សាលាដំបូងកោះហៅ លោកសុន ឆ័យ ឲ្យ​ចូល​ឆ្លើយបំភ្លឺ​បណ្តឹង​គណបក្ស​ប្រជាជន និង គ​.​ជ​.​ប នៅ​ថ្ងៃទី​១២ និង​១៥ កក្កដា ខាងមុខ

ចែករំលែក៖

(ភ្នំពេញ)÷លោក ជូ​ង ជូ​ងី មេធាវី​ការពារ​ក្តី​ឲ្យ​លោក សុន ឆ័យ បានឱ្យដឹងនៅល្ងាចថ្ងៃទី 4 ខែកក្កដាឆ្នាំ 2022 នេះថា លោក សុន ឆ័យ អនុប្រធាន​គណបក្ស​ភ្លើងទៀន​បាន​មកដល់​ភ្នំពេញ​ហើយ​កាលពី​ថ្ងៃទី 3 ខែកក្កដាឆ្នាំ 2022 ហើយ​លោក​ក៏​ត្រៀមខ្លួន ដើម្បី​ចូល​បំភ្លឺ​លើ​បណ្តឹង​គណបក្ស​ប្រជាជន​កម្ពុជា និង​បណ្តឹង​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) នាពេលខាងមុខ ​។

​លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀនបាន​ចាក​ចេញពី​ប្រទេស​កម្ពុជា ទៅកាន់​អូស្ត្រាលី កាលពី​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០២២ ក្រោយពី​លោក​ដឹងខ្លួន​ថា នឹងមាន​ការប្តឹង​រូបលោក​ទៅ​តុលាការ​។ លោក ជូ​ង ជូ​ងី បញ្ជាក់ថា “​បណ្តឹង​របស់ គ​.​ជ​.​ប តំណាង​អយ្យការ​អម​សា​ដំបូង​រាជធានី​ភ្នំពេញ​កោះហៅ​គាត់ សុន ឆ័យ ឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃទី​១២ ខែកក្កដា វេ​ល​ម៉ោង​៩​ព្រឹក និង​បណ្តឹង​របស់លោក គី តិច ទទួល​សិទ្ធិ​តំណាង​ពីស​ម្តេច សាយ ឈុំ គណបក្ស​ប្រជាជន កោះហៅ​គាត់​ចូល​ឆ្លើយបំភ្លឺ​នៅ​ថ្ងៃទី​១៥ ខែកក្កដា វេលា​ម៉ោង​៩​ព្រឹក​”​។

បើតាម​លោក ជូ​ង ជូ​ងី លោក សុន ឆ័យ បាន​មកដល់​ភ្នំពេញ​វិញ​ហើយ កាលពី​ថ្ងៃទី​០៣ ខែកក្កដា ម្សិលមិញ ហើយ​លោក សុន ឆ័យ ត្រៀមខ្លួន​រួចហើយ ដើម្បី​ចូល​ឆ្លើយបំភ្លឺ​ការពារ​សិទ្ធិ​របស់គាត់​តាមផ្លូវ​ច្បាប់​។

គួរ​រលឹក​ថា លោក សុន ឆ័យ ដែលមាន​តួនាទី​ជា​អនុប្រធាន​គណបក្ស​ភ្លើងទៀន កំពុង​ទទួលរង​បណ្តឹង​ចំនួន​២ គឺ​ទី​១, បណ្តឹង​ពាក់ព័ន្ធ​ការ​ចោទ និង​ការ​បំភ្លៃ​ព័ត៌មាន​ជុំវិញ​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ដែល​ត្រូវបាន​ចាត់ទុកជា​អំពើ​ទុច្ចរិត​, បំភ្លៃ​ខុសពី​ការពិត​, ការផ្តល់​ព័ត៌មាន​ក្លែង​ក្លែង ក្នុង​ចេតនា​ទម្លាក់កំហុស​ដោយ​អ​សុទ្ធចិត្ត និង​មួលបង្កាច់​នាំឱ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ធ្ង​រ ដល់​កិត្តិយស​របស់​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​បណ្តឹង​នេះ មេធាវី​បានទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​៤.០០០​លាន​រៀល ឬ​ប្រហែល​១​លាន​ដុល្លារ​អាមេរិក​។​

​ទី​២, បណ្តឹង​ពីបទ បរិហារកេរ្តិ៍​ជា​សាធារណៈ របស់​ស្ថាប័ន​គ​.​ជ​.​ប ដែល​បណ្តឹង​នេះ បានស្នើ​ឲ្យ​តុលាការ​ផ្តន្ទាទោស​លោក សុន ឆ័យ តាម​មាត្រា​៣០៥ នៃ​ក្រមព្រហ្មទណ្ឌ និង​ស្នើ​ឲ្យ​លោក សុន ឆ័យ ធ្វើលិខិត​សុំទោស​ជា​សាធារណៈ​។​

​តំណាង​អយ្យការ​អម​សា​ដំបូង​រាជធានី​ភ្នំពេញ ធ្លាប់បាន​កោះហៅ​លោក សុន ឆ័យ ឲ្យ​ចូល​បំភ្លឺ​ម្តង​រួចហើយ​កាលពី​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២២ ប៉ុន្តែ​ដោយសារ​លោក សុន ឆ័យ មិនមាន​វត្ត​មាននៅ​ប្រទេស​កម្ពុជា មេធាវី​ការពារ​ក្តី​ក៏បាន​ស្នើសុំ​ពន្យារពេល​ចូល​បំភ្លឺ​នេះ​៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print