លោក ស៊ូ ម៉ុល អញ្ជើញប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាឃុំកំពង់ត្រាច អណត្តិទី៥ឆ្នាំ២០២២នៅស្រុករមាសហែក

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក ស៊ូម៉ុល អភិបាលនៃគណៈអភិបាលស្រុករមាសហែកបានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាឃុំកំពង់ត្រាចអាណត្តិទី៥ នៃស្រុករមាសហែក នាព្រឹកថ្ងៃទី៥ខែកក្កដាឆ្នាំ២០២២នៅសាលប្រជុំសាលាឃុំកំពង់ត្រាចស្រុករមាសហែក។

ក្នុងឪកាសនោះក៏មានការ
ចូលរួមពីលោក ញាណ សុនភីរៈ ប្រធានការិយាល័យគ្រប់គ្រងធនធានមនុស្ស
លោក ប្រុញ រិទ្ធី ប្រធានការិល័យអប់រំ យុវជន និងកីឡា
លោក ម៉ម សម្បត្តិ អនុប្រធានការិយាល័យអប់រំ យុវជន និងកីឡា
លោកស្រី ម៉ែន សាខន អនុប្រធានការិយាល័យអប់រំ យុវជន និងកីឡា
លោក លោកស្រីសមាជិកក្រុមប្រឹក្សាឃុំកំពង់ត្រាច
លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកំពង់ត្រាច និងសហការីលោកនាយកសាលា លោកគ្រូ អ្នកគ្រូពេទ្យ លោក លោកស្រី មេភូមិ អនុភូមិ ប្រជាការពារភូមិ សមាជិកភូមិទាំងអស់ចំណុះឃុំលោក លោកស្រីអាជីវករ ចាស់ព្រឹទ្ធាចារ្យ និងប្រជាពលរដ្ឋក្នុងឃុំកំពង់ត្រាចសរុប ៦១នាក់។

លោក អភិបាលស្រុក ក៏សូមថ្លែងនូវការកោតសរសើរ និងចូលរួមអបអរសាទរយ៉ាងក្លៀវក្លាចំពោះលោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាឃុំ អាណត្ដិទី៥ និង លោកមេឃុំ ដែលបានទទួលនូវការស្រឡាញ់ពេញចិត្ដ និងកា​រ​គំាទ្រ​ពី​សំណា​ក់ប្រ​ជា​​ព​​លរដ្ឋ តាមរយៈការបោះឆ្នោតកាលពីថ្ងៃអាទិត្យ​ទី០៥ ខែមិថុនា ឆ្នាំ២០២២កន្ល​ង​​​​មកនេះដើម្បី​បន្តដឹកនាំ​ ឃុំ ឱ្យបន្តអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យជាបន្ថែមទៀត។

លោកបានបន្ថែមថាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានៅថ្នាក់ឃុំ សង្កាត់ គឺជាការជំរុញកិច្ចដំណើរការអនុវត្ត​កំណែទម្រង់​វិមជ្ឈការ និងវិសហមជ្ឈការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលកំណែទម្រង់នេះ​បានដើរ​តួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់អភិបាលកិច្ចនៅថ្នាក់ឃុំ សង្កាត់ តាមគោលការណ៍​អភិវឌ្ឍ​តាមបែបប្រជា​ធិបតេយ្យនៅថ្នាក់មូលដ្ឋាន។

លោកបន្តថា អភិ​បាលកិច្ចល្អតម្រូវឱ្យក្រុមប្រឹក្សាឃុំ សង្កាត់ធ្វើ​ជា​តំណាងឱ្យផលប្រយោជ​ន៍​របស់ប្រជាពលរដ្ឋទាំងអស់នៅមូលដ្ឋាន ដូចនេះក្រុមប្រឹក្សាឃុំ សង្កាត់​នីមួយៗ ត្រូវមានតួនាទី និងភារកិ​ច្ច​ក្នុងការ​ឆ្លើ​យ​​​​​​​តបនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​​របស់ខ្លួនតាមរយៈការអភិវឌ្ឍ ការលើកកម្ពស់គុណភាពនៃជីវភាពរស់នៅ​តាមរយៈ​ការផ្តល់​សេវាសង្គម ការកសា​ង និង​ពង្រឹ​ងព​ង្រី​ក​ហេដ្ឋារចនាសម្ព័ន្ធសាធាណៈដែលសំខាន់ចាំបាច់​ឱ្យបាន​កាន់តែ​ប្រសើរឡើង និងប្រក​​​ប​​ដោយសមធម៌ បរិយាប័ន្ន និងមានចីរភាពដើម្បី​​ឈាន​ឆ្ពោះ​ទៅ​​​​​​​រួ​ម​ចំណែក​​ក្នុងការ​កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

ក្នុងន័យនេះ ក្រុមប្រឹក្សាឃុំ​ សង្កាត់ដែលបានជាប់ឆ្នោតនៅក្នុងអាណត្តិទី៥នេះ ត្រូវបន្ដនិរន្ដរភាព​នៃការដឹកនាំគ្រប់គ្រង និងអភិវឌ្ឍន៍នៅមូលដ្ឋានក្នុងអាណត្ដិ៥ឆ្នាំបន្ដទៀត។

នេះបានន័យថា ទោះ​​​​​​បីជា​ក្រុមប្រឹក្សាឃុំសង្កាត់ ដែលប្រកាសទទួលស្គាល់នាឱកាសនេះ ជាក្រុមប្រឹក្សាឃុំសង្កាត់​អាណត្ដិ​ថ្មី​​ក៏ពិ​ត​មែ​ន ប៉ុន្ដែមិនមែនបានសេចក្ដីថាការងារគ្រប់គ្រង និងការងារអភិវឌ្ឍន៍មូលដ្ឋានដែលក្រុមប្រឹ​ក្សា​សង្កាត់​អាណត្ដិ​ចា​ស់​​បានអនុវត្ដកន្លងមកត្រូវបានបញ្ចប់នោះទេ ពោលគឺក្រុមប្រឹក្សាសង្កាត់ អាណត្ដិថ្មី ត្រូវបន្ដ​អនុវ​ត្ដ​​ការ​ងា​​រ​​​គ្រប់គ្រង និងការអភិវឌ្ឍមូលដ្ឋានពីក្រុមប្រឹក្សាសង្កាត់ អាណត្ដិចាស់ សំដៅធានា​ឱ្យ​មាន​​និរន្ដរភាព​ក្នុងកិច្ច​ការ​រដ្ឋបាល និងការផ្ដល់សេវា ព្រមទំាងការអភិវឌ្ឍនៅមូលដ្ឋាន​ជាបន្តទៀត៕

...

ដោយ៖ សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print