ភ្នំពេញ៖ លោក សំ ប៊ុនពៅ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ បានបង្គាប់ទៅប្រធានមន្ទីរឃុំឃាំង(ម១)ព្រៃសឱ្យនាំខ្លួនជនជាប់ចោទឈ្មោះ ឡេង ប៊ុនស្រ៉ី ភេទប្រុស អាយុ៥៧ឆ្នាំ អតីតផ្កាយ៣យោធាមកសាកសួរបន្ថែមលើសំណុំរឿងរំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោសទាក់ទងនឹងជនល្មើស។
សូមជម្រាបថា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបានសម្រេចឃុំខ្លួនអតីតផ្កាយ៣យោធាឈ្មោះ ឡេង ប៊ុនស្រ៉ី ដាក់ពន្ធនាគារព្រៃសជាបណ្តោះអាសន្នដើម្បីរង់ចាំកាត់ទោសតាមផ្លូវច្បាប់ ពាក់ព័ន្ធបទល្មើសចំនួន ៥ករណី ដែលសុទ្ធសឹងជាបទល្មើសព្រហ្មទណ្ឌ (បទឧក្រិដ្ឋ) រួម មាន ៖
១-ប្រើអំពើហិង្សាលើគ្រួសារ (វាយប្រពន្ធ)
២-រំលោភសេពសន្ថវៈកូនចុង
៣-បង្ខាំងមនុស្សខុសច្បាប់
៤-គំរាមកំហែងថានឹងសម្លាប់
៥-កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត។
ការណ៍ដែលចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនជនជាប់ចោទរូបនេះ គឺបន្ទាប់ពីតំណាងអយ្យការបានធ្វើការចោទប្រកាន់ជាផ្លូវការលើបទល្មើសទាំង៥នោះ ។
សូមរម្លឹកថា កាលពីរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១កន្លងទៅ កម្លាំងសមត្តកិច្ចការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាប់បញ្ជូនជនជាប់ចោទឈ្មោះ ឡេង ប៊ុនស្រ៉ី ទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងបទល្មើសជាច្រើនករណីរួមមាន ហិង្សាក្នុងគ្រួសារ បង្ខាំងមនុស្សដោយចេតនាទុច្ចរិតក្នុងគោលដៅគំរាមទារប្រាក់ពីប្រពន្ធ កាន់កាប់អាវុធដោយគ្មានច្បាប់អនុញ្ញាត រំលោភសេពសន្ថវៈលើកូនស្រីចុង និងបទគំរាមកំហែងថានឹងសម្លាប់ យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ។
ដោយជាប់ពាក់ព័ន្ធបទល្មើសទាំងអស់នោះហើយបានជាចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាប់ចោទដាក់ពន្ធនាគារជាបណ្តោះអាសន្នចាប់ពីពេលនោះមក ទើបសំណុំរឿងនេះត្រូវបានលោកចៅក្រមស៊ើបសួរនៅបន្តបើកការស៊ើបអង្កេតឱ្យបានគ្រប់ជ្រុងជ្រោយមុននឹងបើកសវនាការជំនុំជម្រះទោសលើអង្គសេចក្តី ។ ក្រោយពេលលោកចៅក្រមសួរចប់ ជនជាប់ចោទត្រូវបានអនុរក្សពន្ធនាគារ នាំយកទៅឃុំខ្លួនបណ្តោះអាសន្នវិញ ៕ ដោយ៖ រ៉ារ៉ា