ខេត្តបន្ទាយមានជ័យ៖ បេីយោងតាមប្រភពព័ត៍មានពីរដ្ឋបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងនៅព្រឹកថ្ងៃព្រហស្បតិ៍្តទី២៣ ខែមិថុនា ឆ្នាំ២០២២នេះថា៖ លោក យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី ,លោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ,លោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងថ្នាក់ដឹកនាំ មេបញ្ជាការ ស្នងការ មន្ត្រីពាក់ព័ន្ធ កាលពីថ្ងៃទី២២ ខែមិថុនាម្សិលមិញនេះ បានអញ្ជើញចុះពិនិត្យទីតាំងនៅអាងទឹកត្រពាំងថ្ម ភូមិត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ និងដឹកនាំកិច្ចប្រជុំ ដើម្បីពិភាក្សាអំពីការរៀបចំ និងបែងចែកភារកិច្ចទទួលខុសត្រូវ ក្នុងពិធីប្រារព្ធទិវាមច្ឆជាតិ នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ ដែលពិធីនេះនឹងប្រារព្ធក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
ក្នុងកិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក វ៉ាន់ ប៊ុនឡាយ អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ។
សូមជម្រាបជូនដែរថា ថ្ងៃទី០១ ខែកក្កដា គឺជាទិវាដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តែងតែប្រារព្ធ ទិវាមច្ឆជាតិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងស្មារតីចូលរួមផ្សព្វផ្សាយ គ្រប់គ្រង ការពារ អភិរក្សធនធានធម្មជាតិ និងអភិវឌ្ឍន៍ធនធានជលផលឱ្យបានស្ថិតស្ថេរ និងនិរន្តរភាពសម្រាប់កូនចៅជំនាន់ក្រោយ។
សូមរំលឹកថា ចាប់តាំងពីឆ្នាំ២០០៣ ទិវាមច្ឆជាតិ ត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំ លើកលែងឆ្នាំ២០២០ និងឆ្នាំ២០២១ ដោយសារវិបត្តិជាសាកលនៃជំងឺឆ្លងកូវីដ-១៩ គឺមានការលែងមេពូជត្រី កូនត្រី វារីសត្វ ពូជក្នុងស្រុក និងប្រភេទធនធានជលផលដែលកំពុងរងគ្រោះថ្នាក់ប្រមាណ ៥លានកូន ក្នុង១ឆ្នាំ ចូលទៅក្នុងដែនទឹកធម្មជាតិ ដើម្បីបង្កើនផលស្តុកមច្ឆជាតិឱ្យកើនឡើង សម្រាប់ជួយទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន៕
ដោយ៖សហការី