ក្រុមជម្រើសជាតិនារីអង់គ្លេស បាន បង្កើត ទម្រង់ លេង ដ៏ គួរ ឲ្យ ភ្ញាក់ ផ្អើល និង បំបែក កំណត់ ត្រា ដើម្បី ធ្វើឲ្យ គូប្រជែង ន័រវេស ស្រឡាំងកាំង ខណៈ ពួកគេ បាន ឈាន ទៅ វគ្គ បន្ត នៃ ព្រឹត្តិការណ៍ European Women’s Championship ក្នុង នាម ជាក្រុមឈរលេខ១ក្នុងពូល។
ក្រុមអង់គ្លេសបានបំបែកកំណត់ត្រាការប្រកួតរបស់ពួកគេផ្ទាល់ដើម្បីឈ្នះ ៨–០ នៅក្នុងអ្វីដែលត្រូវបានគេយល់ថា ជាការសាកល្បងដ៏ធំបំផុតរបស់ពួកគេក្នុងវគ្គចែកពូល។ ប្រទេសន័រវេសដែលជាប់ចំណាត់ថ្នាក់ទី១១លើពិភពលោកបានស្រឡាំងកាំងទាំងស្រុងដោយក្រុមអង់គ្លេសដែលលេងដោយមានទំនុកចិត្ត។
បន្ទាប់ពីការទទួលជ័យជម្នះយ៉ាងលើសលប់លើអូទ្រីស អង់គ្លេសបានចាប់ផ្តើមក្នុងទម្រង់លេងល្អ ប៉ុន្តែបន្ទាប់ពីកីឡាការិនី Georgia Stanway បានស៊ុតបាល់ប៉េណាល់ទីនៅ១២នាទីដំបូងដែលជាគ្រាប់នាំមុខន័រវេស។ ក្នុងរយៈពេលកន្លះម៉ោង Lauren Hemp និងEllen White បានបន្តការនាំមុខឲ្យក្រុមជម្រើសជាតិអង់គ្លេសបន្ថែមទៀតធ្វើឲ្យមានភាពរំភើបកំពុងញ័រជុំវិញកីឡដ្ឋាន Amex ។
ក្រុមអង់គ្លេសបានដាក់សម្ពាធលើក្រុមន័រវេសបន្ថែមទៀត ហើយកីឡាការិនី Beth Mead ស៊ុត បាន៣ គ្រាប់ និង Alessia Russo រកបាន១គ្រាប់ ខណៈWhite រក បាន គ្រាប់ ទី ២ដើម្បី ឈាន ទៅ រក គ្រាប់ បាល់តែ១ គ្រាប់ទៀតស្មើកំណត់ ត្រា ស៊ុតបញ្ចូល ទី របស់ Wayne Rooney នៅ អង់គ្លេស។
ការទទួលជ័យជម្នះ ៦–០ របស់ក្រុមជម្រើសជាតិអង់គ្លេសលើស្កុតឡេនកាលពីឆ្នាំ២០១៧គឺជាកម្រិតឈ្នះដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រនៃការប្រកួត ប៉ុន្តែការប្រកួតជាមួយក្រុមន័រវេសបានតាមស្មើវិញត្រឹមពាក់កណ្តាលតង់ទី១ និងធ្វើបានកំណត់ត្រាថ្មីពេលចូលដល់តង់ទី២នៃការប្រកួតនេះ។
ជ័យជម្នះ ៨ទល់០ លើក្រុមន័រវេសនេះបានធ្វើឲ្យអង់គ្លេសឈរលេខ១ក្នុងពូល A មាន៦ពិន្ទុពេញពី២ប្រកួតកន្លងមក ខណៈដែលក្រុមអូទ្រីសឈរចំណាត់ថ្នាក់លេខ២ មាន៣ពិន្ទុស្មើជាមួយនឹងន័រវេសដែលមាន៣ពិន្ទុដែរ។ ការប្រកួតវគ្គជម្រុះតាមពូលពានរង្វាន់European Women’s Championship នឹងត្រូវធ្វើឡើង១ប្រកួតទៀត ដែលអង់គ្លេសមានសង្ឃឹមច្រើនក្នុងការឡើងទៅកាន់វគ្គបន្ត ដោយត្រូវប៉ះក្រុមអៀរឡង់ខាងជើងនៅថ្ងៃទី១៦ ខែកក្កដាខាងមុខ ៕ (រូបភាព ៖ BBC Sport)