ក្បួនទម្រង់ការ (អាពាហ៍ពិពាហ៍)(តពីលេខមុន)

ចែករំលែក៖

.(តពីលេខមុន)
វារៈទី៣: ត្រូវអនុញ្ញាតជាវខាន់ស្លា ឬហៅថាកាត់ខាន់ស្លា គឺសុំឱ្យមេបាកាត់ចំនួនប្រាក់ដែលត្រូវឱ្យសាមីខ្លួនដើមការយកមកដាក់ខាន់ស្លា គឺផ្តឹលស្លាជូនមេបា។តាមទំនៀមបុរាណគេកាត់ជាប្រាក់ ១២ តម្លឹង សម័យនេះជគេច្រើនកាត់មួយណែន គិតជាប្រាក់រាយ ១៥៛០០ឬ១៦៛០០តែគេអាចនឹងបង្គាប់ឱ្យដាក់ច្រើនទៅទៀតក៏បាន ទៅតាមធនធានសាមីដើមការ ប្រាក់នេះត្រូវយកមកជូនលោកមេបាក្នុងវេលាព្រឹកឯណោះ ហើយត្រូវបានទៅមាតា បិតា ឬអាណាព្យាបាល។ ក្នុងវេលាកាត់ខាន់ស្លាលោកអូនលេងភ្លេងបទនគររាជ ភ្លេងខ្លោងបណ្ដែត ភ្លេងគងសោយ។
វារៈទី៤:ត្រូវឱ្យមេបាជំនុំពេលា គឺកំណត់ពេលវេលាឲ្យមេបានជ្រាបទូទៅ ដើម្បីនឹងបានរៀបការកូនស្រីឲ្យចាំទទួលពេលវេលាតាមដែលកំណត់ទុកដោយព្រមព្រៀង មានទំនៀមគេកំណត់យកក្នុងវេលាអរុណរះថ្ងៃព្រឹកឡើងឯណោះ។
លំដាប់ពីនោះវេលាទៀបភ្លឺ អ្នកសាមីដើមការត្រូវរកស្រីអ្នកដែលបានរៀបការដោយមានខាន់ស្លាហើយមានជីវិតរស់នៅទាំងពីរនោះផង មកដោតផ្កាស្លានៅរូបផ្កាស្លានៅត្រង់ល្វែងជ័យ គឺល្វែងកណ្ដាល អ្នកដោតត្រូវចាក់ដោតជាបីសំណុំ គឺយកខ្ពរផ្កាស្លាដែលដាក់សូត្រមន្តពីពេលរសៀលនោះមកកាត់ចេញ ហើយយកអំបោះសចងជាដុំហើយដាក់ចុះក្នុងកែវនីមួយៗ ហើយត្រូវដោតផ្លែស្លាខ្ចីឬស្លាស្លឹង និងស្លឹកម្លូជុំវិញផ្កានោះ។ តាមក្បួនបុរាណឯទៀត ផ្កាទីមួយត្រូវដោតផ្លែស្លា ២១ ផ្លែ ម្លូមួយសន្លឹក។ ផ្កាទី ២ ត្រូវដោតផ្លែស្លា ១២ ផ្លែ ម្លូ ១២សន្លឹក។ ផ្កាទី 3 ត្រូវដោតផ្លែស្លា៦ ម្លូ៦សន្លឹក។
តើមសេចក្តីអធិប្បាយរបស់លោកអ្នកតែងក្បួននោះថា ដែលឱ្យដោតផ្លែស្លា២១ តាមចំណុចគុណរបស់បិតា ព្រោះផ្កានេះធ្វើឡើងតម្រូវនឹងបូជាគុណបិតាឲ្យដោតផ្លែ១២ តាមចំនួនគុណមាតា ព្រោះផ្កានេះតម្រូវនឹងបូជាគុណបង តែតាមក្បួនខ្លះ ឬតាមគតិអាចារ្យខ្លះថា ផ្កាស្លាទី១ត្រូវដោតផ្លែស្លា៩ គេសន្មត់យកធាតុដី២១ ក្នុងខ្លួនមនុស្ស គឺ១សក់ ២ រោង ៣ ក្រចក ៤ធ្មេញ ៥ស្បែក ៦ សាច់ ៧ សរសៃ ៨ ឆ្អឹង ៩ខួរក្នុងឆ្អឹង ១០ ទាច ១១ បេះដូង ១២ថ្លើម ១៣ វាវ ១៤ ក្រពះ ១៥ សូត្រ ១៦ ពោះវៀនធំ ១៧ សរសៃរឹតពោះវៀន ១៨ អាហារថ្មី ១៩ អាហារចាស់ ថែមឆ្អឹងលលាដ៍ក្បាលនិងខួរក្នុងលលាដ៍ក្បាលជា២១ ជាគុណបិតា។
