ខេត្តតាកែវ៖ បេីយោងតាមប្រភពព័ត៍មានពីរដ្ឋបាលខេត្តតាកែវ បានឱ្យដឹងថា នៅសាលប្រជុំរដ្ឋបាលខេត្តតាកែវ នាព្រឹកថ្ងៃចន្ទ ទី០៤ ខែកក្ដដា ឆ្នាំ២០២២នេះ មានរៀបចំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តតាកែវ លើកទី៣៧ អាណត្តិទី៣ ជាមួយរដ្ឋបាលខេត្តតាកែវ ស្ថិតក្រោមអធិបតីភាពលោក យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្តតាកែវ និងលោក អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ ព្រមទាំង លោក លោកស្រី សមាជិក ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី ព្រមទាំង លោកនាយក នាយករង រដ្ឋបាលសាលាខេត្ត នាយក នាយករង ទីចាត់ចាត់ការចំណុះរដ្ឋបាលខេត្ត និងលោក លោកស្រី មន្រ្តីរាជការពាក់ព័ន្ធជាច្រើនរូបផងដែរ។
នាឱកាសនោះ លោក យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ កិច្ចខិតខំប្រឹងប្រែង របស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅមូលដ្ឋានខេត្តតាកែវ ដែលបានជួយសម្រួលដល់ដំណើរការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដំណើរការដោយរលួន មិនមានបាតុភាពណាមួយកើតឡើង ក្នុងអំឡុងពេលយុទ្ធនាការឃោសនារកសំឡេងឆ្នោត និងបោះឆ្នោត រាប់សន្លឹកឆ្នោតឡើយ គឺប្រកបដោយតម្លាភាព សេរី និងយុត្តិធម៌។
សូមជម្រាបជូនដែរថា របៀបវារៈសំខាន់ៗ ដែលបានដាក់ជូនកិច្ចប្រជុំសាមញ្ញលើកទី៣៧ អាណត្តិទី៣ របស់ ក្រុមប្រឹក្សាខេត្ត រួមមាន៖ ទី១-ការពិនិត្យ និងអនុម័តសេចក្ដីព្រាង កំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៣៦ ,ទី២-ការពិនិត្យ និងអនុម័តសេចក្ដីព្រាង របាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ២០២២ ស្ដីពីការអនុវត្តការងាររបស់ រដ្ឋបាលខេត្តតាកែវ និងទី៣-ប្រកាសពេលវេលា នៃកិច្ចប្រជុំលើកក្រោយ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២៕
ដោយ៖សហការី