រដ្ឋបាលខេត្តកោះកុង រៀបចំកិច្ចប្រជុំលើកដំបូងរបស់ក្រុមប្រឹក្សា ឃុំជីផាត អាណត្តិទី៥

ចែករំលែក៖

ខេត្ត​កោះកុង​៖​ រដ្ឋបាលខេត្តកោះកុង នាថ្ងៃចន្ទ ទី៤ ខែកក្កដា ឆ្នាំ២០២២នេះ​ បានរៀបចំកិច្ចប្រជុំលើកដំបូងរបស់ក្រុមប្រឹក្សា ឃុំជីផាត អាណត្តិទី៥ ដោយមានការអញ្ជើញជាអធិបតីពីសំណាក់ លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង។

លោកអភិបាលរងខេត្ត បានលើកឡើងថា ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ រដ្ឋបាលខេត្ត និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងអំណរគុណចំពោះវត្តមានដ៏ថ្លៃថ្លារបស់គណៈអធិបតី ភ្ញៀវកិត្តិយស សមាជិក សមាជិកា នៃអង្គពិធីទាំងមូល ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក និងមានតម្លៃ អញ្ជើញមកចូលរួមក្នុងពិធីប្រកាសចូលកាន់តំណែងរបស់ក្រុមប្រឹក្សាឃុំជីផាត អនុលោមតាមមាត្រា១៩ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ក្នុងឱកាសដ៏មហោឡារិកនេះ។ ទន្ទឹមនេះ ខ្ញុំក៏សូមថ្លែងនូវការកោតសរសើរ និងចូលរួមអបអរសាទរយ៉ាងក្លៀវក្លាចំពោះ លោកស្រី អស់លោក ជាសមាជិកក្រុមប្រឹក្សាឃុំ អាណត្តិទី៥ និងលោកស្រី អស់លោក ជាមេឃុំ ជំទប់ទាំងអស់ ដែលបានទទួលនូវការស្រឡាញ់ពេញចិត្ត និងការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ តាមរយៈការបោះឆ្នោតកាលពីថ្ងៃអាទិត្យ ទី០៥ ខែមិថុនា ឆ្នាំ២០២២ កន្លងមកនេះ ដើម្បីបន្តដឹកនាំ រដ្ឋបាលឃុំជីផាត ឱ្យបន្តអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យជាបន្ថែមទៀត។

ក្នុងនាមជាសមាជិកក្រុមប្រឹក្សាដែលបានជាប់ឆ្នោត ទោះបីជាលោកស្រី អស់លោក មានសមាសភាពមកពីគណបក្សនយោបាយតែមួយ ឬគណបក្សនយោបាយផ្សេងៗគ្នាក៏ពិតមែន ប៉ុន្តែតាមគោលការណ៍ច្បាប់ ក្រុមប្រឹក្សា គឺជាតំណាងឱ្យប្រជាពលរដ្ឋក្នុងឃុំជីផាត ទាំងមូល។ ហេតុនេះ នៅក្នុងអាណត្តិការងារ ០៥ឆ្នាំនេះ លោកស្រី អស់លោកជាសមាជិកក្រុមប្រឹក្សា ត្រូវខិតខំបំពេញតួនាទី ភារកិច្ចក្នុងការគ្រប់គ្រង ចាត់ចែងកិច្ចការមូលដ្ឋានរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋ និងបម្រើផលប្រយោជន៍ ព្រមទាំងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាំងអស់ដោយស្មើភាព ដោយយុត្តិធម៌ និងមិនត្រូវប្រកាន់និន្នាការនយោបាយនោះឡើយ។ តាមរយៈរបាយការណ៍របស់ក្រុមប្រឹក្សាសង្កាត់អាណត្តិទី៤ ខ្ញុំក៏សូមសំដែងនូវការកោតសរសើរ អំពីការខិតខំអស់ពីកម្លាំងកាយចិត្តរបស់អស់លោក លោកស្រី សមាជិកក្រុមប្រឹក្សាឃុំជីផាត ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តរាល់ភារកិច្ច សម្រេចបាននូវសមិទ្ធផលចម្បងៗជាច្រើនសម្រាប់ជាមូលដ្ឋានក្នុងការបន្តអនុវត្តការងាររបស់ក្រុមប្រឹក្សាឃុំ អាណត្តិទី៥នេះ។

