ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានឱ្យដឹងនៅព្រឹកថ្ងៃអាទិត្យទី២៦ ខែមិថុនា ឆ្នាំ២០២២នេះថា៖ មន្ត្រីសាខា ក.ប.ប. ខេត្តស្វាយរៀង ខេត្តកំពង់ធំ ខេត្តស្ទឹងត្រែង និងរាជធានីភ្នំពេញ ដែលត្រូវបានផ្តល់អាណត្តិដោយច្បាប់ សហការជាមួយមន្ទីរពាណិជ្ជកម្ម បានចុះអនុវត្តភារកិច្ចរបស់ខ្លួនក្នុងការគាំពារសុខភាពប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដោយបានធ្វើការត្រួតពិនិត្យទំនិញវេចខ្ចប់ស្រេច គ្រឿងឧបភោគបរិភោគនៅតាមផ្សារ ម៉ាត ផ្ទះចែកចាយបោះដុំទំនិញនានា ស្ថិតក្នុងភូមិសាស្ត្រខេត្តខាងលើ។
យោងតាមលទ្ធផលនៃការត្រួតពិនិត្យនាថ្ងៃទី២៣-២៤ ខែមិថុនា ឆ្នាំ២០២២នេះ មន្ត្រីយើងបានរកឃើញ ក៏ដូចជាដកហូតនូវទំនិញចម្រុះ រួមមានភេសជ្ជៈ និងទឹកដោះគោខាប់ ហួសកាលបរិច្ឆេទប្រើប្រាស់ សរុបចំនួន ៥៤.៤៩គីឡូក្រាម និង៩១កំប៉ុង ក៏ដូចជាទំនិញទឹកសុទ្ធ ពុំមានដាក់កាលបរិច្ឆេទប្រើប្រាស់ត្រឹមត្រូវ ចំនួន ១២០យួរ។
ទំនិញមិនអនុលោមទាំងនោះត្រូវបានយកមករក្សាទុកដើម្បីកម្ទេចចោលតាមនីតិវិធី ទន្ទឹមនឹងនោះមន្ត្រីយើងបានអនុវត្តនីតិវិធីពិន័យអន្តរការណ៍ចំពោះអាជីវករដែលមានកំហុសឆ្គងដើម្បីជាការអប់រំជៀសវាងបន្តដាក់លក់ទំនិញមិនមានអនុលោមភាពតទៅទៀត៕ដោយ៖សហការី