ក្រសួងសុខាភិបាលរកឃើញករណី​​សង្ស័យ​ជំងឺ​អុតស្វា​បន្តបន្ទាប់តែអវិជ្ជមានទាំងអស់

ចែករំលែក៖

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលបានប្រកាសថាប្រទេសកម្ពុជាយើងបានរកឃើញករណីសង្ស័យជំងឺអុតស្វាជាបន្តបន្ទាប់ ប៉ុន្តែមិនបណ្ដាលឱ្យមានគ្រោះថ្នាក់នោះទេ។ ករណីមិនបណ្ដាលឲ្យគ្រោះ ថ្នាក់នេះក៏ព្រោះតែការវិភាគនៅវិទ្យាស្ថានប៉ាស្ទ័របានបង្ហាញលទ្ធផលអវិជ្ជមានទាំងអស់។ ករណីដែលសង្ស័យទាំងអស់គឺនៅក្នុងស្រុកប៉ុណ្ណោះមិនមែនឆ្លងចូលពីបរទេសនោះឡើយ។

ប្រធាននាយកដ្ឋានប្រយុទ្ធ និងជំងឺឆ្លង និងជាអ្នក នាំពាក្យក្រសួងសុខាភិបាលលោក លី សុវណ្ណ ឱ្យដឹងនៅរសៀលថ្ងៃទី០៦កក្កដានេះថា កម្ពុជាបានរកឃើញករណីសង្ស័យជំងឺអ៊ុតស្វាជាបន្តបន្ទាប់ ប៉ុន្តែក្រោយពីយកវត្ថុវិភាគទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា លទ្ធ ផលបង្ហាញថាអវិជ្ជមានទាំងអស់។

លោកអ្នកនាំពាក្យបានបន្តថា រហូតមកដល់ពេលនេះ កម្ពុជានៅមិនទាន់មានអ្នកដំណើរមកពីក្រៅប្រទេសណាម្នាក់ត្រូវបានរកឃើញថាមានឆ្លងជំងឺអ៊ុតស្វានៅ ឡើយទេ ពោលគឺមានតែករណីសង្ស័យនៅក្នុងស្រុកប៉ុណ្ណោះ ដោយពួកគាត់មានរោគសញ្ញាកន្ទួលនៅលើស្បែកហើយត្រូវបានក្រុមការងារឆ្លើយតបបន្ទាន់យកវត្ថសំណាកទៅវិភាគនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ហើយជាលទ្ធផលអវិជ្ជមានទាំងអស់មិនមែនជាជំងឺអ៊ុតស្វាទេ វាគ្រាន់តែជាជំងឺផ្សេងដែលចេញរោគសញ្ញាកន្ទួលនៅលើស្បែកដែរ។

លោកវេជ្ជបណ្ឌិតលី សុវណ្ណ ឱ្យដឹងទៀតថា« ប្រព័ន្ធតាមដាននៅតែបន្តរុករកជំងឺអ៊ុតស្វាហើយយើងបានរកឃើញ ករណីសង្ស័យជាបន្តបន្ទាប់តែលទ្ធផលតេស្តអវិជ្ជមានទាំងអស់ដោយករណី ដែលសង្ស័យទាំងនោះមានមួយចំនួនជាជំងឺពងបែកដៃជើងលើកុមារនិងមួយចំនួនទៀតជាជំងឺសើរស្បែកផ្សេងៗទៀត»។

​ក្រសួងសុខាភិបាលបានណែនាំដល់ក្រុមការងារឆ្លើយ តបបន្ទាន់ប្រមាណ៥ពាន់នាក់ ដែលបានកំពុងដាក់ពង្រាយនៅនៅទូទាំងប្រទេស បន្តខិតខំស្វែងរកនិងស្រាវជ្រាវរកករណីសង្ស័យជំងឺឆ្លងអុតស្វានិងជំងឺឆ្លងផ្សេងៗទៀតឱ្យបានលឿន ដើម្បីអាចមានវិធានការទប់ស្កាត់ការឆ្លងរាលដាលបានទាន់ពេលវេលា ។

​អ្នកនាំពាក្យក្រសួងសុខាភិបាលបានលើកទឹកចិត្ត​ដល់បងប្អូនប្រជាពលរដ្ឋដែលឃើញករណីសង្ស័យ​មានជំងឺអុតស្វា ដែលមានរោគសញ្ញាដូចជាក្តៅខ្លួនឈឺក្បាលខ្លាំង ហើមកូនកណ្ដុរឈឺសាច់ដុំនិងចេញ​កន្ទួលដែល​មាន​ពងបែកកន្តួលមានទំនោរប្រមូលផ្ដុំនៅលើមុខ​បាតដៃនិងបាតជើង​មាត់ត្រូវប្រញាប់​រាយ​ការណ៍ទៅអាជ្ញាធរសុខាភិបាលឬតេទៅលេខ ១១៥ ​ជាបន្ទាន់ដើម្បីយកវត្ថុវិភាគ​ទៅធ្វើរោគ​វិនិច្ឆ័យ​រកជំងឺអុតស្វាឱ្យបានទាន់ពេលវេលា។

លោកលីសុវណ្ណ វេជ្ជបណ្ឌិតបានលើកឡើងទៀតថាជំងឺអុតស្វានេះ ត្រូវបានគេរកឃើញនៅប្រទេសអាហ្វ្រិកខាងលិចនិងអាហ្វ្រិកកណ្តាលដែលបច្ចុប្បន្ននេះបានឆ្លងនៅក្នុងសហគមន៍នៃបណ្តាប្រទេសអឺរ៉ុបមួយចំនួន កាណាដា អូស្ត្រាលី អាមេរិកនិងប្រទេសនៅអាស៊ានមួយចំនួន៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print