លោកស្រី អស់លោកទាំងអស់! ចាប់តាំងពីឆ្នាំ២០០២ ព្រះរាជាណាចក្រកម្ពុជាយើងបានដំណើរការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ តាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សសរុបចំនួន ០៥លើក រួចមកហើយ។ ពីការបោះឆ្នោតមួយទៅកាន់ការបោះឆ្នោតមួយ ត្រូវបានមជ្ឈដ្ឋានជាតិ និងអន្តរជាតិ វាយតម្លៃថា ដំណើរការប្រជាធិបតេយ្យ និងការបោះឆ្នោតនៅកម្ពុជាកាន់តែវិវត្តន៍រីកចម្រើនជាលំដាប់។ ការបោះឆ្នោតដើម្បីបង្កើតឡើងនូវក្រុមប្រឹក្សានៅថ្នាក់ឃុំ សង្កាត់មានអត្ថន័យយ៉ាងជ្រាលជ្រៅមកលើ ប្រព័ន្ធនយោបាយ និងរដ្ឋបាលនៅកម្ពុជា គឺ (១)ការពង្រឹង ពង្រីកដំណើរការលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សឱ្យចាក់គ្រឹះរហូតដល់មូលដ្ឋាន (២)ការនាំមកនូវការផ្លាស់ប្តូររចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលនៅកម្ពុជាតាមបែបផែននៃវិមជ្ឈការ និងវិសហមជ្ឈការ តាមរយៈការផ្ទេរមុខងារ អំណាច ធនធាន សិទ្ធិស្វ័យសម្រេចពីថ្នាក់ជាតិមករដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីឆ្លើយតបតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ តាមមូលដ្ឋាននីមួយៗ និង(៣)ការលើកកម្ពស់ការចូលរួម និងភាពជាម្ចាស់ របស់ប្រជាពលរដ្ឋគ្រប់មូលដ្ឋានក្នុងការអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់គុណភាពនៃជីវិតរបស់ប្រជាពលរដ្ឋ។

ក្រុមប្រឹក្សាឃុំ សង្កាត់ដែលបានជាប់ឆ្នោតនៅក្នុងអាណត្តិទី៥នេះ ត្រូវបន្តនិរន្តរភាព នៃការដឹកនាំគ្រប់គ្រង និងអភិវឌ្ឍន៍នៅមូលដ្ឋានក្នុងអាណត្តិ៥ឆ្នាំបន្តទៀត។ នេះបានន័យថា ទោះបីជា ក្រុមប្រឹក្សាសង្កាត់ ដែលប្រកាសទទួលស្គាល់នាឱកាសនេះ ជាក្រុមប្រឹក្សាសង្កាត់អាណត្តិថ្មីក៏ពិតមែន ប៉ុន្តែមិនមែនបានសេចក្តីថាការងារគ្រប់គ្រង និងការងារអភិវឌ្ឍន៍មូលដ្ឋានដែលក្រុមប្រឹក្សាសង្កាត់ បានអនុវត្តកន្លងមកត្រូវបានបញ្ចប់នោះទេ ពោលគឺក្រុមប្រឹក្សាសង្កាត់អាណត្តិថ្មី ត្រូវបន្តគ្រប់គ្រង និងការអភិវឌ្ឍមូលដ្ឋានពីក្រុមប្រឹក្សាសង្កាត់អាណត្តិចាស់ សំដៅធានាឱ្យមាននិរន្តរភាពក្នុងកិច្ចការរដ្ឋបាល និងការផ្តល់សេវា ព្រមទាំងការអភិវឌ្ឍនៅមូលដ្ឋានជាបន្តទៀត។

អាស្រ័យហេតុនេះ ដើម្បីជាមូលដ្ឋានក្នុងការចាប់ផ្តើមអនុវត្តការងាររបស់ក្រុមប្រឹក្សាសង្កាត់ នាអាណត្តិទី៥នេះ ខ្ញុំសូមគូសបញ្ជាក់នូវចំណុចជាគន្លឹះមួយចំនួនដែលក្រុមប្រឹក្សាអាណត្តិថ្មីត្រូវ យកចិត្តទុកដាក់ដូចខាងក្រោម ៖

ទី១.ទោះបីក្រុមប្រឹក្សាសង្កាត់ ត្រូវបានបោះឆ្នោតជ្រើសរើសឡើងដោយការបោះឆ្នោតដោយ ផ្ទាល់ពីប្រជាពលរដ្ឋក្នុងសង្កាត់របស់ខ្លួនក៏ដោយ ក៏ក្រុមប្រឹក្សាសង្កាត់ ត្រូវអនុវត្តតាមរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋាននានាដែលមានជាធរមាន។

ទី២.

