ខេត្តព្រះសីហនុ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ដែលជាមុខសញ្ញាចោរប្លន់នៅស្រុកព្រៃនប់ ត្រូវបានកម្លាំងនគរបាលស្រុកព្រៃនប់ ស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួន រួមនឹងវត្ថុតាងជាក់ស្តែងផងដែរ។ នេះបេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឱ្យដឹងនៅព្រឹកថ្ងៃព្រហស្បតិ៍្តទី២៣ ខែមិថុនា ឆ្នាំ២០២២។
របាយការណ៍ដដែល បន្តថា ដោយមានការដឹកនាំបញ្ជាពីសំណាក់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឲ្យកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ធ្វើការបង្ក្រាបករណីអំពើ លួចមានស្ថានទម្ងន់ទោស(កាប់ប្លន់កាបូបលុយ)០១កើតឡើង បង្កដោយជនសង្ស័យចំនួន០២នាក់ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ១៣និង០០នាទី នៅលើដងផ្លូវជាតិលេខ៤ ចំណុចភ្នំ៩៣ ស្ថិតក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ជនសង្ស័យទី១-ឈ្មោះ ឡាត់ ជីវរ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិទ្រារ៤ សង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ(ឃាត់ខ្លួន) ។ និងទី២-ឈ្មោះ យុ ភេទប្រុស អាយុ២៥ឆ្នាំមុខរបរមិនពិតប្រាកដ មានទីលំនៅសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ(កំពុងរត់គេចខ្លួន) ។
ប្រភពដដែលបន្តថា មុនពេលកើតហេតុ ជនសង្ស័យបានធ្វើសកម្មភាពទាញយកកាបូបហើយបានប្រើច្រវ៉ាក់និងកាំបិតបាំងតោ ដេញកាប់ប្លន់យកកាបូបលុយរបស់ជនរងគ្រោះ២នាក់ប្ដីប្រពន្ធមានទីលំនៅភូមិអូរចំណារ ឃុំអូរឧកញ្ញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ខណះពេលជនរងគ្រោះពីរអ្នកប្ដីប្រពន្ធជិះម៉ូតូចេញពីលក់ដូរ ក្នុងតំបន់សេដ្ឋកិច្ចពិសេសបិតត្រាំងត្រឡប់មកផ្ទះវិញ ។ ក្រោយពេលធ្វើសកម្មភាពរួច កម្លាំងជំនាញបានឃាត់ជនសង្ស័យបាន០១នាក់ឈ្មោះឡាត់ ជីវរ និងដកហូតវត្តុតាងមួយចំនួនក្នុងរួមមាន៖ សាច់ប្រាក់សុទ្ធ ម៉ូតូ គ្រឿងអលង្គការ និងទូរស័ព្ទផងដែរ ។
បច្ចុប្បន្នជនសង្ស័យកំពុងកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕
ដោយ៖សហការី