ជំនួបពិភាក្សាការងាររវាងគណៈប្រតិភូក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសកូរ៉េជំនាញផ្នែកអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ជាមួយលោករដ្ឋលេខាធិការ សូរ វ៉ិចទ័រ

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ បានឱ្យដឹងនៅរសៀល​ថ្ងៃអង្គារទី២១ ខែមិថុនា ឆ្នាំ២០២២នេះថា៖ នៅទីស្តីការក្រសួង លោក សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងដ៏ខ្ពង់ខ្ពស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសកូរ៉េជំនាញផ្នែកអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដឹកនាំដោយលោក ហេង វុទ្ធី អនុរដ្ឋលេខាធិការក្រសួងការពារជាតិ និងមានការអមដំណើរពីលោក Kim Songil អនុប្រធានក្រុមហ៊ុនសាជីវកម្ម Yooshin Engineering Corporation ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញបច្ចេកទេសពាក់ព័ន្ធក្រោមឱវាទក្រសួង។

ជំនួបនេះមានគោលបំណងដើម្បីពិភាក្សា និងស្វែងយល់អំពីកាលានុវត្តភាពសម្រាប់ចូលរួមអនុវត្តគម្រោងអភិវឌ្ឍន៍វិស័យហេដ្ឋារចនាសម្ព័ន្ធទាក់ទងនឹងផ្លូវថ្នល់ស្ពាននានារបស់ក្រសួងសាធារណការ និងដឹកជញ្ជូននាពេលបច្ចុប្បន្ន និងនាពេលអនាគត ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែមានការរីកចម្រើនថែមទៀត។

ថ្លែងក្នុងជំនួបនេះ លោករដ្ឋលេខាធិការ បានជម្រាបជូនអំពីបច្ចុប្បន្នភាពនៃគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធកំពុងអនុវត្តបន្ត រួមមានផ្លូវថ្នល់ ស្ពានធំៗ ក៏ដូចជាការអនុវត្តនីតិវិធីទាក់ទងនឹងការសាងសង់ និងបានថ្លែងនូវការកោតសរសើរផងដែរចំពោះលោក ហេង វុទ្ធី ដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការដឹកនាំគណៈប្រតិភូមកចូលរួមកិច្ចពិភាក្សាអំពីលទ្ធភាពក្នុងកិច្ចសហប្រតិបត្តិការចូលរួមជំរុញការងារគម្រោងផ្នែកហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរបស់កម្ពុជាឱ្យកាន់តែមានភាពរីកចម្រើនថែមទៀត។

សូមជម្រាបជូនថា៖ ក្រុមហ៊ុនសាជីវកម្មនេះបង្កើតឡើងនៅក្នុងឆ្នាំ១៩៥៣ មានបទពិសោធន៍លើការសាងសង់ផ្លូវល្បឿនលឿន ផ្លូវហាយវេ ផ្លូវរថភ្លើង ស្ពានខ្សែកាប ព្រលានយន្តហោះ ស្ពានធំៗ និងការអភិវឌ្ឍធនធានទឹកផងដែរ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print