បន្ទាប់ពីថ្ងៃកិច្ចប្រជុំប្រកាសសុពលភាពនេះតទៅ កិច្ចការអាទិភាពទី១របស់ក្រុមប្រឹក្សា សង្កាត់អាណត្តិ គឺត្រូវពិនិត្យរៀបចំ និងអនុម័តដីកាស្ដីពីបទបញ្ជាផ្ទៃក្នុងរបស់ខ្លួនដែលជាវិធាន កំណត់អំពីកិច្ចប្រជុំ និងរបៀបរបបធ្វើការងាររបស់ក្រុមប្រឹក្សាសង្កាត់ និងគណៈកម្មាធិការនានា។

ទី៣.កិច្ចការបន្តគឺក្រុមប្រឹក្សាសង្កាត់អាណត្តិថ្មី ត្រូវជួបប្រជុំគ្នាដើម្បីពិនិត្យមើលគម្រោងអភិវឌ្ឍន៍ និងគម្រោងសេវាកម្មនានាដែលនៅសេសសល់ពីអាណត្តិមុន។

ទី៤.ក្រុមប្រឹក្សាសង្កាត់អាណត្តិទី៥ ត្រូវបន្តអនុវត្តថវិកា និងគម្រោងអភិវឌ្ឍន៍នានារបស់ ក្រុមប្រឹក្សាសង្កាត់អាណត្តិមុន។ ដូច្នេះក្រុមប្រឹក្សាថ្មីត្រូវរៀបចំបែបបទស្នើសុំតម្កល់គំរូហត្ថលេខា ឡើងវិញនៅរតនាគារ និងធនាគារដែលមានគណនីរបស់សង្កាត់។

ទី៥.ពិនិត្យឡើងវិញអំពីសមាសភាពគណៈកម្មាធិការ ឬគណៈកម្មការនានារបស់ក្រុមប្រឹក្សា សង្កាត់អាណត្តិទី៤ ដើម្បីធ្វើការកែសម្រួលទៅតាមសមាសភាព និងតម្រូវការនៃក្រុមប្រឹក្សាសង្កាត់ អាណត្តិទី៥។

ទី៦.ក្រុមប្រឹក្សាសង្កាត់អាណត្តិទី៥នេះ ត្រូវបន្តអនុវត្តដីកា សេចក្តីសម្រេច និងលិខិត បទដ្ឋាននានារបស់ក្រុមប្រឹក្សាសង្កាត់អាណត្តិទី៤ ដែលបានសម្រេចកន្លងមក ឱ្យបានត្រឹមត្រូវ និង មានប្រសិទ្ធភាព ប្រសិនបើពុំមានដីកា សេចក្តីសម្រេច និងលិខិតបទដ្ឋានថ្មីណាមកជំនួសទ នោះ។

ទី៧.ដោយផ្អែកលើផែនការអភិវឌ្ឍន៍៥ឆ្នាំរបស់ក្រុមប្រឹក្សាសង្កាត់អាណត្តិទី៤ ក្រុមប្រឹក្សាសង្កាត់ អាណត្តិទី៥ ត្រូវត្រៀមរៀបចំកសាងផែនការអភិវឌ្ឍន៍៥ឆ្នាំរបស់ខ្លួន ស្របតាមគោលការណ៍ និងនីតិវិធី នៃដំណើរការកសាងផែនការអភិវឌ្ឍដែលបានកំណត់។

ទី៨.លើសពីនេះទៀត ក្រុមប្រឹក្សាសង្កាត់ក៏ត្រូវយកចិត្តទុកដាក់ និងលើកកម្ពស់ គណនេយ្យភាព និងតម្លាភាពនៅក្នុងការអនុវត្តការងាររបស់ខ្លួនជាប្រចាំ។

ទី៩.ត្រូវសហការ និងប្រមូលរាល់កម្លាំងមហាជន ប្រជាជនក្នុងសង្កាត់ ដើម្បីអនុវត្តឱ្យសម្រេច បានជោគជ័យនូវរាល់គោលនយោបាយនានារបស់រាជរដ្ឋាភិបាល ពិសេសជំរុញការចូលរួមអនុវត្ត គោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព” របស់រាជរដ្ឋាភិបាល ដែលមានលក្ខណសម្បត្តិ ០៧យ៉ាង រួមមាន៖

១/ផ្តល់សេវាសាធារណៈ ជាពិសេស សេវារដ្ឋបាល ប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត

២/គ្មានបទល្មើសលួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើស គ្រប់ប្រភេទ

៣/មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍

៤/គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ជាពិសេសស្ត្រីនិងកុមារ គ្មានអំពើហិង្សា ក្នុងគ្រួសារ និងគ្មានក្មេងទំនើង

៥/ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និង ប្រសិទ្ធភាព

៦/មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ

៧/ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺឆ្លងរាតត្បាត កាចសាហាវប្រកបដោយប្រសិទ្ធភាព។