គេសន្មត់យកធាតុទឹក ១២ ក្នុងខ្លួនមនុស្ស គឺ១ទឹកប្រមាត់ ២ស្លេស ៣ខ្ទុះ ៤ឈាម ៥ ញើស ៦ខ្លាញ់ខាប់ ៧ ទឹកភ្នែក ៨ ខ្លាញ់រាវ ៩ ទឹកប្រមាត់ ១០ទឹកសម្បោរ ១១ ទឹករំអឹល ១២ ទឹកម៉ូត ។
គេសន្មត់យកធាតុខ្យល់ ៦ ក្នុងខ្លួនមនុស្ស គឺ១ខ្យល់បក់ឡើងលើ២ ខ្យល់បក់ចុះក្រោម ៣ខ្យល់បក់ក្នុងពោះ ខ្យល់បក់ក្នុងសរសៃ ៥ ខ្យល់បក់ទូទៅក្នុងអវយវៈធំតូច ៦ ខ្យល់ដង្ហើមចេញចូល។ កាលដែលបញ្ញត្តិយកធាតុអម្បាលនេះមក ជាគុណមាតា បិតា បង ដូចនេះមិនមែនជាពុទ្ធដីកាព្រះទេជាគតិរបស់អាចារ្យខ្លះបញ្ញត្តិឡើង។ ទី ២ ត្រូវដោតផ្លែស្លា ៧ ទី ៣ ត្រូវដោតផ្លែស្លា ៥។ ផ្កាស្លាទាំង៣នេះឈ្មោះដែលគេហៅតាមលំដាប់ធំតូចជាងគ្នា ផ្កាស្លាច្បង ផ្កាស្លាកណ្ដាល ផ្កាស្លាពៅដូច្នេះក៏មាន។វិធីដោតផ្កាស្លាមានវិធីផ្សេងគ្នាតាមសក្តិសាម៉ីខ្លួន គឺអ្នកដែលជាអំបូរឧត្តមសក្តិ ត្រូវដោតសំយាកចុងផ្កាដែលជាអំបូរមធ្យមសក្តិ និងសាធារណៈសក្តិត្រូវដោតរួមចុងផ្កាស្លាដូចគ្នា។ ក្នុងវេលាដោតផ្កាស្លា អ្នកភ្លេងត្រូវលេងភ្លេងនាងនក់ ភ្លេងសំពោង ភ្លេងដំរីយោលដៃ។
ការរៀបដោតផ្កាស្លារួចហើយទៅរៀបរណ្ដាប់ផ្សេងៗដែលត្រូវជូននឹងប្រើក្នុងវេលាព្រឹកនោះ គឺ ប្រាក់ខាន់ស្លា ប្រាក់ស្នាប់ទឹកដោះ និងរៀបគ្រឿងបាយព្រលឹងមួយសម្រាប់ មានកន្ទោងដាក់បាយ ១៩ ពំនូត និងផ្លែឈើនំផ្សេងៗគ្រប់មុខុំ ស្លា ៩ ផ្លែ ម្លូ ៨សន្លឹកទៀនមួយគូ និងរៀបព្រះពិស្ណុការមួយទៀត ដាក់គ្រឿងចង្អាបគឺមាន់ស្ងោរមួយ និងស្រាមួយកំប៉ុង។ ចំណែកឯខាងស្រីក្នុងពេលជាមួយគ្នានេះ ក៏ត្រូវរៀបភ័ស្ដុភារសម្រាប់ខ្លួនដែរ គឺត្រូវរៀបបាយសី(បាយស្រី)មានរណ្ដាប់គឺបាយ ១៩ ពំនូត យកល្ង សណ្ដែកដូង ដែលលីងបុកល្អិតហើយមករោយលើពំនូនិងស្លា ១៩ ផ្លែ ម្លូ១៩សន្លឹក អំពៅ ១៩ កង់ផ្លែចេកក្រអូប៩ ផ្កា៥ ទៀនមួយគូ។របស់អម្បាលនេះត្រូវរៀបទុកនៅកន្លែងកូនស្រី(ជារណ្ដាប់សម្រាប់ផ្សំដំណេកក្នុងវេលាយប់លោកឯង)។
(នៅមានត)


ពិនិត្យស្រាវជ្រាវតាមច្បាប់ដើមដោយ ÷ ចៅតាជេត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print