បុរសពីរនាក់រងរបួសធ្ងន់ដោយសារសត្វខ្លាឃ្មុំទះ និងចាប់ហែកសាច់ នៅតាមដងផ្លូវទៅចាប់ត្រីនៅស្រុកវាលវែង

ចែករំលែក៖

ខេត្តពោធិ៍សាត់÷បុរសពីរនាក់ រងរបួសយ៉ាងធ្ងន់ បន្ទាប់ពីត្រូវសត្វខ្លាឃ្មុំមួយក្បាល ទះ និងចាប់ហែក យ៉ាងឃោរឃៅ។ ហេតុការណ៍នេះកើតឡើងនៅចំណុចឆាយបីជាន់ ឧបសម្ព័ន្ធស្ទឹងតាចាន់ ក្នុងភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង ១២និង៤០នាទី ថ្ងៃចន្ទ ៦កើត ខែអាសាឍ ឆ្នាំ ខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០៤ ខែ កក្កដា ឆ្នាំ២០២២ ។

លោកវរសេនីយ៍ឯក ធាង ឡេង អធិការ នៃអធិការដ្ឋាននគរបាលស្រុកវាលវែងប្រាប់ឲ្យដឹងថា តាមការរៀបរាប់របស់ជនរងគ្រោះទាំងពីរ មុនពេលកើតហេតុ ពួកគាត់បានដើរទៅដងត្រី ដើម្បីយកមកចិញ្ចឹមជីវិត តែទើបដើរបានពាក់កណ្តាលផ្លូវ ស្រាប់តែជួបជាមួយសត្វខ្លាឃ្មុំមួយក្បាល ហើយក៏ត្រូវសត្វខ្លាឃ្មុំនោះ ដេញទះ និងចាប់ហែកសាច់ បណ្តាលរងរបួសយ៉ាងធ្ងន់។

លោកអធិការបានបន្តថា ជនរងគ្រោះទី១មានឈ្មោះ ងុយ ងឿន ភេទ ប្រុស អាយុ ៣៣ឆ្នាំ ជាប្រជាការពារភូមិ រងរបួសធ្ងន់ ទី២មានឈ្មោះ ភី ភក្តី ភេទប្រុស អាយុ ២៩ឆ្នាំ រងរបួសធ្ងន់ អ្នកទាំងពីររស់នៅចំណុច ឧបសម្ព័ន្ធស្ទឹងតាចាន់ ស្ថិតក្នុងភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

បច្ចុប្បន្នជនរងគ្រោះទាំងពីរនាក់ត្រូវបានបញ្ជូន ទៅសង្គ្រោះនិងព្យាបាលនៅមន្ទីរពេទ្យឯកជនឃុំអូរសោម។

លោកវរសេនីយ៍ឯកអធិការ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅ ឬនេសាទ និងលេងកំសាន្ត នៅតំបន់នេះ ក៏ដូចជាតំបន់ផ្សេងៗទៀត ដែលឧស្សាហ៍មានសត្វព្រៃកាចសាហាវឆ្លងកាត់ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងមិនគួរទៅតំបន់ទាំងនោះ ដែលនាំឲ្យងាយរងទទួលគ្រោះថ្នាក់ដោយសារសត្វព្រៃវាយប្រហារ ជាពិសេសមិនត្រូវមានការលួចបរបាញ់សត្វព្រៃទាំងនោះឡើយ ៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print