នាយកប្រតិបត្តិក្លិប Inter Milan លោក Giuseppe Marotta បាននិយាយថា ក្លិបកំពុងពិភាក្សាគ្នាដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធក្លិប Chelseaកីឡាករ Romelu Lukaku និងខ្សែប្រយុទ្ធ Paulo Dybala របស់ Juventus ។
BBC Sport បានរាយការណ៍ថា Lukaku នឹងកាត់បន្ថយប្រាក់ខែដើម្បីចូលរួមជាមួយ Inter Milan វិញក្នុងលក្ខខណ្ឌខ្ចីជើងបន្ទាប់ពីការផ្ទេររបស់គាត់ក្នុងតម្លៃ៩៧.៥លានផោនកាលពីរដូវក្តៅមុន។ លោក Marotta បាននិយាយថា “Lukaku និង Dybala គឺជាគោលដៅរបស់យើង” ។លោកបានបន្ថែមថា ក្លិបមានកិច្ចព្រមព្រៀងក្នុងការចុះហត្ថលេខាលើខ្សែបម្រើ Henrikh Mkhitaryan របស់ Roma និងអ្នកចាំទី Andre Onana សញ្ជាតិកាមេរូនពី Ajax ។ចំពោះការដេញថ្លៃ Lukaku និង Dybala លោក Marotta បានបញ្ជាក់ថា “យើងត្រូវពិចារណាលើបញ្ហាហិរញ្ញវត្ថុ។ យើងកំពុងពិភាក្សាជាមួយកីឡាករទាំងពីរនេះហើយ យើងនឹងសប្បាយចិត្តប្រសិនបើយើងចុះហត្ថលេខាលើពួកគេ។ បើមិនដូច្នោះទេយើងនឹងពិចារណាលើគោលដៅផ្សេងៗគ្នា”។ប្រធានក្លិប Inter Milan លោក Steven Zhang បានឈានជើងចូលដើម្បីព្យាយាមដោះស្រាយការវិលត្រឡប់របស់ Lukaku ទៅកាន់ក្លិប។ក្រុមនៅក្របខ័ណ្ឌ Serie A មិនមានហិរញ្ញវត្ថុក្នុងការបង្កើតកិច្ចព្រមព្រៀងជាអចិន្ត្រៃយ៍ឡើយ ហើយបានជួបការលំបាកក្នុងការបំពេញតាមតម្លៃកម្ចីដែល Chelsea ចង់បានសម្រាប់កីឡាករវ័យ២៩ឆ្នាំរូបនេះ។លោក Zhang បានជួបជាមួយគ្រូបង្វឹក Simone Inzaghi ដើម្បីដាក់កិច្ចព្រមព្រៀងដែល Chelsea អាចទទួលយកបាន។កីឡាករអន្តរជាតិបែលហ្សិក Lukaku ស៊ុតបញ្ចូលទីបាន១៥គ្រាប់នៅគ្រប់ការប្រកួតទាំងអស់សម្រាប់ក្រុមតោខៀវកាលពីរដូវកាលមុន ដោយស៊ុតបញ្ចូលទីបាន៨គ្រាប់ក្នុង២៦ប្រកួតនៅ Premier League ។ គាត់បានសុំទោសសម្រាប់ការសម្ភាសន៍ក្នុងរដូវកាលដែលគាត់បាននិយាយថា គាត់មិនសប្បាយចិត្តនឹងតួនាទីរបស់គាត់ក្រោមអ្នកចាត់ការលោក Thomas Tuchel ហើយចង់ត្រលប់ទៅ Inter Milan វិញក្នុងពេលដ៏ខ្លីខាងមុខនេះ។Lukaku ដែលបានចាកចេញពី Chelsea ទៅចូលរួមជាមួយ Everton ក្នុងតម្លៃ២៨លានផោនកាលពីឆ្នាំ២០១៤បានត្រលប់ទៅកីឡដ្ឋាន Stamford Bridge វិញក្នុងតម្លៃកំណត់ត្រាក្លិបនៅខែសីហា ឆ្នាំ២០២១ដោយយល់ព្រមលើកិច្ចសន្យារយៈពេល៥ឆ្នាំ។ចំណែកកីឡាករអន្តរជាតិអាហ្សង់ទីន Dybala វ័យ២៨ឆ្នាំត្រូវបានកំណត់ថា ជាកីឡាករដែលនៅទំនេរ មិនមានតម្លៃខ្លួនផ្ទេរ (Free Agent ) នៅពេលដែលកិច្ចសន្យារបស់គាត់ផុតកំណត់នៅចុងខែនេះ។ជាមួយគ្នានេះខ្សែបម្រើសញ្ជាតិអាមេនី Mkhitaryan វ័យ៣៣ឆ្នាំបានជួយក្រុម Roma ក្រោមការដឹកនាំរបស់លោក Jose Mourinho ឈ្នះពានរង្វាន់អឺរ៉ុបជាលើកដំបូងរបស់ពួកគេកាលពីរដូវកាលមុនគឺ Europa Conference League ។ងាកមកអ្នកចាំទី Onana វ័យ២៦ឆ្នាំវិញ បានជួយក្រុមឈ្នះពានរង្វាន់ហូឡង់ចំនួនបីជាមួយ Ajax ប៉ុន្តែបានទទួលបម្រាម Uefa សម្រាប់ការបំពានច្បាប់សារធាតុញៀនកាលពីឆ្នាំមុន។ គាត់ក៏ជាកីឡាករមិនមានតម្លៃខ្លួនផ្ទេរថ្លៃផងដែរ។លោក Marotta បានបន្ថែមថា “Mkhitaryan នឹងជាផ្លូវការនៅប៉ុន្មានថ្ងៃខាងមុខ ដូចគ្នាសម្រាប់ Onana។ យើងកំពុងវាយតម្លៃបន្តិចនៃអ្វីៗទាំងអស់ ហើយក៏ជាកីឡាករមកពីក្រុមយុវជនដែលបានក្លាយជាជើងឯកអ៊ីតាលីផងដែរ។ យើងដឹងថាយើងត្រូវរង់ចាំកីឡាករវ័យក្មេង និងកសាងក្រុមឱ្យរឹងមាំ”។
ក្រុម Inter Milan បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ក្នុងក្របខ័ណ្ឌ SerieA កាលពីរដូវកាលមុន ដោយតាមពីក្រោយគូប្រជែងជើងឯក AC Milan ចំនួន២ពិន្ទុប៉ុណ្ណោះ ៕ (រូបភាព ៖ BBC Sport)