ខេត្តរតនគិរី៖ កម្លាំងកងរាជអាវុធហត្ថក្រុងបានលុង បានចុះប្រតិបត្តិការបង្ក្រាបជនសង្ស័យប្រុស-ស្រីចំនួន៥នាក់ ពាក់ព័ន្ធករណីចែកចាយ,ជួញដូរនិងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ក្នុងនោះដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កែវ ភក្តី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត។
ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង១៣និង០០នាទី ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ ដោយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានលុងចំនួន១០នាក់ ប្រេីប្រាស់មធ្យោបាយរថយន្ត១គ្រឿង និងម៉ូតូ ៣គ្រឿង ដឹកនាំដោយលោកវរសេនីយ៍ត្រី ហៃ វណ្ណារ៉ា មេបញ្ជាការកងរាជអាវុធហត្ថក្រុងបានលុង បានចុះបង្រ្កាបជាក់ស្តែងករណីចែកចាយ រក្សាទុកនិងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅក្នុងភូមិជ័យជម្នះ សង្កាត់ ឡាបានសៀក ក្រុងបានលុង។
យោងតាមរបាយការណ៍ពីកងរាជអាវុធហត្ថក្រុងបានលុងបានឱ្យដឹងថា ជនសង្ស័យចំនួន៥នាក់ដែលកម្លាំងយើងឃាត់ខ្លួនមាន៖
១-ឈ្មោះ អឿន មនោរម្យ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ភូមិជ័យជម្នះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។
២-ឈ្មោះ ឡិច សេងហ៊ុយ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ភូមិជ័យជម្នះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។
៣-ឈ្មោះ តឹង ទឹម (ហៅ ធំ)ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ខេត្តរតនគិរី។
៤-ឈ្មោះ ហេង សៀវត្រា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិជ័យជម្នះ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី និង៥-ឈ្មោះ ប៉ែន ស្រីមុំ ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ មានទីលំនៅបច្ចុប្បន្ន ភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។
របាយការណ៍បានបញ្ជាក់ថា ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានដកហូតវត្ថុតាង ម្សៅក្រាមពណ៌សថ្លាចំនួន២កញ្ចប់ (ធំ.តូច)ទម្ងន់ ៥៤.៤៥ក្រាម, ទូរស័ព្ទដៃចំនួន៤គ្រឿង, ម៉ូតូ១គ្រឿង, ជញ្ជីងថ្លឹងថ្នាំញៀន១គ្រឿង, អត្តសញ្ញាណប័ណ្ណ ១សន្លឹក, បណ្ណបើកបរ១សន្លឹក, កាតវីង ១សន្លឹក, ប្រាក់រៀលចំនួន៥.០០០រៀល។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានបញ្ជូនមកកាន់ការិយាល័យជំនាញនៃទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
ដោយ៖ សូរិយា