ខេត្តព្រះវិហារ : រាជរដ្ឋាភិបាលកម្ពុជា នៅបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ការពារបូរណភាពទឹកដី ដោយមិនឱ្យបាត់បង់សូម្បី ១ មីលីម៉ែត្រ ហើយក៏មិនរំលោភបំពានប្រទេសជិតខាងសូម្បី ១ មីលីម៉ែត្រដូចគ្នា និងប្តេជ្ញាធានាការបន្តអភិវឌ្ឍនៅតំបន់ព្រំដែន និងកែប្រែតំបន់អតីតសមរភូមិឱ្យប្រែក្លាយជាតំបន់ពោរពេញដោយសុខសន្តិភាព ស្ថិរភាព និងកំណើនសេដ្ឋកិច្ច។ នេះជាការលើកឡើងរបស់ លោក បណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញ តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងពិធីកាត់ឫសសីមាព្រះវិហារថ្មី និងសម្ពោធឆ្លងសមិទ្ធផលនានាក្នុងវត្តប្រវត្តិសាស្ត្រ “វត្តមរតកតេជោបុរីស្វរៈ” ស្ថិតនៅភូមិធម្មជាតិសម្តេចតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងពិធីអបអរសាទរខួបលើកទី១៤ នៃការចុះបញ្ជីប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២នេះ។
លោក បណ្ឌិតបានថ្លែងបន្តថា សម្តេចតេជោ នឹងនៅបន្តដឹកនាំធានាការពារដាច់ខាតនូវបូរណភាពរបស់ប្រាសាទព្រះវិហារ និងតំបន់ជុំវិញ ដែលជាកេរដំណែលវប្បធម៌ប្រវត្តិសាស្ត្រ ព្រមជាមួយនឹងការបន្តខិតខំថែរក្សាអភិរក្សស្របតាមបទដ្ឋានបច្ចេកទេសរបស់អង្គការ UNESCO។ ក្នុងទស្សនវិស័យប្រកបដោយយុទ្ធសាស្ត្រនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានបើកឱកាសឱ្យប្រជាពលរដ្ឋរស់នៅតាមតំបន់ព្រំដែន បង្កើតជាភូមិឋានដោយបានរៀបចំជាតំបន់អភិវឌ្ឍន៍ ដែលមានការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ សាលារៀន វត្តអារាម ផ្សារលក់ដូរ និងប្រព័ន្ធទឹកភ្លើង ដើម្បីសម្រួលដល់ជីវភាពរបស់ប្រជាជន ហើយស្ថានភាពនៃការអភិវឌ្ឍន៍នៅតាមតំបន់ព្រំដែនបែបនេះ ក៏បានដើរតួនាទីមួយយ៉ាងសំខាន់ផងដែរក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងល្អរវាងប្រជាជន និងប្រជាជននៅជាប់តំបន់ព្រំដែនឱ្យបានស្និទ្ធស្នាល តាមរយៈសកម្មភាពផ្លាស់ប្តូរសេដ្ឋកិច្ច វប្បធម៌ និងទេសចរណ៍ជាដើម។ ពិតណាស់ ការកសាងពីចំណុចសូន្យដោយបាតដៃទទេ វាគឺជាការលំបាកណាស់ទៅហើយ ប៉ុន្តែការថែរក្សាដើម្បីធានាបាននូវចីរភាពនៃ សមិទ្ធផលទាំងអស់នោះ គឺកាន់តែលំបាកខ្លាំងបំផុត ដូច្នេះសូមប្រជាជនកម្ពុជាទាំងនៅក្នុងមូលដ្ឋាននេះ ក៏ដូចជានៅទូទាំងប្រទេស សូមបន្តរួបរួមគ្នាជាកម្លាំងមហាសាមគ្គីជាតិខ្មែរ ដើម្បីបន្តថែរក្សាការពារជាតិខ្មែរយើងឱ្យបានរីកចម្រើន និងស្ថិតនៅជាអមតៈសម្រាប់អ្នកជំនាន់ក្រោយតទៅមុខទៀត៕
ដោយ : សហការី