ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជា៖ “តុលាការកម្ពុជាធ្វើការជំនុំជម្រះក្ដី មិនផ្អែកលើពាក្យចចាមអារ៉ាមទេ ប៉ុន្តែសម្អាងលើភស្តុតាងរឹងមាំជាក់ស្ដែង និងស្របតាមនីតិវិធីត្រឹមត្រូវ”

ចែករំលែក៖

ភ្នំពេញ : ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា សង្កត់ធ្ងន់ថា “តុលាការកម្ពុជាធ្វើការជំនុំជម្រះក្តី មិនផ្អែកលើពាក្យ ចចាមអារ៉ាមទេ ប៉ុន្តែសម្អាងលើភស្តុតាងរឹងមាំជាក់ស្តែង និងស្របតាមនីតិវិធីត្រឹមត្រូវ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ ដែលអង្គភាព មជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត” ទទួលបាននៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។
ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រ កម្ពុជា នៅទីក្រុងហ្សឺណែវ បដិសេធយ៉ាងដាច់អហង្ការនូវសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី២៨ ខែ មិថុនា ឆ្នាំ២០២២ របស់អ្នករាយការណ៍ពិសេសចំនួន០៣ រូប ដែលធ្វើឱ្យមតិសាធារណជន យល់ ច្រឡំអំពីការជំនុំជម្រះក្តីនៅកម្ពុជា នៅពេលថ្មីៗនេះ។ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា សូមផ្តល់ ការបកស្រាយសំខាន់ៗមួយចំនួន ចំពោះការអត្ថាធិប្បាយខុសឆ្គងទាំងស្រុងរបស់អ្នករាយការណ៍ ពិសេសទាំងនោះ ដូចខាងក្រោម៖

ទី១៖ ការលើកឡើងថា សវនាការធ្វើឡើងដោយ “ហេតុផលនយោបាយ” គឺជាការចោទប្រកាន់បែប បុរេនិច្ឆ័យ និងមិនផ្អែកលើការពិត។ មានឧទាហរណ៍យ៉ាងច្រើនបង្ហាញថា បុគ្គលដែលគាំទ្រ គណបក្សកាន់អំណាច ក៏ត្រូវបានតុលាការតែមួយនេះ កាត់សេចក្ដីឱ្យទទួលខុសត្រូវចំពោះមុខ ច្បាប់ដែរ។ ប្រការនេះបញ្ជាក់យ៉ាងច្បាស់ពីការពិតដែលថា ការចូលរួមជាមួយគណបក្សនយោបាយ មួយ ពុំមែនជាការផ្តល់សិទ្ធិឱ្យបុគ្គលណាម្នាក់ បំពានច្បាប់ដោយនិទណ្ឌភាពឡើយ។ ការចាត់ទុក ការអនុវត្តច្បាប់ថា ជាការគាបសង្កត់នយោបាយ គឺជាការប្រមាថចំពោះនីតិរដ្ឋ និងការអនុវត្តស្មើភាពគ្នា ចំពោះពលរដ្ឋទាំងអស់ ដែលត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ។

