លោក សុខ ចិន្តាសោភា បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសក្នុង “កម្មវិធីកិច្ចសន្ទនាកម្រិតខ្ពស់ស្តីពីទំនាក់ទំនងសេដ្ឋកិច្ចអាស៊ាន និងអ៊ីតាលី ” លើកទី៦

ចែករំលែក៖

ភ្នំពេញ : តបតាមការអញ្ជើញរបស់ក្រុមហ៊ុនផ្តល់សេវាប្រឹក្សា The European House-Ambrosetti នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសក្នុង “កម្មវិធីកិច្ចសន្ទនាកម្រិតខ្ពស់ស្តីពីទំនាក់ទំនងសេដ្ឋកិច្ចអាស៊ាន និងអ៊ីតាលី ” លើកទី៦ ដែលបានប្រព្រឹត្តទៅនៅសណ្ឋាគារ Mandarin Oriental ទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ វេទិកាកិច្ចសន្ទនានេះមានការអញ្ជើញចូលរួមពីលោក YB Dato’ Sri Mustapa Mohamed រដ្ឋមន្រ្តីខុទ្ទកាល័យនាយករដ្ឋមន្រ្តីម៉ាឡេស៊ីទទួលបន្ទុកសេដ្ឋកិច្ច, លោក ចឺយ វិចិត្ត ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី, លោក Lorenzo Tavzzi ដៃគូ និងជាអ្នកទទួលបន្ទុកកិច្ចអភិវឌ្ឍអន្តរជាតិរបស់ក្រុមហ៊ុន The European House-Ambrosetti, លោក Michelangelo Pipan អនុប្រធានសមាគមអាស៊ាន-អ៊ីតាលី,លោក លោកស្រី តំណាងក្រុមហ៊ុនអ៊ីតាលី និងក្រុមហ៊ុននៅក្នុងតំបន់អាស៊ាន ដែលមានអ្នកចូលរួមផ្ទាល់ និងតាមប្រព័ន្ធវីដេអូ សរុបប្រមាណ ៣០០នាក់។

នាឱកាសនោះ លោក សុខ ចិន្តាសោភា បានអញ្ជើញថ្លែងសុន្ទរកថាក្នុងចំណោមឥស្សរជនជាន់ខ្ពស់ដទៃទៀតដែលរួមមាន លោក Liugi Di Maio រដ្ឋមន្រ្តីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិអ៊ីតាលី, លោក YB Dato’ Sri Mustapa Mohamed និង លោក Satvinder Singh អគ្គលេខាធិការរងអាស៊ាន។ ឥស្សរជនដែលបានថ្លែងសុន្ទរកថាយល់ឃើញរួមពីការចាប់យកកាលានុវត្តភាពនៃការពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសអ៊ីតាលី និងអាស៊ាន ជាពិសេសក្នុងកាលៈទេសៈបច្ចុប្បន្នដែលប្រទេសក្នុងពិភពលោកកំពុងស្តារ និងជំរុញកំណើនសេដ្ឋកិច្ចរៀងៗខ្លួនឡើងវិញ បន្ទាប់ពីការរាតត្បាតនៃជំងឺកូវីដ-១៩ មានភាពធូរស្រាល។ លោក YB Dato’ Sri Mustapa Mohamed រដ្ឋមន្រ្តីខុទ្ទកាល័យនាយករដ្ឋមន្រ្តីម៉ាឡេស៊ីទទួលបន្ទុកសេដ្ឋកិច្ច បានលើកឡើងនូវការអបអរសារទរចំពោះការទទួលបានជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក៏ដូចជាការទទួលបានកំណើនសេដ្ឋកិច្ចក្នុងអត្រា ៣% របស់កម្ពុជានាឆ្នាំ២០២១ នៅពេលដែលប្រទេសជាច្រើនក្នុងតំបន់ និងក្នុងពិភពលោកមានកំណើនសេដ្ឋកិច្ចអវិជ្ជមាន។

ថ្លែងក្នុងសុន្ទរកថា លោក សុខ ចិន្តាសោភា បានលើកឡើងថា បន្ទាប់ពីមានការចាប់កំណើតនៃជំងឺកូវីដ-១៩ ដែលបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ខ្សែច្រវាក់ផ្គត់ផ្គង់សកល បានធ្វើឱ្យការធ្វើពាណិជ្ជកម្ម និងធុរកិច្ចនាពេលបច្ចុប្បន្នមានការផ្លាស់ប្តូរបើធៀបនឹងអំឡុងពេលមុន។ រាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្តេចតេជោនាយករដ្ឋមន្រ្តី ជាប្រមុខដឹកនាំបានខិតខំស្តារសេដ្ឋកិច្ចឡើងវិញ ដោយធ្វើការដាក់ចេញនូវគោលនយោបាយសំខាន់ៗមួយចំនួន ដូចជា ច្បាប់ស្តីពីវិនិយោគថ្មី និងក្របខណ្ឌយុទ្ធសាស្ត្រនិងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយជំងឺកូវីដ-១៩ ស្របតាមគន្លងប្រក្រតីភាពថ្មី។ លោកបានលើកទឹកចិត្តឱ្យតំណាងវិស័យឯកជនដែលមានវត្តមានក្នុងវេទិកានេះស្វែងយល់បន្ថែមពីសក្ដានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជាព្រមទាំងសម្រេចចិត្តបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ដើម្បីទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងជាច្រើនដែលកម្ពុជាបានចុះហត្ថលេខា ជាពិសេសកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលបានចូលជាធរមានចាប់ពីដើមឆ្នាំ ២០២២នេះ។

សូមជម្រាបថា “កម្មវិធីកិច្ចសន្ទនាកម្រិតខ្ពស់ស្តីពីទំនាក់ទំនងសេដ្ឋកិច្ចអាស៊ាន និងអ៊ីតាលី ” បានរៀបចំជាលើកដំបូងនៅឆ្នាំ២០១៧ នៅប្រទេសឥណ្ឌូនេស៊ី លើកទី២ នៅប្រទេសសិង្ហបុរី (ឆ្នាំ២០១៨) លើកទី៣ នៅទីក្រុងហាណូយ ប្រទេសវៀតណាម (ឆ្នាំ២០១៩) និងធ្វើឡើងតាមប្រព័ន្ធវីដេអូសម្រាប់ឆ្នាំ ២០២០ និង ២០២១ និងលើកទី៦នេះ នៅទីក្រុងគូឡាឡាំពួ ដែលបានប្រមូលផ្តុំប្រធាន, នាយកប្រតិបត្តិ និងអ្នកដឹកនាំស្ថាប័នផ្សេងៗទាំងនៅបណ្តាប្រទេសអាស៊ាន និងប្រទេសអ៊ីតាលី ប្រមាណជាង ២.៥០០នាក់ ៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print