ភ្នំពេញ: យុវជនម្នាក់បានស្គាល់នារីម្នាក់តាមហ្វេសប៊ុករយៈពេលប្រាំមួយខែ ដោយមិនដែលជួបមុខផ្ទាល់នោះទេហេីយស្រីស្នេហ៍ ខលហៅទៅយក ដេីម្បីទីដេកជាមួយខំជិះម៉ូតូទាំងកណ្ដាលយប់ ស្កាត់ជួបបែជាចាញ់ល្បិចនាំបក្សពួកមកវាយប្លន់យកម៉ូតូបានសម្រេច ហើយនាំគ្នាគេច ខ្លួនដោយសុវត្ថិភាព។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី២០ ខែមិថុនាឆ្នាំ ២០២២ នៅត្រង់ចំណុចផ្លូវលំ ដីវាលមួយកន្លែង ម្តុំខាងក្រោយវត្តព្រៃស្ពឺស្ថិតនៅក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ ស្រេង ភារម្យ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរអ្នកដឹកម្ហូបអាហារ តាមអនឡាញ ស្នាក់នៅខាងក្រោយសាលាខណ្ឌដង្កោ សង្កាត់ដង្កោរាជ ធានីភ្នំពេញ មានស្រុកកំណើតនៅ ឯខេត្តកំពង់ឆ្នាំង។ ម៉ូតូដែលជនសង្ស័យប្លន់យកទៅបាត់នោះម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1JN-9101។ចំណែកនារីជនសង្ស័យមានឈ្មោះស្រីពៅ រីឯបក្សពួកផ្សេងទៀតមិនស្គាល់អត្តសញ្ញាណបានគេចខ្លួនបាត់ស្រមោល។
តាមការរៀបរាប់ពីជនរងគ្រោះបានប្រាប់ឱ្យដឹងថា រូបគាត់បានស្គាល់នារីជាជនសង្ស័យ រយៈពេល ប្រាំមួយខែ មកហើយ ដោយមិនដែលបានជួបគ្នាទេឃើញតែរូបតាមទូរស័ព្ទ ហើយមុនកើតហេតុរូបគាត់ កំពុងអង្គុយលេងនៅចំណុចមុខក្លឹបមួយកន្លែង ក្នុងសង្កាត់ ភ្នំពេញថ្មីខណ្ឌសែនសុខ ស្រាប់តែនារីជាជនសង្ស័យ បានខលទូរស័ព្ទហៅខ្លួនឱ្យទៅយក ដោយប្រាប់ខ្លួនថាមកយកទៅដេកជាមួយផងដោយគ្មានកន្លែងដេកនោះទេ។
ប្រភពដដែលបានបន្តទៀតថាលុះរូបគេជិះម៉ូតូមកដល់កន្លែងកើតហេតុខាងលើ ក៏ឃើញនារីជាជនសង្ស័យតែម្នាក់ឯង ដោយមិនដឹងថានារីរូបនោះហៅបក្សពួកមកចាំវាយប្លន់នោះទេ លុះនិយាយគ្នាមួយសន្ទុះ នារីជាជនសង្ស័យខាងលើបានបន្លំលួចដកសោរម៉ូតូរបស់គាត់ ហើយបានរត់ចូលទៅគម្ពោតព្រៃ ជាប់នឹងស្ពានថ្មមួយបាត់តែម្តង។ ស្រាប់តែលេចមុខជនសង្ស័យសុទ្ធតែមនុស្សប្រុសមួយក្រុមប្រមាណ៦ទៅ៧នាក់ នាំគ្នាចេញពីក្រោមស្ពានប្រដាប់ដោយដាវ កំបិត និងដំបង ហើយធ្វើសកម្មភាពដេញវាយនិងកាប់ទៅលើរូបគាត់ បណ្ដាលឲ្យរូបគាត់ភ័យស្លន់រត់យករួចខ្លួនសិន។បន្ទាប់មកជនសង្ស័យទាំងនោះនាំគ្នាយកម៉ូតូរបស់គាត់ហើយនាំនារីដែលរូបគាត់ស្គាល់នោះគេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុជនរងគ្រោះបានទំនាក់ទំនងហៅមិត្តភក្កិរួចជូនទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលចោមចៅទី២ ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ ស្វែងរកចាប់ខ្លួនសង្ស័យដើម្បីយកមុខផ្ដន្ទាទោសទៅតាមផ្លូវច្បាប់៕
ដោយ៖សុខាសែនជ័យ