើស ១០ តោន ស្មើនឹងឡាន ១០ ០០០ គ្រឿងដឹកទំនិញលើផ្លូវយើង។ទេសរដ្ឋមន្ត្រី បានបន្ថែមថា៖ បើមានឡានដឹកលើសទម្ងន់៣០ តោន គេយក ៣០ គុណនឹង ៣០ ស្មើនឹង៩០០ យក៩០០ គុណនឹង៣០ ស្មើនឹង២៧ ០០០ យក ២៧ ០០០ គុណនឹង ៣០ ស្មើនឹង ៨១ ០០០០ ដូច្នេះឡានមួយគ្រឿងដឹកទំនិញលើស៣០តោន វាស្មើនឹង ឡាន៨១ ០០០០ គ្រឿងបើកលើផ្លូវយើង។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានបច្ចេកទេស នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា៖ វឌ្ឍនភាពគម្រោងសាងសង់ផ្លូវជាតិលេខ៧១C គិតរហូតមកទល់ពេលនេះ សម្រេចលទ្ធផលការងារបាន៣៧%ហើយ។

គួរកត់សម្គាល់ថា៖ ផ្លូវជាតិលេខ៧១C គឺជាសរសៃ ឈាមសេដ្ឋកិច្ចជាតិដ៏មានសក្តានុពលរបស់កម្ពុជា អាចជួយសម្រួលដល់ការតភ្ជាប់ទំនាក់ទំនងគមនាគមន៍ ធ្វើសមាហរណកម្មតភ្ជាប់ផ្ទៃក្នុងប្រទេស និងជាមួយតំបន់ រួមចំណែកក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃការដោះដូរពាណិជ្ជកម្ម វិនិយោគ ដំណាំកសិផល កសិ-ឧស្សាហកម្ម និងទេសចរណ៍បានឆាប់រហ័ស និងចំណាយតិច ជាពិសេសជាមួយប្រទេសជិតខាង។

សូមជម្រាបជូនថា៖ គម្រោងសាងសង់ផ្លូវជាតិលេខ ៧១C មានប្រវែងសរុប១១៤,៦២គីឡូម៉ែត្រ ចាប់ផ្តើមពីគីឡូម៉ែត្រលេខ១៥៤+៧០០ផ្លូវជាតិលេខ៧ ស្ថិតក្នុងឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងបញ្ចប់ នៅគីឡូម៉ែត្រលេខ៣០+៤០០ផ្លូវជាតិលេខ៧១ ស្ថិតក្នុងឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម។ គម្រោងសាងសង់ផ្លូវនេះរួមមាន៖ ផ្លូវមេប្រវែង៩២,៤៤៦ គ.ម ទទឹងផ្លូវ១១ម៉ែត្រ ក្រាលកៅស៊ូបេតុង(AC) កម្រាស់ ៧សង់ទីម៉ែត្រ មានកន្លែងសម្រាប់បត់ត្រឡប់២ កន្លែង (U-Turn) ផ្លូវតភ្ជាប់មានប្រវែង១៥,៨២១ គ.ម ទទឹងផ្លូវ១១ម៉ែត្រ ក្រាលកៅស៊ូបេតុង(AC) កម្រាស់៧ សង់ទីម៉ែត្រ ផ្លូវខ្នែងចំនួន៩ខ្សែ ប្រវែង៦,៣៥៣ គ.ម ទទឹងតួផ្លូវ ៩ម៉ែត្រ ក្រាលកៅស៊ូពីរស្រទាប់ (DBST) ស្ពានចំនួន១៣កន្លែងប្រវែង៨៧៥មែត្រ ផ្លូវបំបែកតំបែរប្រវែង១៥,៨០គីឡូម៉ែត្រ ផ្លូវខ្នែងមានប្រវែង៦,៣០ គីឡូម៉ែត្រ និងដាក់លូគ្រប់ប្រភេទចំនួន ២០២កន្លែង ដែលនឹងប្រើប្រាស់រយៈពេលសាងសង់ចំនួន៤២ខែ គ្រោង បញ្ចប់ការសាងសង់នៅខែតុលា ឆ្នាំ២០២៤ សាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ(SCG) និងត្រួត ពិនិត្យបច្ចេកទេសដោយ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ក្វាងចូវវ៉ាន អាន គ្រោងចំណាយថវិកាសាងសង់ ប្រមាណ១២៩,៩៨លាន ដុល្លារអាមេរិក៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print