ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ស្រាវជ្រាវឃាត់ខ្លួន និងបញ្ជូនមកកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត និង ប្រើប្រាសអាវុធកែឆ្នៃ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២។
សូមបញ្ជាក់ថា នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យម្នាក់ នៅមុខផ្ទះគ្មានលេខ ភូមិជ្រោយអំពិល១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនដោយលោក អ៊ុក សុវណ្ណារិទ្ធ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងខែមិថុនា ឆ្នាំ២០១៨។
ជនសង្ស័យឈ្មោះ វិញ ស៊ុនហួរ ភេទ ប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ភូមិជ្រោយអំពិល១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ
ក្នុងនោះវត្ថុតាងដកហូត៖ អាវុធកែច្នៃ ០១ដើម បាញ់គ្រាប់កង់
បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនមកកាន់សាលាដំបូងរាជធានីភ្នំពេញហើយកំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរ៕
ដោយ៖ រ៉ារ៉ា