អាមេរិកបានអំពាវនាវដល់ប្រទេស G20 ដាក់គំនាបទៅលើប្រទេសរុស្ស៊ីដើម្បីឱ្យបើកផ្លូវនាំចេញស្បៀងអាហារអ៊ុយក្រែនទៅកាន់ទីផ្សារពិភពលោក ។ ទន្ទឹមនឹងនោះអាមេរិកក៏បានព្រមានចិនមិនត្រូវគាំទ្រដល់ទីក្រុងមូស្គូនោះឡើយ ។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នឹងធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌូនេស៊ីនាថ្ងៃទី ៦-៧ខែកក្កដា ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G20 ដែលនឹងរៀបចំឡើងនៅលើកោះបាលី នាថ្ងៃទី៧-៨ខែកក្កដានេះ។
នៅក្នុងប្រទេសឥណ្ឌូនេស៊ី រដ្ឋមន្ត្រីការបរទេសអាមេរិក Antony Blinken នឹងជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសចិន លោកវ៉ាង យី ។ រដ្ឋមន្ត្រីការបរទេស អាមេរិកមិនមានគម្រោងជួបជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov នោះឡើយ។
អ្នកឯកទេសវិភាគបានលើកឡើងថា កិច្ចប្រជុំG20 នឹងមានវិវាទជាច្រើន ក្នុងពេលទីក្រុងវ៉ាស៊ីនតោននិងសម្ព័ន្ធមិត្តអាចនឹងទម្លាក់កំហុសទាំងឡាយទៅលើប្រទេសរុស្ស៊ី ពីកង្វះស្បៀងអាហារនៅលើពិភពលោក ក្រោយការបញ្ជូនទាហានទៅវាយប្រហារអ៊ុយក្រែននៅថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២២។
ផ្ទុយទៅវិញ ភាគីរុស្ស៊ីនឹងទម្លាក់កំហុសទៅលើអាមេរិក និងសម្ព័ន្ធមិត្តដែលបានដាក់ទណ្ឌកម្ម
រុស្សុីជាមូលហេតុបង្កឱ្យមានវិបត្តិនៅលើពិភពលោក ៕ ដោយធីរីណា
រូបថត : Reuters