សុភាពនារីៗត្រូវជ្រាបណា ! ក្រសួងពាណិជ្ជកម្ម មិនបន្តពន្យារពេលការចុះបញ្ជី ជូនអ្នករកស៉ីអនឡាញទៀតនោះទេ

ចែករំលែក៖

ភ្នំពេញ ៖ សូមបញ្ជាក់ថា, ការប្រកាសឲ្យអ្នករកស៊ីតាមប្រព័ន្ធអនឡាញ ឲ្យមកចុះបញ្ជីចាប់ផ្តើមតាំងពីខែឧសភា ឆ្នាំ២០២១មកម្ល៉េះ ដែលគិតមកដល់បច្ចុប្បន្ននេះ មានរយៈពេលជាង១ឆ្នាំហើយ។

បើយោងបើតាមការបញ្ជាក់ឲ្យដឹងពីមន្ដ្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ប្រាប់បណ្តាញសារព័ត៌មាន គឺក្រសួងពាណិជ្ជកម្ម ពុំមានការពន្យារចុះបញ្ជីពាណិជ្ជកម្ម សម្រាប់អ្នករកស៊ីធ្វើពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក (អនឡាញ) ទៀតនោះទេ។  បន្ទាប់ពីមានការពន្យារពេលរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២រួចមកនោះ។ 

លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ថ្លែងប្រាប់បណ្ដាញសារព័ត៌មាន  នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២នេះថា «ក្រសួងពាណិជ្ជកម្ម ពុំមានការពន្យារបន្តទៀតទេ ចំពោះការដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិកនេះ»។

សម្រាប់រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ គេសង្កេតឃើញថា មានបងប្អូនអ្នករកស៊ីអនឡាញយ៉ាងច្រើនកុះករ បានមកស្នើសុំធ្វើការចុះបញ្ជី ប៉ុន្ដែទោះបីជាយ៉ាងណាក៏ដោយ លោក ប៉ែន សុវិជាតិ មិនទាន់អាចបញ្ជាក់អំពីចំនួនសរុបរបស់អ្នករកស៊ីទាំងនោះ មកចុះបញ្ជីនោះឡើយ។

សូមជម្រាបថា, គោលបំណងដែលក្រសួងពាណិជ្ជកម្ម ជំរុញឲ្យអ្នកប្រកបរបតាមអនឡាញ មកចុះបញ្ជី ដោយសារតែចង់ឲ្យការធ្វើអាជីវកម្ម តាមប្រព័ន្ធអនឡាញ ប្រព្រឹត្តិឡើងប្រកបដោយទំនុកចិត្ត ដោយបង្កើនផលប្រយោជន៍ជាច្រើន ដល់ធុរជន ទាំងធុរជនរូបវន្ដបុគ្គល និងនីតិបុគ្គល ព្រមទាំងផ្ដល់ប្រយោជន៍ដល់អ្នកប្រើប្រាស់ មានន័យថា កាលណាអតិថិជន ឬអ្នកប្រើប្រាស់ ទទួលសេវាផ្ដល់ព័ត៌មាន និងការទិញលក់តាមប្រព័ន្ធអេឡិចត្រូនិក ប្រកបកដោយការធានានូវទំនុកចិត្តនោះ ដែលធ្វើឡើងដោយក្រុមហ៊ុនបានចុះបញ្ជីត្រឹមត្រូវ នៅជាសញ្ញាបង្ហាញថា ភាពរីកចម្រើន និងការគោរពច្បាប់មួយ ព្រមទាំងជាទំនុកចិត្តមួយ ដែលធ្វើឲ្យអាជីវកម្ម អាចរីកលូតលាស់ល្អនៅថ្ងៃអនាគត មិនត្រឹមតែប៉ុណ្ណោះកេរ្ដិ៍ឈ្មោះអ្នកលក់ សហគ្រាស ព្រមទាំងទំនិញនឹងស្ថិតនៅជាឈ្មោះ Brand Name មួយ ដែលត្រូវបានទទួលស្គាល់។ 

សូមរម្លឹកថា, កន្លងទៅក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹងស្ដីពី៖ ការពន្យារពេលការផាកពិន័យចំពោះការដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។

ក្នុងនោះក្រសួងពាណិជ្ជកម្ម មានកិតិ្តយសសូមជម្រាបជូន លោក-លោកស្រី សហគ្រាសឯកបុគ្គល នីតិបុគ្គល និងសាខាក្រុមហ៊ុនបរទេស ដែលធ្វើអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិក មេត្តាជ្រាបថា អនុលោមតាមសេចក្តីជូនដំណឹង លេខ ០៥២៨ ព.ណ.ចបព ចុះថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ ស្តីពីការពន្យារពេលការផាកពិន័យចំពោះការយឺតយ៉ាវសម្រាប់ការដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនឹងដល់កាលបរិច្ឆេទកំណត់នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ នេះ។ ដោយសង្កេតឃើញថា អាជីវករ សហគ្រាសឯកបុគ្គល និងក្រុមហ៊ុនជាច្រើនលើសលប់ បានមកក្រសួងពាណិជ្ជកម្ម ដើម្បីដាក់ពាក់ស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ក្រសួងពាណិជ្ជកម្ម សម្រេចពន្យារកាលបរិច្ឆេទការផាកពិន័យ រហូតដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ១៧:00 នាទី។ រូបវន្តបុគ្គល សហគ្រាសឯកបុគ្គល ឬក្រុមហ៊ុនអាចមកទទួលលេខរៀង ដើម្បីដាក់ពាក្យស្នើសុំនៅនាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្ម នៃអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម ឬនៅមន្ទីរពាណិជ្ជកម្មខេត្តដែលរូបវន្តបុគ្គល សហគ្រាសឯកបុគ្គល ឬក្រុមហ៊ុនតាំងនៅ រៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

ក្រសួងពាណិជ្ជកម្មសូមបញ្ជាក់ផងដែរថា ចំពោះអាជីវកម្មដែលធ្វើប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដោយមិនមានការអនុញ្ញាតពីក្រសួងពាណិជ្ជកម្ម អាជីវកម្មនោះនឹងត្រូវទទួលការផាកពិន័យជាប្រាក់ និងអាចមានការផ្តន្ទាទោសដូចមានចែងក្នុងច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។ 

 

សេចក្តីដូចបានជម្រាបជូនខាងលើ សូមលោក-លោកស្រី ម្ចាស់សហគ្រាសឯកបុគ្គល នីតិបុគ្គល និងសាខាក្រុមហ៊ុន បរទេសទាំងអស់ ជ្រាបជាព័ត៌មាន និងបន្តដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណ តាមនីតិវិធីជាប្រក្រតី ៕

ដោយ : សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print