ទី១០.ការផ្តល់សេវាសាធារណះលើគ្រប់វិស័យជូនប្រជាពលរដ្ឋ គឺជាតួនាទី និងការទទួលខុសត្រូវ ដ៏សំខាន់មួយក្នុងចំណោមតួនាទី និងការទទួលខុសត្រូវសំខាន់ៗនានារបស់រដ្ឋបាលសង្កាត់នីមួយៗ ដើម្បីឆ្លើយតប និងដោះស្រាយនូវសំណើ សំណូមពរ និងតម្រូវការចាំបាច់នានារបស់ប្រជាពលរដ្ឋ។

ទី១១,ក្នុងរយៈពេលជាងពីរឆ្នាំមកនេះ វិបត្តិនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ ១៩ បានជះ ឥទ្ធិពលយ៉ាងធ្ងន់ធ្ងរមកលើសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជាយើង។

ទី១២.ផ្អែកតាមច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ សមាជិកក្រុមប្រឹក្សាសង្កាត់ទាំងអស់ មាន កាតព្វកិច្ចត្រូវធ្វើការប្រកាសទ្រព្យសម្បត្តិ និងបំណុល។

ទី១៣.ចំណុចចុងក្រោយ ខ្ញុំសូមគូសបញ្ជាក់អំពីចំណុចដ៏សំខាន់នៃដំណើរការប្រជាធិបតេយ្យ សេរីពហុបក្ស ការបោះឆ្នោត និងការអភិវឌ្ឍសង្គម ដូចខាងក្រោម៖

ការបោះឆ្នោតតាមគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស គឺជាដំណើរការប្រកួត ប្រជែងខាងនយោបាយដ៏ស្រួចស្រាល់ រវាងគណបក្សនយោបាយ និងបេក្ខជននៃគណបក្សនយោបាយ ដើម្បីកាន់កាប់អំណាចទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ នៅថ្នាក់ឃុំ សង្កាត់ បន្ទាប់ពីការប្រកាស លទ្ធផលជាផ្លូវការនៃការបោះឆ្នោត បេក្ខជនជាប់ឆ្នោតមកពីគណបក្សនយោបាយនានា ដែលបាន ប្រកួតប្រជែងក្នុងពេលបោះឆ្នោត នឹងក្លាយជាក្រុមប្រឹក្សាឃុំ សង្កាត់ ជាអាជ្ញាធរសាធារណៈ ដែលមាន កាតព្វកិច្ចតាមផ្លូវច្បាប់ធ្វើជាតំណាងឱ្យប្រជាពលរដ្ឋទាំងអស់នៅក្នុងឃុំ សង្កាត់របស់ខ្លួន ដែលត្រូវ ការពារ និងបម្រើផលប្រយោជន៍ប្រជាពលរដ្ឋគ្រប់ៗរូប គឺមិនតំណាងឱ្យតែប្រជាពលរដ្ឋដែលគាំទ គណបក្សខ្លួននោះឡើយ។ ហេតុនេះ សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ដែលមកពីគណបក្សផ្សេងៗគ្នា ត្រូវខិតខំរួបរួមសាមគ្គីសហការធ្វើការជាមួយគ្នាប្រកដោយការទទួលខុសត្រូវ ដើម្បីបម្រើប្រជាពលរដ្ឋ នៅក្នុងឃុំ សង្កាត់របស់ខ្លួន ដោយមិនត្រូវមានការរើសអើង បែងចែកពណ៌សម្បុរ ឬនិន្នាការនយោបាយ នោះឡើយ។

ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋដែលបានចូលរួមធ្វើសកម្មភាពគាំទ្រគណបក្សនយោបាយ ផ្សេងៗគ្នា ដែលបានប្រកួតប្រជែងគ្នាក្នុងពេលបោះឆ្នោត ក៏មិនត្រូវធ្វើការបែងចែក ការគុំគួន ការរើសអើង ខាងនយោបាយដាក់គា្ននោះឡើយ។ ក្រោយការបោះឆ្នោត ប្រជាពលរដ្ឋដែលមកពីគ្រប់និន្នាការ នយោបាយ ត្រូវរួមសាមគ្គីសហការគ្នា ជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមកឱ្យបានល្អនៅតាមសហគមន៍ មូលដ្ឋាននានា និងត្រូវសហការចូលរួមជាមួយក្រុមប្រឹក្សាសង្កាត់ជាប់ឆ្នោត ដើម្បីអភិវឌ្ឍមូលដ្ឋានរបស់ ខ្លួនឱ្យកាន់តែមានការរីកចម្រើនបន្តទៀត៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print