ទី២៖ ជាការគួរឱ្យសោកស្តាយយ៉ាងខ្លាំង ដែលអ្នកជំនាញសិទិ្ធមនុស្សខាងលើ ពុំបានវាយតម្លៃ ព័ត៌មានដែលបានទទួល ឱ្យបានហ្មត់ចត់ និងមិនធ្វើនយោបាយូបនីយកម្ម។ ការពិតនោះគឺថា ការ កាត់ក្តីនៅពេលថ្មីៗនេះ មានជាប់ពាក់ព័ន្ធនឹងផែនការវិលត្រឡប់ចូលកម្ពុជាវិញ នៅឆ្នាំ២០១៩ ឬ “ព្រឹត្តិការណ៍ ៩/១១” របស់ទណ្ឌិតសម រង្ស៊ី និងបក្ខពួក ដែលបានញុះញង់ឱ្យមានការបះបោរ និង រៃអង្គាសប្រមូលថវិកា ដើម្បីចិញ្ចឹមកម្លាំងខុសច្បាប់ ក្នុងគោលដៅផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងចាប់ខ្លួននាយករដ្ឋមន្ត្រីដែលកំពុងកាន់តំណែង។ សកម្មភាពខុសច្បាប់អស់ទាំងនេះ ធ្វើឡើង ក្រោមលេសនៃផែនការវិលត្រឡប់ចូលប្រទេស ដែលធាតុពិតគឺជា ការប៉ុនប៉ងធ្វើរដ្ឋប្រហារ ដែល ត្រូវផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៤៥៣ មាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌរបស់កម្ពុជា ដែលត្រូវបានជួយរៀបចំតាក់តែងឡើង ដោយអ្នកជំនាញបច្ចេកទេសពីប្រទេសលោកខាងលិច។
ទី៣៖ ការអត្ថាធិប្បាយរបស់អ្នកជំនាញខាងលើ ធ្វើឡើងដោយជ្រើសរើសតែមួយជ្រុង និងលម្អៀង។ អ្នករាយការណ៍ពិសេសខាងលើហាក់ភ្លេចថា អតីតសហការីរបស់ខ្លួន លោកស្រី រ៉ូណា ស្មីត បាន ថ្កោលទោសទណ្ឌិត សម រង្ស៊ី ក្នុងវេទិកាក្រុមប្រឹក្សាសិទ្ធិមនុស្ស កាលពីឆ្នាំ២០១៩ ចំពោះការបើ្រ ភាសាបំពានយ៉ាងគឃ្លីន និងការញុះញង់ផ្តួលរំលំរដ្ឋាភិបាល ដែលជ្រើសតាំងដោយប្រជាជន តាមរយៈការបោះឆ្នោត។ បទល្មើសដូចគ្នានេះហើយ ដែលទណ្ឌិត សម រង្ស៊ី និងបក្ខពួក ត្រូវបាន តុលាការរកឃើញថា មានពិរុទ្ធ។ ប្រការនេះសបញ្ជាក់ថា តុលាការកម្ពុជាធ្វើការជំនុំជម្រះក្តី មិនផ្អែក លើពាក្យចចាមអារ៉ាមទេ ប៉ុន្តែសម្អាងលើភស្តុតាងរឹងមាំជាក់ស្តែង និងស្របតាមនីតិវិធីត្រឹមត្រូវ។

ទី៤៖ ការលើកឡើងថា ជនជាប់ចោទមិនត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងសវនាការដោយផ្ទាល់ និង ពុំទទួលបានឯកសារសំណុំរឿងទាំងស្រុង គឺជាការចោទប្រកាន់ដែលគ្មានការពិត។ អ្វីដែលប្រាកដ គឺ ជនជាប់ចោទខ្លះបានគេចខ្លួន មិនចូលរួមនីតិវិធីតុលាការ។ ទោះជាយ៉ាងណា ចុងចោទមាន ឱកាសពេញលេញ ទទួលបាននូវការជំនុំជម្រះ រួមទាំងសិទ្ធិមានមេធាវី ដើម្បីបង្ហាញទឡឹករណ៍និង ដាក់ភស្តុតាងដោះបន្ទុក ដែលជាផ្នែកមួយនៃសិទ្ធិទទួលបានការជំនុំជម្រះត្រឹមត្រូវ ស្របតាម រដ្ឋធម្មនុញ្ញរបស់កម្ពុជា។ ការថ្លែងអះអាងថា ការឃុំខ្លួនបណ្តោះអាសន្ន មានការអូសបន្លាយរយៈពេល វែង បង្ហាញឱ្យឃើញកាន់តែច្បាស់ថា អ្នកជំនាញទាំងនោះ ហាក់មានការយល់ដឹងតិចតួច ឬពុំមាន ឆន្ទៈ ចង់យល់អំពីនីតិវិធីតុលាការរបស់កម្ពុជា តែម្តង។

ជាទីបញ្ចប់ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា សូមទទូចអ្នករាយការណ៍ពិសេសទាំងបីរូបខាងលើ ខិតខំយកចិត្តទុកដាក់ ចំពោះសេចក្តីថ្លែងការណ៍របស់រដ្ឋជាសមាជិកជាច្រើន ដែលបានទាមទារឱ្យ អ្នករាយការណ៍ពិសេសទាំងអស់ អនុវត្តតួនាទីរបស់ខ្លួនឱ្យបានម៉ឺងម៉ាត់តាម “ក្រមសីលធម៌ សម្រាប់អ្នកកាន់អាណត្តិនីតិវីធីពិសេសរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស។ ឯករាជ្យភាពរបស់អ្នក ជំនាញសិទ្ធិមនុស្ស ពុំអាចកាត់ផ្តាច់ចេញពីទំនួលខុសត្រូវបានឡើយ៕

...

ដោយ : សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print