មេបញ្ជាការកងទ័ពអង់គ្លេសបានទទួលស្គាល់ថា នឹងត្រូវចំណាយពេលជាច្រើនឆ្នាំទៀតទើបអាចផលិតមីស៊ីលបំពេញនៅក្នុងឃ្លាំងដូចដើមវិញ ដោយសារតែអាវុធជាច្រើនបានបញ្ចេញទៅឱ្យអ៊ុយក្រែន។
មានប្រសាសន៍ទៅកាន់គណៈកម្មការសន្តិសុខនៅសភាអង់គ្លេស អគ្គមេបញ្ជាការកងទ័ពអង់គ្លេស លោក Tony Radakin បានបញ្ជាក់ថា អង់គ្លេសនឹងចំណាយពេលវេលាជាច្រើនទៀតទើបអាចផលិតអាវុធបំពេញគ្រប់ចំនួននៅក្នុងឃ្លាំង ដោយសារតែបានផ្តល់ជំនួយទៅឱ្យអ៊ុយក្រែនក្នុងសង្គ្រាមទប់ទល់ជាមួយរុស្ស៊ី។
លោក Tony Radakin បានបញ្ជាក់ទៀតថា សូម្បីតែគ្រឿងបន្លាស់ជួសជុលក៏ត្រូវបញ្ជូនទៅកាន់អ៊ុយក្រែនផងដែរ ហើយ ត្រូវចំណាយពេលជាច្រើនទៀតទើបអាចបំពេញការខ្វះខាតទាំងនោះ ។
អង់គ្លេសជាប្រទេសដែលផ្តល់អាវុធច្រើនបំផុតឱ្យទៅអ៊ុយក្រែនក្នុងសង្គ្រាមទប់ទល់ជាមួយរុស្ស៊ី។ ក្រៅពីអាវុធប្រឆាំងរថក្រោះ NLAW អង់គ្លេសក៏បានផ្តល់ឱ្យអ៊ុយក្រែននូវមីស៊ីលការពារដែនអាកាស មីស៊ីលប្រឆាំងនាវាចម្បាំង និងរថពាសដែកជាច្រើន ៕ ដោយធីរីណា
រូបថត : VOV.VN