ប្រទេសម៉ាឡេស៊ី : ក្នុងឱកាសបំពេញបេសកកម្មការងារនៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ថ្ងៃទី៥-៦ ខែកក្កដា ឆ្នាំ២០២២ ដើម្បីចូលរួមជាវាគ្មិនកិត្តិយសក្នុង “កម្មវិធីកិច្ចសន្ទនាកម្រិតខ្ពស់ស្តីពីទំនាក់ទំនងសេដ្ឋកិច្ចអាស៊ាន និងអ៊ីតាលី ” លើកទី៦ លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នារសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជើញចូលរួមក្នុងពិធីពិសាអាហារថ្ងៃត្រង់ការងារ ដែលរៀបចំដោយ សមាគមផ្គត់ផ្គង់ការលក់រាយម៉ាឡេស៊ី (Malaysia Retail Chain Association-MRCA) និងសាជីវកម្មសហគ្រាសធុនតូច និងមធ្យមម៉ាឡេស៊ី (SME Corporation Malaysia) ដោយមានវត្តមានចូលរួមរបស់ លោក ចឺយ វិចិត្ត ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី លោក Sharan Valiram ប្រធានសមាគម MRCA លោក Dato Sri Ricky Yaw អនុប្រធានសាជីវកម្ម SME Malaysia និងលោក លោកស្រីជាប្រធាន និងអ្នកគ្រប់គ្រងក្រុមហ៊ុនម៉ាឡេស៊ីចំនួន ១៥។
នៅក្នុងមតិចំណាប់អារម្មណ៍របស់ខ្លួន លោក លោកស្រី ដែលជាប្រធានសមាគម អនុប្រធានសាជីវកម្ម និងធុរជនទាំងអស់បានវាយតម្លៃខ្ពស់ និងសម្តែងនូវការកោតសរសើរចំពោះការអភិវឌ្ឍរបស់ប្រទេសកម្ពុជានាប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសលើការគ្រប់គ្រងបានយ៉ាងល្អប្រសើរនៃការរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ ដែលបានធ្វើឱ្យអត្រាអ្នកឆ្លងនៅកម្ពុជាមានចំនួនតិចតួចបំផុតនាពេលបច្ចុប្បន្ន។ ដោយមើលឃើញពីកត្តាវិជ្ជមានជាច្រើនរបស់កម្ពុជា តំណាងក្រុមហ៊ុនម៉ាឡេស៊ីទាំងអស់ប្តេជ្ញាពង្រីកអាជីវកម្មរបស់ខ្លួននៅកម្ពុជាឱ្យខាងតែបាននាថ្ងៃអនាគតដ៏ខ្លី។ ជាក់ស្តែង ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២ ខាងមុខ ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី សហការជាមួយសមាគម MRCA នឹងរៀបចំបេសកកម្មពាណិជ្ជកម្មចំនួន ៤ថ្ងៃ នៅរាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ ដើម្បីផ្តល់ឱកាសសន្ទនារវាងក្រុមហ៊ុននៅកម្ពុជានិងក្រុមហ៊ុនរបស់ម៉ាឡេស៊ីដែលរំពឹងថានឹងអាចឈានទៅរកការសហការគ្នាបន្ថែមទៀត។
លោក សុខ ចិន្តាសោភា បានសម្តែងនូវអំណរគុណចំពោះតំណាងក្រុមហ៊ុនទាំងអស់ដែលមានចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា។ លោកបានលើកឡើងថា ការអភិវឌ្ឍ និងកត្តាជោគជ័យទាំងឡាយរបស់កម្ពុជា កើតចេញពីកិច្ចខិតខំប្រឹងប្រែងដោយពុំគិតពីការនឿយហត់របស់រាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្តេចតេជោនាយករដ្ឋមន្រ្តី ជាប្រមុខដឹកនាំ ដែលបានទទួលជ័យជម្នះក្នុងសមរភូមិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងបានផ្តល់លទ្ធភាពឱ្យកម្ពុជាអាចបើកដំណើរការសង្គម សេដ្ឋកិច្ចលើគ្រប់វិស័យឡើងវិញចាប់តាំងពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ មក។ លោកបានថ្លែងបន្ថែមថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងនាមជាស្ថាប័នជំរុញវិនិយោគ ត្រៀមចខ្លួនរួចជាស្រេចក្នុងការផ្តល់សេវាថែទាំ និងសម្រួលដល់វិនិយោគិនម៉ាឡេស៊ី និងវិនិយោគិនគ្រប់ជាតិសាសន៍ ហើយច្បាប់ស្តីពីវិនិយោគថ្មីដែលបានចូលជាធរមានកាលពីចុងឆ្នាំ២០២១ ទៀតសោត ក៏ជាក្របខណ្ឌគតិយុត្តិមួយដ៏រឹងមាំដែលបានផ្តល់ការលើកទឹកចិត្តជាច្រើនដល់ការវិនិយោគក្នុងប្រទេសកម្ពុជា៕
ដោយ: សិលា