ភ្នំពេញ៖ បង្គោលភ្លើងមួយដើមនិងសម្ភារមួយចំនួនដែលប្រជាពលរដ្ឋបានទុកនៅមុខផ្ទះ ត្រូវបានរថយន្តបង្កម៉ាកPorsche បើកបរបញ្ច្រាស់ទិសក្នុងល្បឿនយ៉ាងលឿនបានមកបុករះបណ្ដាលឲ្យបាក់និងរាយប៉ាយពេញដី ហើយរថយន្តបង្ករងការខូចខាតពីមុខទាំងស្រ៊ុង តែសំណាងល្អមិនបណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ធ្ងរ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១ និង១៥នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចផ្សារក្រមួន តាមបណ្ដោយផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគឺរថយន្តបង្កម៉ាកPorsche ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ2AG-4455 បានបើកបរតាមបណ្ដោយផ្លូវជាតិលេខ២ ទិសដៅពីជើងទៅត្បួងក្នុងល្បឿនយ៉ាងលឿន ហើយបញ្ច្រាស់ទិសចរាចរណ៍ថែមទៀតផង ខណៈមកដល់ចំណុចកន្លែងកើតហេតុក៏ជ្រុលចង្កូតទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់អស់មួយដើម រួចបន្តទៅបុករះសម្ភារមុខផ្ទះប្រជាពលរដ្ឋថែមទៀតបណ្ដាលឲ្យបាក់បែករាយប៉ាយពេញដី រីឯរថយន្តរងការខូចខាតខាងមុខទាំងស្រ៊ុង តែសំណាងល្អដែលមិនបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតឡើយ។
ក្រោយពេលកើតហេតុម្ចាស់រថយន្តបង្កបានបើកទ្វាររត់គេចខ្លួនបាត់ស្រមោល បន្ទាប់មកសមត្ថកិច្ចមូលដ្ឋាននិងជំនាញបានចុះនិងធ្វើការវាស់វែងយករថយន្តបង្កនោះទៅរក្សាទុកនៅស្នងការដ្ឋានចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីរងចាំដោះតាមផ្លូវច្បាប់៕





ដោយ៖ ជីម ភារ៉ា ដង្កោ
...